អន្តរជាតិ
ស្លាប់១៣នាក់​ក្នុងការ​វាយប្រហារ​សង​សឹក​របស់​ក្រុម​បូ​កូ​អា​រ៉ាំ នៅ​នី​ហ្សេ​រី​យ៉ា
03, Aug 2015 , 10:07 am        
រូបភាព
នៅ​នី​ហ្សេ​រី​យ៉ា ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ ក្រុម​ភេរវជន​បូ​កូ​អា​រ៉ាំ​បាន​ចូលទៅ​ដុត​ផ្ទះ​ជាច្រើន​ខ្នង នៅ​ភូមិ Malari ចំងាយ​ប្រមាណ២០គីឡូម៉ែត្រ​ពី​ក្រុង​Maiduguri ភាគ​ឥសាន​ប្រទេស។ ក្រុម​ភេរវជន​បានសម្លាប់ក្មេង១៣នាក់ និង​បង្ក​របួស​ដល់​មនុស្ស២៧នាក់​ទៀត។ នេះ​ជាការ​សងសឹក​ដល់​ប្រជាជន​ដែល​បានផ្តល់​ដំណឹង​ដល់​ទាហាន​ពី​កន្លែង​ដែល​ក្រុម​ភេរវជន​លាក់ខ្លួន។



ក្នុងចំណោម​ជន​ដែល​រងរបួស គេ​សង្កេតឃើញ​មាន​ស្ត្រី​និង​កុមារ​ផងដែរ។ បើ​យោងតាម​សាក្សី​ដែល​រត់​រួច​ពី​ការវាយប្រហារ ក្រុម​បូ​កូ​អា​រ៉ាំ​បាន​ចោទ​ប្រជាជន​ក្នុងភូមិ​Malariថា បានផ្តល់​ដំណឹង​ដល់​ទាហាន​នី​ហ្សេ​រី​យ៉ា ពី​កន្លែង​លាក់ខ្លួន​របស់​ក្រុម​ភេរវជន​នេះ។ មុននឹង​ចាកចេញ​ពី​ភូមិ​ទៅ ក្រុម​បូ​កូ​អា​រ៉ាំ​បាន​ដុត​ផ្ទះ​និង​ហាង​ទំនិញ​ជាច្រើន​កន្លែង។ ពួក​ភេរវជន​បាន​ស្រែកថា "ព្រះ​ជា​ម្ចាស់​ធំជាងគេ​បំផុត" ទៀតផង។

ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ភូមិ​Malari តែង​រង​ការវាយប្រហារ​ជាច្រើន​ដង។ កាលពីដើម​ខែកក្កដា យុវតី​មួយរូប​បានធ្វើ​ភេរវកម្ម​អត្តឃាត​នៅ​វិហារ​មួយកន្លែង សម្លាប់​មនុស្ស១២នាក់។ គិតពី​ឆ្នាំ២០០៩មក ការបះបោរ​របស់​ក្រុម​បូ​កូ​អា​រ៉ាំ​និង​ការបង្ក្រាប​របស់​ទាហាន​នី​ហ្សេ​រី​យ៉ា​បានសម្លាប់​មនុស្ស​ជាង១៥០០០នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com