ជាតិ
សង្គមជាតិ
ទឹកភ្លៀង​ម្សិលមិញ​មាន​កម្រិត​ខ្ពស់​មិន​ធ្លាប់មាន​ក្នុង​រយៈពេល៥ ឬ៦ឆ្នាំ​ចុង​ក្រោយនេះ
02, Aug 2015 , 11:33 am        
រូបភាព

ភ្នំពេញ៖ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ថ្លែង​បញ្ជាក់ប្រាប់​នៅ​ថ្ងៃអាទិត្យ​នេះ​ថា ទឹកភ្លៀង​កាលពី​ម្សិលមិញ​មាន​កម្រិត​ខ្ពស់​មិន​ធ្លាប់មាន​ក្នុង​រយៈពេល៥ ឬ៦ឆ្នាំ​ចុង​ក្រោយនេះ។ ភ្នំពេញ, រាជធានី​ចតុមុខ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ទទួលរង​ការលិចលង់​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​កាលពី​យប់​ម្សិលមិញ។ ផ្លូវ​តូច ធំ និង​គេហដ្ឋាន​ស្ទើរ​គ្រប់​ទីកន្លែង​បាន​លិច​ទឹកភ្លៀង​មួយរយៈ​ធំ​កាលពី​យប់​ថ្ងៃទី១ខែសីហា​ម្សិលមិញ។ អ្នកទីក្រុង​ភ្នំពេញ​ខក​ចិត្ត និង​សម្តែង​ការខឹង​សម្បារ​ប្រឆាំងនឹង​អាជ្ញាធរ​ក្រុងភ្នំពេញ​ដែល​មិនបាន​ដោះស្រាយ​បញ្ហា​ទឹក​លិច​ទីក្រុង។



អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​លោក ចាន់ យុ​ត្ថា បាន​ថ្លែង​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា៖«កម្ពស់​ទឹកភ្លៀង​នៅ​តំរង​ស្ថានីយ៍​ទឹកភ្លៀង​ផ្សារ​ដើម​គរ​មាន​កម្ពស់​រហូត១០៣មី​លី​ម៉ែត្រ។ នេះ​គឺជា​កម្ពស់​ទឹកភ្លៀង​ដែល​ខ្ពស់​មិន​ធ្លាប់មាន​ក្នុង​រយៈពេល៥ ឬ៦ឆ្នាំ​ចុង​ក្រោយនេះ»។ កាលពី​ថ្ងៃ​សៅរ៍​កន្លងមក កម្ពស់​ទឹកភ្លៀង​នៅ​ស្ថានីយ៍​ផ្សារ​ដើម​គរ​ដដែល​មាន​កម្រិត​តែ៣២មី​លី​ម៉ែត្រ​ប៉ុណ្ណោះ។ លោក ចាន់ យុ​ត្ថា បញ្ជាក់ថា កម្ពស់​ទឹកភ្លៀង​ក្នុង​កម្រិត​នេះ រាជធានី​ភ្នំពេញ​ពិបាក​ទប់ទល់​ណាស់ ពោលគឺ​ចៀស​លិច​មិន​ផុត​ទេ។ តែ​សំណួរ​សួរថា តើ​វា​លិច​យូរ ឬក៏​ឆាប់។

ទឹកភ្លៀង​កាលពី​យប់​ថ្ងៃទី១ខែសីហា​ម្សិលមិញ​នៅ​ទីក្រុង​ភ្នំពេញ​បានធ្វើអោយ​ផ្លូវ​តូចធំ និង​ផ្ទះសម្បែង​ភាគច្រើន​នៅ​ទីក្រុង​ភ្នំពេញ​លិចលង់។ គេហដ្ឋាន​ខ្លះ​លិច​ល្មម គេហដ្ឋាន​ខ្លះ លិច​ចូល​ខ្លាំង​សម្រាន្ត​មិនបាន រីឯ​ផ្ទះ​ខ្លះទៀត ទឹក​លិច​ហូរ​ចូល​ពីមុខ​ផ្ទះ​ទៅដល់​ក្រោយ​ផ្ទះ​តែម្តង។

ក្នុងខណៈ​ពេលដែល​ភ្លៀង​កំពុង​ធ្លាក់​កាលពី​ល្ងាចម្សិលមិញ ម៉ូតូ​ជាច្រើន​គ្រឿង​ត្រូវ​រលត់, រថយន្តតូចៗមួយចំនួន​រលត់​ខូ​ត​នៅ​កណ្តាលផ្លូវ, ចរាចរណ៍​កកស្ទះ​ណែន​ណាំ​តាន់តាប់។ នៅតាម​មុខផ្ទះនីមួយៗ ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ផ្ទះ​បាន​លើក​បាវ​ខ្សាច់​ទប់ទឹក​កុំ​អោយចូល​ផ្ទះ។ ម្ចាស់ផ្ទះ​ខ្លះទៀត បាចទឹក​ចេញពីផ្ទះ និង​អ្នក​ខ្លះទៀត រើ​ឥ​វ៉ាន់​ចេញពី​អិដ្ឋ​យកទៅដាក់​គរ​នៅលើ​គ្រែ ឬ​លើ​ធ្នើរ​កុំអោយ​លិច​ទឹក។

ប្រពល​រដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​ខ្លះ​មិនបាន​សម្រាន្ត​ស្រួលបួល​ទេ​កាលពី​យប់មិញ ពីព្រោះ សមាជិកគ្រួសារ​ទាំងអស់​រវល់​តែ​រៀបចំ​ឥ​វ៉ាន់​នៅក្នុង​ផ្ទះ។ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ប្រពល​រដ្ឋ​បាន​សរសេរ​របៀប​កំប្លែង​រិះគន់​សាលា​រា​ធានី​ភ្នំពេញ​ថា៖«ជយោ! ទឹកភ្លៀង​ហូរ​ចូល​ផ្ទះ​បានសម្រេច​ហើយ»។ អ្នក​ខ្លះទៀត​បានសរសេរថា៖«ទីក្រុង​គជ់ លិច​ទឹកភ្លៀង»។ ពលរដ្ឋ​ខ្លះទៀត បាន​សរសេរ​រិះគន់ថា៖«ទឹក​លិច​ក្រុងភ្នំពេញ គឺជា​លទ្ធផល​នៃ​ការអភិវឌ្ឍន៍»។ អ្នក​រិះគន់​ចុងក្រោយ​នេះ ចង់​និយាយ​បន្ទោស​ថា ទីក្រុង​ភ្នំពេញ​លិច គឺ​ដោយសារ​ការ​លប់​បឹង​នានា​នៅ​ទីក្រុង​ភ្នំពេញ។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ បឹង​មួយចំនួនធំ​នៅ​ទីក្រុង​ភ្នំពេញ​ត្រូវបាន​គេ​លប់ ហើយ​លក់​ទៅអោយ​ឈ្មួញ​អភិវឌ្ឍ​លំនៅដ្ឋានផ្សេង។ មិនមែន​តែ​រឿង​ទឹក​លិច​មួយ​ទេ​ដែល​ទទួលរង​ការរិះគន់​ពី​សំណាក់​ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​នោះ បញ្ហា​សំរាម​ក៏​ជា​រឿង​ក្តៅគគុក​មួយ​ដែរ។ ប្រជាពលរដ្ឋ​ទីក្រុង​ភ្នំពេញ​នៅតែ​ចោទ​ជា​សំណួរ​ថា ជាង៣០ឆ្នាំក្រោយ​របប​ប៉ុលពត ហេតុអ្វី​បានជា​អាជ្ញាធរ​ក្រុងភ្នំពេញ​មិនអាច​ដោះស្រាយ​បញ្ហា​សំរាម និង​ទឹកជំនន់​នៅ​ទីក្រុង​ភ្នំពេញ​បាន? តើ​ពេលណា​ទៅ​ទើប​បញ្ហា​ពីរ​នេះ​ត្រូវបាន​ដោះស្រាយ។ អ្នកទេសចរ​បរទេស​មួយចំនួន​បាន​និយាយថា ទីក្រុង​ភ្នំពេញ គឺជា​ទីក្រុង​ដែលមាន​សំរាម​ច្រើនជាងគេ​ក្នុងចំណោម​ទីក្រុង​មួយចំនួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

ទាក់ទង​ទៅនឹង​ការ​លិច​ទឹកភ្លៀង​កាលពី​ម្សិលមិញ​នេះ លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​នៅ​ថ្ងៃអាទិត្យ​នេះ​ថា ភ្លៀង​កាលពី​ម្សិលមិញ​មាន​រយៈពេល​ជាង៤ម៉ោង និង​ជា​ភ្លៀង​ខ្លាំង​ដែល​កម្រ​កើតមាន។ លោក​បញ្ជាក់ថា៖«ភ្លៀវ​ខ្លាំងណាស់។ ភ្លៀង​ហើ​ត​លាយ​ព្យុះ​ទៀត។ ភ្លៀង​ចាប់ផ្តើម​ពី​ម៉ោង៤៖៣០ រហូតដល់​ម៉ោង៩យប់។ ក្នុងចំណោម​ជាង៤ម៉ោង​នេះ ភ្លៀង​ខ្លាំង​មាន​រយៈពេល​ប្រមាណ​ជា២ម៉ោង​ទៅហើយ»។

អ្នកនាំពាក្យ​រូបនេះ​បន្តទៀតថា កំពស់​ទឹកភ្លៀង​ពី​ម្សិលមិញ​ក្នុង​តំបន់​ខ្លះ​ឡើងដល់​កម្ពស់​ជាង១០០មី​លី​ម៉ែត្រ​ដែលជា​ធម្មតា​កម្ពស់​ទឹកភ្លៀង​តែ​ជាង៣០មី​លី​ម៉ែត្រ, ផ្នែក​ខ្លះ​នៃ​ភ្នំពេញ​ចាប់ផ្តើម​លិច​ហើយ។ លោក ឌី​ម៉​ង់ លើក​ជា​សំណួរ​ឡើង​ថា ភ្នំពេញ​លិច​ទឹក​មែន តែ​ស្រក​ទៅវិញ​ឆាប់​ឬក៏​យូរ?។ លោក ឌី​ម៉​ង់ បន្ត​បញ្ជាក់ទៀតថា ប្រសិនបើ​ភ្លៀង​ធ្លាក់​ដូច​កាលពី​ម្សិលមិញ ទីក្រុង​នៃ​ប្រទេស​ណា​ក៏​ពិបាក​នឹង​ចៀស​ផុតពី​ការ​លិច​មួយរយៈ​ដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com