ជាតិ
សង្គមជាតិ
ភ្នំពេញ រងការរិះគន់ខ្លាំង បន្ទាប់ពីលិចទឹកភ្លៀង
×
ភ្នំពេញ៖ ភ្នំពេញ, រាជធានីចតុមុខរបស់ព្រះរាជាណាចក្រកម្ពុជា ទទួលរងការលិចលង់ដោយសារទឹកជំនន់ទឹកភ្លៀងកាលពីយប់ម្សិលមិញ។ ផ្លូវតូច ធំ និងគេហដ្ឋានស្ទើរគ្រប់ទីកន្លែងបានលិចទឹកភ្លៀងមួយរយៈធំកាលពីយប់ថ្ងៃទី១ខែសីហាម្សិលមិញ។ អ្នកទីក្រុងភ្នំពេញខកចិត្ត និងសម្តែងការខឹងសម្បារប្រឆាំងនឹងអាជ្ញាធរក្រុងភ្នំពេញដែលមិនបានដោះស្រាយបញ្ហាទឹកលិចទីក្រុង។ ទាក់ទងទៅនឹងបញ្ហាខាងលើនេះ សាលារាជធានីភ្នំពេញ បញ្ជាក់ថា ភ្លៀងកាលពីម្សិលមិញមានទំហំខ្លាំងពេក។
ទឹកភ្លៀងកាលពីយប់ថ្ងៃទី១ខែសីហាម្សិលមិញនៅទីក្រុងភ្នំពេញបានធ្វើឲ្យផ្លូវតូចធំ និងផ្ទះសម្បែងភាគច្រើននៅទីក្រុងភ្នំពេញលិចលង់។ គេហដ្ឋានខ្លះលិចល្មម គេហដ្ឋានខ្លះ លិចចូលខ្លាំងសម្រាន្តមិនបាន រីឯផ្ទះខ្លះទៀត ទឹកលិចហូរចូលពីមុខផ្ទះទៅដល់ក្រោយផ្ទះតែម្តង។
ក្នុងខណៈពេលដែលភ្លៀងកំពុងធ្លាក់កាលពីល្ងាចម្សិលមិញ ម៉ូតូជាច្រើនគ្រឿងត្រូវរលត់, រថយន្តតូចៗមួយចំនួនរលត់ខូតនៅកណ្តាលផ្លូវ, ចរាចរណ៍កកស្ទះណែនណាំតាន់តាប់។ នៅតាមមុខផ្ទះនីមួយៗ ប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះបានលើកបាវខ្សាច់ទប់ទឹកកុំឲ្យចូលផ្ទះ។ ម្ចាស់ផ្ទះខ្លះទៀត បាចទឹកចេញពីផ្ទះ និងអ្នកខ្លះទៀត រើឥវ៉ាន់ចេញពីឥដ្ឋយកទៅដាក់គរនៅលើគ្រែ ឬលើធ្នើរកុំឲ្យលិចទឹក។
ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញខ្លះមិនបានសម្រាន្តស្រួលបួលទេកាលពីយប់មិញ ពីព្រោះ សមាជិកគ្រួសារទាំងអស់រវល់តែរៀបចំឥវ៉ាន់នៅក្នុងផ្ទះ។ នៅលើទំព័រហ្វេសប៊ុក ប្រជាពលរដ្ឋបានសរសេររបៀបកំប្លែងរិះគន់សាលារាធានីភ្នំពេញថា៖«ជយោ! ទឹកភ្លៀងហូរចូលផ្ទះបានសម្រេចហើយ»។ អ្នកខ្លះទៀតបានសរសេរថា៖«ទីក្រុងគជ់ លិចទឹកភ្លៀង»។ ពលរដ្ឋខ្លះទៀត បានសរសេររិះគន់ថា៖«ទឹកលិចក្រុងភ្នំពេញ គឺជាលទ្ធផលនៃការអភិវឌ្ឍន៍»។ អ្នករិះគន់ចុងក្រោយនេះ ចង់និយាយបន្ទោសថា ទីក្រុងភ្នំពេញលិច គឺដោយសារការលប់បឹងនានានៅទីក្រុងភ្នំពេញ។ ក្នុងរយៈពេលចុងក្រោយនេះ បឹងមួយចំនួនធំនៅទីក្រុងភ្នំពេញត្រូវបានគេលប់ ហើយលក់ទៅឲ្យឈ្មួញអភិវឌ្ឍន៍លំនៅដ្ឋានផ្សេង។ មិនមែនតែរឿងទឹកលិចមួយទេដែលទទួលរងការរិះគន់ពីសំណាក់ពលរដ្ឋនៅទីក្រុងភ្នំពេញនោះ បញ្ហាសំរាមក៏ជារឿងក្តៅគគុកមួយដែរ។ ប្រជាពលរដ្ឋទីក្រុងភ្នំពេញនៅតែចោទជាសំណួរថា ជាង៣០ឆ្នាំក្រោយរបបប៉ុលពត ហេតុអ្វីបានជាអាជ្ញាធរក្រុងភ្នំពេញមិនអាចដោះស្រាយបញ្ហាសំរាម និងទឹកជំនន់នៅទីក្រុងភ្នំពេញបាន? តើពេលណាទៅទើបបញ្ហាពីរនេះត្រូវបានដោះស្រាយ។ អ្នកទេសចរបរទេសមួយចំនួនបាននិយាយថា ទីក្រុងភ្នំពេញ គឺជាទីក្រុងដែលមានសំរាមច្រើនជាងគេក្នុងចំណោមទីក្រុងមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍។
ទាក់ទងទៅនឹងការលិចទឹកភ្លៀងកាលពីម្សិលមិញនេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់នៅថ្ងៃអាទិត្យនេះថា ភ្លៀងកាលពីម្សិលមិញមានរយៈពេលជាង៤ម៉ោង និងជាភ្លៀងខ្លាំងដែលកម្រកើតមាន។ លោកបញ្ជាក់ថា៖«ភ្លៀវខ្លាំងណាស់។ ភ្លៀងហើតលាយព្យុះទៀត។ ភ្លៀងចាប់ផ្តើមពីម៉ោង៤៖៣០ រហូតដល់ម៉ោង៩យប់។ ក្នុងចំណោមជាង៤ម៉ោងនេះ ភ្លៀងខ្លាំងមានរយៈពេលប្រមាណជា២ម៉ោងទៅហើយ»។
អ្នកនាំពាក្យរូបនេះបន្តទៀតថា កំពស់ទឹកភ្លៀងពីម្សិលមិញក្នុងតំបន់ខ្លះឡើងដល់កម្ពស់ជាង១០០មីលីម៉ែត្រដែលជាធម្មតាកម្ពស់ទឹកភ្លៀងតែជាង៣០មីលីម៉ែត្រ, ផ្នែកខ្លះនៃភ្នំពេញចាប់ផ្តើមលិចហើយ។ លោក ឌីម៉ង់ លើកជាសំណួរឡើងថា ភ្នំពេញលិចទឹកមែន តែស្រកទៅវិញឆាប់ឬក៏យូរ?។ លោក ឌីម៉ង់ បន្តបញ្ជាក់ទៀតថា ប្រសិនបើភ្លៀងធ្លាក់ដូចកាលពីម្សិលមិញ ទីក្រុងនៃប្រទេសណាក៏ពិបាកនឹងចៀសផុតពីការលិចមួយរយៈដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com