ពីនេះ ពីនោះ
«ការអាន» ជា​មូលដ្ឋានគ្រឹះ​នៃ​ការរៀន​ភាសា​ឲ្យ​ពូកែ
02, Aug 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ

រៀនអក្សរ​សាស្ត្រ​ខ្មែរ អង់គ្លេស ចិន កូរ៉េ ឬ​រៀន​ភាសា​ណាក៏ដោយ គឺ​ទាមទារ​ឲ្យ​អ្នក​ឧស្សាហ៍«អាន»ឲ្យ​បាន​ច្រើន។ អាន​កាន់តែច្រើន ដឹង​កាន់តែច្រើន អាន​កាន់តែច្រើន ចេះ​កាន់តែច្រើន។ អាន​សៀវភៅ កាសែត ទស្សនា​វ​ដ្តី រឿង​ប្រលោមលោក ឬ​អាន​អ្វី​ក៏ដោយ គឺ​សុទ្ធតែ​បង្កើន​ចំណេះដឹង​ផ្នែក​អក្សរសាស្ត្រ ព្រោះ​អ្នក​បាន​ស្គាល់​ពាក្យចាស ពាក្យថ្មី និង​ដឹង​ឃ្លា​ឬ​ប្រយោគ​កាន់តែច្រើន។ លើ​ល​ពីនេះ​ទៅទៀត មនុស្ស​រៀន​ពូកែ មានចំណេះដឹង​ទូលំទូលាយ មាន​ប្រាជ្ញា​ឈ្លាសវៃ មាន​ការគិត​ស៊ីជម្រៅ គឺ​សុទ្ធតែជា​មនុស្ស​ដែល​ឧស្សាហ៍«អាន»។ តើ​ការអាន​អាចជួយ​អ្នក​ក្នុង​ការរៀន​ភាសា​បាន​ដោយ​របៀប​ណា?



ការអាន គឺ​ជួយ​ដល់«ការនិយាយ»ឲ្យ​បានល្អ ព្រោះ​នៅពេលដែល​អ្នកអាន គឺ​អ្នក​បានដឹង​នូវ​ពាក្យចាស ពាក្យថ្មី និង​ពាក្យ​ណា​ដែល​គេ​និយម​ប្រើ​ជាងគេ និង​ដឹង​ពី​ឃ្លា​ឬ​ប្រយោគ​បាន​កាន់តែច្បាស់។ ទាំងនេះ​សុទ្ធតែជា​ជំនួយ​ដល់​ការនិយាយ​របស់​អ្នក គឺអាច​ជួយ​ឲ្យ​អ្នក​និយាយ​ដោយមាន​ឃ្លា មាន​ប្រយោគ មាន​បែប​នៃ​ការនិយាយ និង​របៀប​នៃ​ការប្រើ​ពាក្យពេចន៍​បាន​ត្រឹមត្រូវ​ទៅតាម​កាលៈទេស។

ការអាន គឺ​ជួយ​ដល់«ការ​ស្តាប់»ដោយ​មិន​ច្រឡំ​អត្ថន័យ ព្រោះ​នៅពេលដែល​អ្នកអាន គឺ​អ្នក​បានដឹង​នូវ​ពាក្យចាស ពាក្យថ្មី និង​ពាក្យ​ដូចគ្នា ហើយ​អាច​ប្រើ​ក្នុងន័យ​ដូចគ្នា​បាន ពាក្យ​ដូចគ្នា តែ​ប្រើ​ក្នុងន័យ​ខុសគ្នា និង​ពាក្យ​ផ្សេងគ្នា តែ​អាច​ប្រើ​បាន​ក្នុងន័យ​តែមួយ។ ល។ វិធីសាស្ត្រ​នេះ ពិតជា​អាចជួយ​ដល់​ការ​ស្តាប់​របស់​អ្នក​ឲ្យ​បាន​កាន់តែច្បាស់ ដោយ​មិន​ច្រឡំ​ពី​អត្ថន័យ​ឬ​ខ្លឹមសារ នៃ​ឃ្លា​ឬ​ប្រយោគ​ន៍​ដែល​អ្នក​កំពុង​ស្តាប់​ឡើយ។

ការអាន គឺ​ជួយ​ដល់«ការសរសេរ»របស់​អ្នក​ឲ្យ​ត្រូវ​តាម​វេយ្យាករណ៍ ព្រោះ​នៅពេលដែល​អ្នកអាន គឺ​អ្នក​បានដឹង​ពី​វេយ្យាករណ៍​នៅក្នុង​អត្ថបទ​ដែល​អ្នក​កំពុង​អាន ដូចជា៖ ដឹង​ពី​របៀប​ប្រើ​ឃ្លា ប្រយោគ ល្បះ របៀប​ប្រើ​ធ្នាក់ ឈ្នាប់ របៀប​ប្រើ​កាល ប្រើ​ថ្នាក់​នៃ​ពាក្យ។ ល។ ទាំងនេះ​សុទ្ធតែជា​អ្វីដែល​បានដឹង​តាមរយៈ​ការអាន​នៅក្នុង​អត្ថបទ​របស់​អ្នក។ ដូច្នេះ​នៅពេល​អ្នកសរសេរ​សំណេរ​អត្ថបទ គឺ​អ្នក​អាច​យក​គន្លឹះ ឬ​របៀប​នៃ​ការប្រើ​វេយ្យាករណ៍​ទាំងនេះ ដើម្បី​មក​សរសេរ​អត្ថបទ​របស់ខ្លួន​បាន​យ៉ាង​ល្អ៕



© រក្សាសិទ្ធិដោយ thmeythmey.com