សង្គមអន្តរជាតិ​
អន្តរជាតិ
បុរស​ឥណ្ឌា​មួយចំនួន​យកប្រពន្ធ​ច្រើន​ដើម្បី​ឲ្យ​រក​ទឹក​មកប្រើប្រាស់​ក្នុង​គ្រួសារ
10, Aug 2015 , 7:39 pm        
រូបភាព
ដោយ: ធីតា
Denganmal គឺជា​ភូមិ​មួយ​នៅក្នុង​រដ្ឋ Maharashtra ដែល​ស្ថិតនៅ​ភាគ​ខាងលិច​ក្នុងប្រទេស​ឥណ្ឌា។ ភូមិ​នេះ​គឺជា​ភូមិ​ដ៏​តូច​មួយ​ដែលមាន​ប្រជាជន​ត្រឹមតែ ៥០០ នាក់​ប៉ុណ្ណោះ។ អង្គុយ​ក្នុងផ្ទះ​ខ្ទម​មួយ​ធ្វើ​អំពី​ដី​ភក់ លោក Sakharam Bhagat គឺជា​មេ​គ្រួសារ​ដែលមាន​សមាជិក​ច្រើនជាងគេ​មួយ​ក្នុងភូមិ។ គាត់​មាន​ប្រពន្ធ​ដល់​ទៅ​បីនាក់ និងមានកូនៗជាច្រើន។

 
មាន​ប្រពន្ធ​ច្រើន​ជា​រឿង​ខុសច្បាប់
ដោយសារ​បុរស​នេះ​កាន់សាសនា​ហិនឌូ ទើប​គាត់​គេច​ផុតពី​ការអនុវត្ត​ច្បាប់​ប្រឆាំងនឹង​ការយក​ប្រពន្ធ​ច្រើន​ក្នុងប្រទេស​នេះ​បាន។ អ្នកស្រី Tuki ជា​ប្រពន្ធ​ទីមួយ មិន​ខឹង​នឹង​ស្វាមី​ដែល​យកប្រពន្ធ​ថែមទៀត​ទេ។ គាត់​បាន​ពន្យល់ថា គាត់ និង​ស្វាមី​មានកូន​ជាមួយគ្នា​ដល់​ទៅ ៦ នាក់។ កាលពីកូនៗនៅ​តូច គាត់​នៅផ្ទះ​មើលថែទាំកូនៗ ចម្អិន​ម្ហូបអាហារ បោស​សម្អាតផ្ទះ និង​មុជទឹក​ឲ្យ​កូន ចំណែក​ប្តី​របស់គាត់​ទៅធ្វើ​ការ​នៅឯ​ចម្ការបាត់។ កិច្ចការ​ក្នុងផ្ទះ​ទាំង​ប៉ុន្មាន អ្នកស្រី​គឺជា​អ្នករ៉ាប់រង។ ប៉ុន្តែ អ្នកស្រី​ត្រូវ​ប្រឈមមុខ​នឹង​ការលំបាក​ដ៏​ធំ​មួយ គឺ​កង្វះ​ទឹក។
 
ភូមិ​ដ៏​តូច​មួយ​នេះ​ស្ថិតនៅក្នុង​តំបន់​ដែល​តែងតែ​ទទួលរង​គ្រោះរាំងស្ងួត។ នៅ​រដូវប្រាំង ធាតុអាកាស​ក្តៅ​ខ្លាំង​ធ្វើ​ឲ្យ​អណ្តូង​រីង​ទឹក​អស់ ហើយ​សត្វពាហនៈ​ស្លាប់​ជា​បន្តបន្ទាប់។ នៅក្នុង​ភូមិ​ទាំងមូល គ្មាន​បណ្តាញទឹក​ប្រើប្រាស់​ទេ។ ដើម្បី​បាន​ទឹក​ប្រើប្រាស់ មាន​វិធី​តែមួយគត់​គឺ​ទូល​ភាជន៍​ទៅរក​ប្រភពទឹក​ដែល​នៅ​ឆ្ងាយ​ពី​ភូមិ ហើយ​ត្រូវ​ប្រើពេល​ទៅមក ដល់​ទៅ ១២ ម៉ោង។ ប្រពន្ធ​ទីមួយ​បាន​ពន្យល់​បន្ថែមទៀតថា៖ « ខ្ញុំ​មិនអាច​ទុកកូនៗយូរ​ម៉ោង​យ៉ាងនេះ​ឲ្យ​នៅផ្ទះ​តែឯង​បានទេ »។ ដោយសារ​ហេតុផល​នេះ ប្តី​របស់គាត់​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ត្រូវ​រៀន​ការ​ម្តង​ហើយ ម្តងទៀត​នោះទេ។ ប្រពន្ធ​ទី​ពីរ និង​ទី​បី​ទទួល​ភារកិច្ច​ទៅរក​ទឹក ឯ​ប្រពន្ធ​ទីមួយ​នៅ​គ្រប់គ្រង​កិច្ចការ​ក្នុងផ្ទះ និង​មើល​ថែកូន។ បុរស​ចំណាស់​អះអាងថា៖ « ខ្ញុំ​យកប្រពន្ធ​ថែម ដោយសារតែ​រឿង​ទឹក​ហ្នឹងហើយ »។
 
ប្រពន្ធ​សម្រាប់​រក​ទឹក
អ្នកស្រី Saakhri និង Bhaggi ត្រូវបាន​គេ​ស្គាល់​ក្នុង​តំបន់​ថា ជា​ប្រពន្ធ​សម្រាប់​រក​ទឹក​ផ្គត់ផ្គង់​ក្នុង​គ្រួសារ។ ជាច្រើន​ឆ្នាំ​បន្ទាប់ពី​រៀបការ​ចូលក្នុង​គ្រួសារ​មួយ​នេះ ស្ត្រី​ទាំងពីរ​នៅតែ​ទទួល​ភារកិច្ច​នេះ​ដដែល។ នៅ​រដូវប្រាំង ពួកគាត់​ត្រូវ​ទូល​ភាជន៍​ចាក​ចេញពីផ្ទះ​តាំងពីព្រឹក​ព្រលឹម។ ពួកគាត់​ត្រូវ​ដើរកាត់​ចម្ការ កាត់​ទីទួល កាត់​ដី​ភក់​ជាច្រើន​ដំណាក់កាល ទើប​ទៅដល់​ស្ទឹង។
 
វា​ជាការ​ធ្វើដំណើរ​ដ៏​លំបាក។ ប្រពន្ធក្រោយ​ទាំងពីរ​ត្រូវ​ទូល​ភាជន៍​ម្នាក់​ពីរ ហើយ​ភាជន៍នីមួយៗដាក់​ទឹក​ចំណុះ​ប្រមាណ ១៥ លីត្រ។ នៅ​រដូវវស្សា ការធ្វើដំណើរ​ទៅរក​ទឹក​ចំណាយពេល​តិចជាង​នៅ​រដូវប្រាំង ដោយសារ​មាន​ប្រភពទឹក​នៅ​ជិត​ភូមិ។ ទោះជា​យ៉ាងណា ភរិយា​ក្រោយ​ទាំងពីរ​មិនដែល​ត្អូញត្អែរ​ពី​ទុក្ខលំបាក​របស់​ពួកគាត់​ឡើយ។ តាមពិតទៅ នៅ​មុនពេល​ចូលក្នុង​គ្រួសារ​របស់លោក Sakharam Bhagat ស្ត្រី​ទាំងពីរ​គឺជា​ស្រី​មេម៉ាយ។ នៅពេលដែល​ពួកគាត់​បាន​រៀបការ​ម្តងទៀត ពួកគាត់​ហាក់​មានមុខមាត់​សាជាថ្មី​នៅក្នុង​សង្គម។
 
នៅ​តំបន់​ជនបទ​ជាច្រើន​នៃ​ប្រទេស​ឥណ្ឌា គេ​នៅតែ​ប្រកាន់ខ្ជាប់​នូវ​ប្រពៃណី​ចាស់​បុរាណ​ដដែល ស្ត្រី​ត្រូវបាន​គេ​ទុកចោល បន្ទាប់ពី​ស្វាមី​ស្លាប់។ ស្ត្រី​មេម៉ាយ​គ្មាន​សិទ្ធិ​ចូលរួម​ក្នុង​ពិធីបុណ្យ​សាសនា ឬ​ពិធីបុណ្យ​អ្វីផ្សេងៗទេ ហើយ​ជួនកាល ស្ត្រី​ទាំងនោះ​មិនត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​បរិភោគ​អាហារ​ជាមួយ​ក្រុមគ្រួសារ​ឡើយ។ ចាប់តាំងពី​ពួកគាត់​បាន​រៀបការ​ម្តងទៀត ពួកគាត់​អាច​អង្គុយ​ហូប​អាហារ និង​សើច​រីករាយ​ជាមួយនឹង​ក្រុមគ្រួសារ​ថ្មី​នេះ។
 
រហូតមកទល់​ពេលបច្ចុប្បន្ន គ្មានអ្វី​ប្រែប្រួល​ច្រើន​នៅក្នុង​ភូមិ​នេះ​ទេ ទឹក​នៅតែ​ជា​បញ្ហា​ចោទ​ដដែល។ ប្រពន្ធ​ទី​ពីរ និង​ទី​បី​នៅតែ​ត្រូវ​ទៅរក​ទឹកជា​រៀងរាល់ថ្ងៃ ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុង​គ្រួសារ៕
 
ប្រែ​សម្រួល​ពី​គេហទំព័រ www.edition.cnn.com
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com