ជាតិ
​​​ន​យោ​បាយ​ជាតិ​
UN ឲ្យកម្ពុជា​ខ្ចី​ផែនទី​នៅពេលនេះ គឺ​ជា​ករណី​ពិសេស​
06, Aug 2015 , 11:33 pm        
រូបភាព
លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ប្រើ​រយៈពេល​ប្រមាណ​មួយខែ​ដើម្បី​អាចឆ្លើយតប​ចំពោះ​ការស្នើសុំ​ខ្ចី​ផែនទី​កម្ពុជា​នៅ​អង្គការសហប្រជាជាតិរ​បស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ យោងតាម​លិខិត​ឆ្លើយតប​របស់​លោក បាន គី​មូ​ន មក​ប្រមុខ​រដ្ឋាភិបាល​ភ្នំពេញ​នៅ​ថ្ងៃទី៥សីហា ផែនទី​របស់​កម្ពុ​ជាមួយ​ចំនួន​ដែល​អង្គការសហប្រជាជាតិ​យល់ព្រម​ឲ្យ​កម្ពុជា​ខ្ចី​នោះ បើទោះជា​វា​មិន​ដូច​ផែនទី​ដែល​កម្ពុជា​សរសេរ​សុំខ្ចី​​នោះក៏ដោយ​ គឺជា​ករណី«លើកលែង» ហើយ​ត្រូវធ្វើឡើង​ក្រោម​លក្ខខណ្ឌ និង​ការយោគយល់​នានា​មួយចំនួន​ទៀតផង។


លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ប្រា​ប់លោក ហ៊ុន សែន ថា​មន្ត្រី​អង្គការសហប្រជាជាតិ​មិនបាន​រកឃើញ​ផែនទី​ដែល​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​ត្រូវការ​នោះទេ។ នោះ​គឺ​ផែនទី​ដើម​ខ្នាត១/១០០ ០០០ ដែល​ត្រូវបាន​ផលិត​នៅ​ចន្លោះ​ឆ្នាំ១៩៣៣ និង១៩៥៣ និង​ត្រូវបាន​បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន និង​ត្រូវបាន​សម្តេចព្រះ​នរោត្តម សីហនុ យកទៅ​តម្កល់​នៅ​អង្គការសហប្រជាជាតិ​ក្នុង​ឆ្នាំ១៩៦៤ ។

ផ្ទុយទៅវិញ បើតាម​បញ្ជាក់​របស់លោក បាន គី​មូ​ន លេខាធិការដ្ឋាន​UN បាន​រកឃើញ​ផែនទី​មួយចំនួន​ពី​រក្នុង​កន្លែង​ផ្ទុក​ឯកសារ​របស់​បណ្ណាល័យ Dag Hammarskjold របស់​អង្គការសហប្រជាជាតិ​ទៅវិញ ទាំង​នៅក្នុង​ប្រព័ន្ធ​អេឡិចត្រូនិក និង​ច្បាប់​ចម្លង​បោះពុម្ព​រួច។

នៅក្នុង​លិខិត​ផ្ញើមក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី៥សីហា លោក បាន គី​មូ​ន បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖«ផែនទី​ទាំងអស់នេះ មួយឈុត​ជា​ទម្រង់​ឌី​ជីតា​ល់ ត្រូវបាន​ប្រគល់ជូន​ឯកឧត្តម ទុយ រី តំណាង​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី២៧កក្កដា​ឆ្នាំ២០១៥»។ លោក បាន គី​មូ​ន បន្តថា៖«ជាគោលការណ៍​បណ្ណាល័យ ដាក ហា​ម៉ា​ស្កូ​ហ្សូ​ល​របស់​UN មិន​អនុញ្ញាត​ឲ្យ​ខ្ចី​ផែនទី ដែល​ស្ថិតនៅក្រោម​ការថែរក្សារ​បស់​ខ្លួន​នោះទេ។ ប៉ុន្តែ បន្ទាប់ពី​ការពិគ្រោះ​យោបល់​ជាមួយ​ស្ថាន​តំណាង​អចិន្ត្រៃយ៍​នៃ​ព្រះរាជណាចក្រ​កម្ពុជា គឺមាន​ការព្រមព្រៀង​ថា ដោយ​ឈរលើ​ករណី​លើកលែង បណ្ណាល័យ​អាច​ឲ្យ​ខ្ចី​ផែនទី ដល់​រដ្ឋាភិបាល​របស់​ឯកឧត្តម (ហ៊ុន សែន) សម្រាប់​ពេល​មានកំណត់​មួយ ដោយ​ផ្អែក​ទៅតាម​លក្ខខណ្ឌ និង​ការយោគយល់​នានា ដែល​មានចែង​នៅក្នុង​លិខិត​ផ្លាស់ប្តូរ​គ្នា​រវាង​អង្គការសហប្រជាជាតិ និង​រដ្ឋាភិបាល​របស់​ឯកឧត្តម»។

ក្រោយពី​ទទួលបាន​លិខិត​ពី​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ភ្លាម នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​សរសេរ​លិខិត​អរគុណ​លោក បាន គី​មូ​ន​ភ្លាម​ដែរ ដោយ​លោក ហ៊ុន សែន ចាត់ទុកថា សេចក្តីសម្រេច​របស់លោក បាន គី​មូ​ន គឺជា​ចូលរួម​វិភាគទាន​ដ៏​សំខាន់​ដល់​កិច្ច​ខំប្រឹងប្រែង​របស់​រដ្ឋាភិបាល​លោក ក្នុងការ​បញ្ជៀ​ស និង​បញ្ចប់​ការ​ញុះញង់​បង្កើត​ស្មារតី​ជាតិនិយម​ជ្រុល។

គួរ​បញ្ជាក់ថា ក្រោយពីមានការ​ចោទប្រកាន់ពី​គណបក្ស​ប្រឆាំង​អំពី​ភ្លាម​មិនច្បាស់លាស់​នៃការប្រើប្រាស់ផែនទីរបស់រដ្ឋាភិបាលក្នុងកំណត់ព្រំដែនជាមួយ​ប្រទេស​វៀតណាមនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរ​លិខិត​ស្នើសុំ​ខ្ចី​ផែនទី​កម្ពុជា​ពី​អង្គការ​សហប្រជាជាតិ ពីសហរដ្ឋអាមេរិក ប្រទេស​អង់គ្លេស និង​ពីប្រទេស​បារាំង ដើម្បី​យក​មក​ផ្ទៀង​ផ្ទាត់ និង​ដើម្បី​ជម្រះ​មន្ទិល​របស់​គណបក្ស​ប្រឆាំង៕



Tag:
 ហ៊ុន សែន
  ផែនទី
  បាន គីមូន​
 
© រក្សាសិទ្ធិដោយ thmeythmey.com