ពិភពតារា៖ គឹម រ៉ូ​ហ្សា រំលឹក​ពី​ប្រវត្តិ​មុន​ចូល​សិល្បៈ
08, Aug 2015 , 10:34 am        
រូបភាព
ដោយ:

ភ្នំពេញ៖ តារា​បង្ហាញ​ម៉ូដ​នាង គឹម រ៉ូ​ហ្សា ក្នុង​វ័យ២៥ឆ្នាំ មាន​រូប​សម្ផស្ស​ស្រស់​សោភា និង​ទេពកោសល្យ​បង្ហាញ​ម៉ូដ​យ៉ាង​ល្អ នាង​ធ្លាប់ជា​តួឯក​ក្នុង​រឿង “ចន្ទ​ចាក​វេហាស៍” របស់​ផលិតកម្ម​វិស្ណុ​ភាពយន្ត។ កញ្ញា គឹម រ៉ូ​ហ្សា ឱ្យដឹងថា នាង​មាន​ស្រុកកំណើត​នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ហើយ​នាង​មាន​បងប្អូន​ស្រី២នាក់ ក្នុងនោះ​រូបនាង​ជា​កូនពៅ។



កញ្ញា គឹម រ៉ូ​ហ្សា រំលឹកថា កាលពី​ឆ្នាំ១៩៩៩ នាង​ធ្លាប់​ប្រឡង​ច្រៀង​ជាប់​ចំណាត់ថ្នាក់​លេខ១ប្រចាំខេត្ត​បាត់ដំបង ដោយ​ច្រៀង​បទ ស្នេហ៍​ក្រោម​ម្លប់ជ្រៃ។ នាង​សំរេចចិត្ត​បណ្តែត​ជីវិត​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចាប់ពី​ឆ្នាំ២០០៥  មក​គឺ​ធ្វើជា​តារា​បង្ហាញ​ម៉ូដ​នាង​ដោយ​ចូល​ហាត់រៀន​ជាមួយ​លោក​ខេ​វិ​ន​នៅ​ស្ថានីយទូរទស្សន៍ CTN។ ក្នុង​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូដ​រយៈពេល ៥ឆ្នាំនេះ​នាង​មាន​ការងារ​ច្រើន​ពិសេស​នៅ​ឆ្នាំ២០១១ នេះ​នាង​មានឱកាស​បាន​ចូលរួម​សម្តែង​ឱ្យ​ផលិតកម្ម​វិស្ណុ​ភាពយន្ត​ដោយ​អ្នក​ដឹក នាំ​រឿង​តម្រូវឱ្យ​នាង​សម្តែង​ជា​តួឯក ដែល​បានចេញ​ថត​នៅ​ថ្ងៃទី៧ ខែ​កម្ភៈ ឆ្នាំ២០១១ ។ រឿង “ចន្ទ​ចាក​វេហាស៍” និពន្ធ និង​ដឹកនាំ​រឿង​ដោយ​លោក ជ័យ រិ​ទ្ធា។

កញ្ញា​គឹម រ៉ូ​ហ្សា បន្ត​ឲ្យ​ដឹងថា សាច់រឿង “ចន្ទ​ចាក​វេហាស៍” ឆ្លុះបញ្ចាំង​ពី​ជីវិត​ក្មេងស្រី​លក់​កាសែត ខាត់​ស្បែកជើង លក់​ផ្កា លក់​ប៉ោង​ប៉ោង ដើម្បី​រកប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ និង​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ រហូត​ក្លាយខ្លួនជា​និស្សិត​ពូកែ។ កញ្ញា​រ៉ូ​ហ្សា និយាយថា នេះ​ជា​លើក​ទី១ហើយ​ដែល​នាង​បាន​សម្តែង​ជា​តួឯកភាពយន្ត ដូច្នេះ​នាង​បាន​ខិតខំ​ប្រឹង​សម្តែង​ឱ្យ​អស់ពី​សមត្ថភាព៕



© រក្សាសិទ្ធិដោយ thmeythmey.com