អន្តរជាតិ
នយោបាយអន្តរជាតិ
ចន ឃែររី ចុះទស្សនកិច្ចតំបន់បូព៌ាមុននឹងឈានជើងចូលអាស៊ី
×
នៅថ្ងៃសៅរ៍ ម្សិលមិញ ប្រមុខការទូតអាមេរិក ចន ឃែររី បានចុះទៅតំបន់បូព៌ា ដោយចាប់ផ្តើមដំបូងគេ តាមរយៈទស្សនកិច្ចនៅអេហ្ស៊ីប។ ទិសដៅសំខាន់នៃទស្សនកិច្ចរបស់លោកឃែររី គឺដើម្បីលួងលោមប្រទេសតំបន់ឈូងសមុទ្រពែរស៍កុំអោយបារម្ភពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលសម្រេចបាន កាលពីថ្ងៃ១៤កក្កដាកន្លងទៅ។ បន្ទាប់ពីនោះ លោកឃែររី នឹងចុះទៅសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម។
នៅអេហ្ស៊ីបថ្ងៃអាទិត្យនេះ ប្រមុខការទូតអាមេរិកនឹងជួបថ្នាក់ដឹកនាំនយោបាយជជែកពីទំនាក់ទំនងរវាងប្រទេសទាំង២ ដោយមិនភ្លេចលើកឡើងពីបញ្ហាសិទ្ធិមនុស្សផងដែរ។ គួររំលឹកថា អាមេរិកធ្លាប់បង្កកជំនួយយោធាប្រមាណ១៣០០លានដុល្លារ រៀងរាល់ឆ្នាំ ដែលផ្តល់អោយអេហ្ស៊ីប ព្រោះអាមេរិកមិនពេញចិត្តរបបដឹកនាំរបស់ប្រធានាធិបតីអាល់ ស៊ីសស៊ី។ ប៉ុន្តែ អាមេរិកបានឈប់បង្កកទៅវិញ កាលពីចុងខែមិនា។
ទោះយ៉ាងនេះក្តី ក្រុងវ៉ាស៊ីនតោននៅតែបរិហាររដ្ឋាភិបាលអេហ្ស៊ីបបច្ចុប្បន្ន ទាក់ទងនឹងការធ្វើទុក្ខបុកម្នេញលើសកម្មជនភាតរអ៊ីស្លាមរបស់ អតីតប្រធានាធិបតីមរស៊ី ដែលកំពុងជាប់ពន្ធនាគារ។ ទាក់ទងបញ្ហាសិទ្ធិមនុស្ស ថ្ងៃអាទិត្យនេះដែរ តុលាការក្រុងគែរត្រូវប្រកាសសាលក្រមលើអ្នកសារព័ត៌មានកាតាបីរូប ដែលជាប់ទោសពីបទផ្សាយព័ត៌មានមិនពិត និងពីបទគាំទ្រចលនាភាតរអ៊ីស្លាមរបស់លោកមរស៊ី។
ទោះតានតឹងជាមួយអេហ្ស៊ីបពីបញ្ហាសិទ្ធិមនុស្ស ក៏ប្រមុខការទូតអាមេរិកនៅតែខំរឹតចំណងរវាងអាមេរិកនិងអេហ្ស៊ីបដែរ ព្រោះអេហ្ស៊ីបជាដៃគូសំខាន់ក្នុងការកំចាត់ក្រុមជីហាតនៅតំបន់ស៊ីណៃ។ ចុងសប្តាហ៍នេះ អាមេរិកត្រូវប្រគល់យន្តហោះF-16 ចំនួន៨គ្រឿង និងយន្តហោះប្រដេញ១២គ្រឿង អោយអេហ្ស៊ីប ក្នុងយុទ្ធនាការកំចាត់ក្រុមជីហាត។
បន្ទាប់ពីអេហ្ស៊ីប លោកឃែររីនឹងបន្តទស្សនកិច្ចទៅប្រទេសតំបន់ឈូងសមុទ្រពែរស៍ និកាយស៊ុននីត ដើម្បីលួងលោមកុំអោយប្រទេសទាំងនោះបារម្ភពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអាមេរិកនិងប្រទេសលោកខាងលិច សម្រេចបានជាមួយអ៊ីរ៉ង់និកាយស្ហ៊ីអ៊ីត។ ដោយឡែក ត្បិតថា កាតានិងអ៊ីរ៉់ង់ប្រជែងគ្នាក្នុងតំបន់ក្តី ក៏កាតាបានសំដែងការគាំទ្រដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់រួចហើយដែរ។ នៅមជ្ឈិមបូព៌ា លោកឃែររីនឹងមិនឈានជើងចូលអ៊ីស្រាអែលទេ។ លោកនឹងបន្តដំណើរទៅអាស៊ីតែម្តង។ លោកនឹងចូលទៅសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម។ ឆ្នាំនេះ សមាជិកអាស៊ានប្រជុំគ្នានៅក្រុងកូឡា ឡុំពួ។ អាមេរិកមានយុទ្ធសាស្ត្រទាក់អាស៊ាន ដើម្បីប្រឈមនឹងមហាអំណាចចិននៅអាស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com