សង្គមអន្តរជាតិ​
អន្តរជាតិ
ស្ត្រី​កូ​ឡុំ​ប៊ី ម្នាក់​ត្រូវ​ចាប់ខ្លួន ដោយមាន​លុយ​ជាង ៣៨ ០០០ ដុល្លារ​នៅក្នុង​ពោះ
07, Aug 2015 , 5:19 pm        
រូបភាព
ដោយ: ធីតា
ស្ត្រី​ជនជាតិ​កូ​ឡុំ​ប៊ី​អាយុ ៣៩ ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ នៅ​ព្រលានយន្តហោះ Bogota បន្ទាប់ពី​ចុះ​ពី​ជើងហោះហើរ​មកពី​ប្រទេស​ម៉ិចស៊ិក។ ស្ត្រី​ម្នាក់នេះ​បាន​លាក់​លុយ​ចំនួន​ប្រមាណ​ជាង ៣៨ ០០០ ដុល្លារ​នៅក្នុង​ពោះ។ ក្រដាសប្រាក់ ១០០ ដុល្លារ​អាមេរិក​សុទ្ធ​ជាច្រើន​រយ​សន្លឹក​ត្រូវបាន​ច្រក​ក្នុង​កូន​ថង់​ប្លា​ស្ទិ​កជាង ៦០ ហើយ​ស្ត្រី​រូបនេះ​លេប​ចូលទៅក្នុង​ពោះ។

 
គួរ​បញ្ជាក់ថា ៩០ % នៃ​កូ​កា​អី​ន​ដែល​ប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក មាន​ប្រភព​ចេញពី​ប្រទេស​នេះ។ កូ​ឡូ​ម​ប៊ី​បានដាក់​ពង្រាយ​ភ្នាក់ងារ​របស់ខ្លួន​ដើម្បី​ស្វែងរក​អ្នកដំណើរ​ដែល​លាក់​គ្រឿងញៀន​នៅក្នុង​ពោះ។ ក៏ដូចជា​ប្រទេស​ដទៃទៀត​ដែរ ការនាំយក​ប្រាក់សុទ្ធ​តាម​ខ្លួន​លើសពី ១ ម៉ឺន​ដុល្លារ​ត្រូវបាន​ហាមឃាត់។
 
ប៉ូលិស​កូ​ឡូ​ម​ប៊ី​បាន​ពន្យល់ថា ការប៉ុនប៉ង​ផ្ទេរប្រាក់​សុទ្ធ​តាម​វិធី​នេះ​ច្រើនតែ​ពាក់ព័ន្ធ​នឹង​ក្រុម​ជួញដូរ​គ្រឿងញៀន​ដែល​យល់ថា នេះ​ជា​វិធី​ដែល​អាច​នាំ​យកលុយ​ខុសច្បាប់​ចូលមកក្នុង​ប្រទេស​ខ្លួន​វិញ។ ឆ្នាំនេះ ករណី​ចាប់បាន​លុយ​លាក់​ក្នុង​ពោះ​បាន​កើនឡើង​បួន​ដង ដែលមាន​តម្លៃ​ស្មើនឹង ៥ លាន​ដុល្លារ។ ការកើនឡើង​នៃ​ករណីនេះ​ស្របពេល​នឹង​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​កើនឡើង​ផងដែរ បើ​ធៀន​នឹង​ប្រាក់ peso របស់​កូ​ឡុំ​ប៊ី៕
 
 

Tag:
 ​កូ​ឡុំ​ប៊ី
© រក្សាសិទ្ធិដោយ thmeythmey.com