អន្តរជាតិ
កាសែត​ចិន៖ ជាតិ​នឹងត្រូវ​ដួលរលំ បើ​អំពើពុករលួយ​មាន​ក្នុង​ស្ថាប័ន​កង ទ័ព
03, Aug 2015 , 7:39 pm        
រូបភាព
ដោយ:
សារពត៌មាន​ផ្លូវការ​មួយ​របស់​ទាហាន​ចិន បាន​រិះគន់​ទៅកាន់​មន្ត្រី​យោធា​ពុករលួយ នឹងមិន អាច​ឈ្នះ​សង្គ្រាម​បាន​នោះទេ បើ​អំពើ​ស៊ីសំណូក​នៅតែ​បន្ត​កើតមាន​នៅក្នុង​ស្ថាប័ន​នោះ។ ការលើក​នេះ ត្រូវបាន​គេ​ចាត់​ថា ជា​គំរាម និង ដាស់តឿន​ទៅកាន់​មន្ត្រី​យោធា ខណៈ ប្រទេស​កំពុង​ប្រឈមមុខ​នឹងមាន​តានតឹង​ជាច្រើន​ផ្នែក​សន្តិសុខ​ជាមួយ​ប្រទេសជិតខាង។



សូមស្ដាប់ពត៌មានលម្អិត៖


 
ម្សិលមិញ​នេះ ការ​សែត​ផ្លូវការ​មួយ​របស់​ទាហាន​ចិន បាន​ចុះផ្សាយ​ការព្រមាន​ទៅកាន់​មន្ត្រី​យោធា​ដែល​កំពុង​បម្រើការ និង មន្ត្រី​ដែល​ចូលនិវត្តន៍​លើ​សកម្មភាព​ស៊ីសំណូក​នៅក្នុង​ស្ថាប័ន កងទ័ព។ ពត៌មាន​នេះ ត្រូវបាន​ចុះផ្សាយ ក្រោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានប្រកាស​កាត់ទោស​មន្ត្រី​ជាន់ខ្ពស់​ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ។
 
សារពត៌មាន​យោធា​ចិន People's Liberation Army Daily បាន​ចុះ​ដាក់​ទំព័រមុខ​ដោយ រិះគន់ និង វាយប្រហារ យ៉ាង​ចាស់ដៃ​ទៅលើ​មន្ត្រី​យោធា ពី​ការប្រព្រឹត្ត​អំពើពុករលួយ ដោយ​ភា្ជ​ប់​ជាមួយ​ឥទ្ធិពល​អាក្រក់​របស់​វា ជាមួយនឹង​កិច្ចការ និង ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ។ ក្នុង​សារពត៌មាន​នោះ បាន​បញ្ជាក់ថា “ បើ​យើង​នៅតែ​បន្តសកម្មភាព​ពុករលួយ​ឲ្យ​រីកលូតលាស់ និង សាយភាយ នោះ​កាំភ្លើង​ច្បាស់​ជា​នឹង​ច្រេះ​អស់ ហើយ​សរសរ​ស្តម្ភ​ជាតិ​នឹងត្រូវ​ដួលរលំ​ផងដែរ ”។ 
 
ការ​សែត​នោះបាន​បន្ថែមទៀតថា “ ប្រវត្តិសាស្ត្រ នឹងត្រូវ​បង្ហាញ​ជាថ្មី​ពី​ភាពបរាជ័យ ប្រសិន​អំពើពុករលួយ​មិន​ត្រូវបាន​លុបបំបាត់ ហើយ​យើង​នឹង​ផ្តួល​រលំ​ប្រទេស​ខ្លួនឯង​ដោយផ្ទាល់ ដោយ​មិនចាំបាច់​ចូលធ្វើ​សង្គ្រាម​នោះទេ ” ។ 
 
ជុំវិញ​បញ្ហា​នេះដែរ អ្នកវិភាគ បាន​អះអាងថា​អំពើពុករលួយ​នៅក្នុង​ស្ថាប័ន​យោធា​ចិន បាន ក្លាយជា​ស្ថាប័ន​ជំនួញ​មួយ ពោលគឺ​ការងារ​និង តំណែង​របស់​យោធា​ត្រូវបាន​ទិញ​លក់​ដោយ​សម្ងាត់ ។ ហើយ​បញ្ហា​នេះ​កើតឡើង​ដោយសារតែ កង្វះ​នៃ​ការពិនិត្យ​នូវ​តុល្យភាព​ក្នុង​ស្ថាប័ន សាធារណៈ។ 
 
គួរ​រំលឹក​ផងដែរ​ថា អំពើពុករលួយ គឺជា​គោលដៅ​ដ៏​សំខាន់​ក្នុង​អាណត្តិ​របស់លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ដើម្បី​លុបបំបាត់​នៅក្នុង​ស្ថាប័ន​រដ្ឋាភិបាល និង ជាពិសេស​នៅក្នុង​ស្ថាប័ន​កងទ័ព។ ហើយ​រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​ចិន​បាន​ចាត់វិធានការ​ទៅលើ​មន្ត្រីជាន់ខ្ពស់​ជាច្រើន ដែល​រាប់បញ្ចូល ទាំង​លោក Xu Caihou និង Guo Boxiong ដែល​អតីតមន្ត្រី​ទាហាន​ខ្ពស់៕ 
 

Tag:
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com