អន្តរជាតិ
កណ្តុរមួយក្បាលធ្វើឲ្យយន្តហោះក្រុមហ៊ុន Air India បកក្រោយពាក់កណ្តាលផ្លូវ
×
យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Air India ដែលធ្វើដំណើរពីក្រុង New Dehli ទៅ Milan ត្រូវបកក្រោយវិញ បន្ទាប់ពីហោះហើរបានរយៈពេលពីរម៉ោង ដោយសារតែសង្ស័យថា មានសត្វកណ្តុរមួយក្បាលនៅក្នុងបន្ទប់បញ្ជាម៉ាស៊ីន នេះបើតាមការបញ្ជាក់របស់អ្នកទទួលខុសត្រូវមួយរូបរបស់ក្រុមហ៊ុន កាលពីថ្ងៃសុក្រកន្លងទៅនេះ។ សត្វចង្រៃដែលចូលចិត្តកកេរខ្សែកាបនេះ មានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ការហោះហើរ ព្រោះថាវាអាចបំផ្លាញប្រព័ន្ធហោះហើរបាន។
បើតាមការអះអាងរបស់អ្នកទទួលខុសត្រូវរូបនេះ ពុំមានការបញ្ជាក់ពីវត្តមានពិតប្រាកដនៃសត្វកណ្តុរទេ ប៉ុន្តែ ដោយសារតែការគិតដល់បញ្ហាសុវត្ថិភាពរបស់អ្នកដំណើរជាចម្បង យន្តហោះ AI ១២៣ ដែលបានធ្វើការហោះហើរកាលពីថ្ងៃព្រហស្បតិ៍ បានត្រឡប់មកកាន់ក្រុង New Dehli វិញ។
នេះមិនមែនជាលើកទីមួយទេដែលមានរឿងអាស្រូវប្រភេទនេះកើតឡើង សម្រាប់ក្រុមហ៊ុនរដ្ឋឥណ្ឌាមួយនេះដែលកំពុងតែជួបនូវបញ្ហាហិរញ្ញវត្ថុចាប់តាំងពីឆ្នាំ ២០០៧ មក។ ជារឿយៗ សត្វគ្រប់ប្រភេទតែងតែលេចចេញពីក្នុងរទេះផ្ទុកអាហារ។ កាលពីខែមីនាកន្លងទៅ យន្តហោះក្នុងជើងហោះហើរក្នុងស្រុកមួយត្រូវបានបង្ខំចិត្តចុះចត បន្ទាប់ពីក្រុមការងារប្រទះឃើញសត្វកណ្តុររត់ប្រសេចប្រសាចក្នុងយន្តហោះ។
ក្រៅពីរឿងអាស្រូវទាក់ទិននឹងសត្វ Air India ទើបតែប្រឈមមុខនឹងរឿងចម្រូងចម្រាស់បង្កឡើងដោយបុគ្គលិករបស់ខ្លួនកាលពីខែកក្កដាកន្លងទៅថ្មីៗនេះ។ បុគ្គលិកពីរនាក់របស់ក្រុមហ៊ុនត្រូវបានចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស នៅព្រលានយន្តហោះ New Dehli ៕
© រក្សាសិទ្ធិដោយ thmeythmey.com