ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ប្រជុំគ្នា តែ​អវត្តមាន​លោក កែម ឡី
02, Aug 2015 , 1:15 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ សមាជិក​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី ខ្មែរ​ជាង ១០០នាក់ បាន​ជួបជុំគ្នា​នៅ​ថ្ងៃអាទិត្យ​ទី២សីហា ដើម្បី​អនុម័ត​គោលការណ៍សំខាន់ៗ និង​គណៈកម្មការ​បណ្តោះ​អាសន្ន​មួយ ដែលជា​ផ្នែក​មួយ​នៃ​ដំណើរការ​រៀបចំ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។ ប្រធាន​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​គឺជា​អ្នក​ផ្តួចផ្តើម​គំនិត​បង្កើត និង​ដឹកនាំ​គណបក្សនយោបាយ​ថ្មី​មួយ​នេះ។



លោក សាម អ៊ី​ន សមាជិក​ស្ថាបនិក​នៃ​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ ប្រាប់​សារព័ត៌មានថ្មីៗ ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី២ នេះ​ថា តាម​ការគ្រោងទុក គណៈកម្មការ​បណ្តោះអាសន្ន​ដែល​ចេញពី​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ នឹងដាក់​លិខិត​ស្នើសុំ​បង្កើត​គណបក្ស «ប្រជាធិបតេយ្យ​មូលដ្ឋាន» ទៅ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ចន្ទ​ទី៣ សីហា​ដើម​សប្តាហ៍​ក្រោយនេះ។

បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ គឺជា​បណ្តុំ​នៃ​ក្រុម​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ដែល​បាន បង្ហើប​អំពី​បំណង​បង្កើត​គណបក្សនយោបាយ បន្ទាប់ពី​ពួកគេ​ខកចិត្ត​នឹង​គណបក្ស​ស​ង្គ្រោះ​ជាតិ។ ស្ថាបនិក​នៃ​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ​ដែល​ត្រូវបាន​គេ​បង្ហាញ​តាម មុខ​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅពេលដែល​ពួកគេ​ជួបជុំគ្នាម្តងៗនោះ រួមមាន លោក យ៉ង់ សាំង​កុមារ លោក យ៉េ​ង វីរៈ លោក សាម អ៊ី​ន លោក កែម ឡី ជាដើម។

ចំណោម​ស្ថាបនិក និង​សមាជិក និង​យុវជន បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅថ្ងៃនេះ តែ​លោក កែម ឡី ដែលជា​ស្ថាបនិក​ម្នាក់​ផងដែរ ពុំមាន​វត្តមាន​នោះទេ។ ចំពោះ​អត្ត​វ​មាន​នេះ លោក កែម ឡី ប្រាប់ថា លោក​ពុំ​មានបំណង​ចូលរួម​បង្កើត​គណបក្សនយោបាយ​ឡើយ«ខ្ញុំ​គ្រាន់តែ​បង្រៀន ឲ្យ​ប្រជាពលរដ្ឋ​ចេះ​បង្កើត​គណបក្ស ដើម្បី​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​ប៉ុណ្ណោះ។ ខ្ញុំ​នៅតែ​ជា អ្នកស្រាវជ្រាវ​សង្គម​ដដែល។ ខ្ញុំ​ពុំមាន​តំណែង​ក្នុង​គណបក្ស​ដែល​គ្រោង​នឹង​បង្កើត​ទេ»។ នេះ​ជា​ប្រសាសន៍​បញ្ជាក់​របស់លោក កែម ឡី ចំពោះ​អវត្តមាន​ក្នុង​កិច្ចប្រជុំ។
កិច្ចប្រជុំ​បង្កើត នៅ​ថ្ងៃទី២ សីហា​នេះ ប្រព្រឹត្តទៅ​នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន៕



© រក្សាសិទ្ធិដោយ thmeythmey.com