សង្គមអន្តរជាតិ
អន្តរជាតិ
ហិង្សាផ្ទុះឡើងខ្លាំងជាថ្មីនៅ Ferguson រហូតមានការប្រកាសភាពអាសន្ន
× ថ្ងៃចន្ទម្សិលមិលអាជ្ញាធរតំបន់ St. Louis បានប្រកាសដាក់តំបន់Ferguson ក្នុងភាពអាសន្ន ក្រោយមានការប៉ះទង្គិចគ្នារវាងក្រុមប៉ូលីស និងក្រុមបាតុករយ៉ាងធ្ងន់ធ្ងរក្នុងពេលដែលប្រជាជនក្នុងតំបន់នាំគ្នាប្រារព្ធខួបនៃការស្លាប់បាត់បង់ជីវិតរបស់យុវជន Michael Brown។ ស្ថានការណ៍ហាក់បីដូជជាអាក្រក់ រហូតដល់ប៉ូលីសនិងក្រុមបាតុករប្រើប្រាស់កាំភ្លើងតបតគ្នាទៅវិញទៅមកផងដែរ ។
កាលពីថ្ងៃអាទិត្យ បាតុករប្រហែលជា ២០០នាក់បានប្រមូលផ្តុំគ្នានៅតាមផ្លូវនៅតំបន់ដដែលដែលមានចលនាបាតុកម្មកាលពីឆ្នាំមុនប្រឆាំងប៉ូលិសស្បែកសដែលសម្លាប់យុវជនស្បែកខ្មៅម្នាក់ផងង។ ពួកគេស្រែកគ្រវីទង់ជាតិនិងលើកពាក្យស្លោកប្រឆាំងអាជ្ញាធរនិងប៉ូលិស ដោយបាតុកម្មនេះគឺដើម្បីរម្លឹកពីការស្លាប់បាត់បង់ជីវិតដ៏អយុត្តិធម៌របស់ក្មេងប្រុសស្បែកខ្មៅម្នាក់ឈ្មោះ Michael Brown កាលពីឆ្នាំមុនព្រោះត្រូវប៉ូលិសស្បែកសបាញ់សម្លាប់។ ការប្រមូលផ្តុំគ្នានេះបាតុកម្មដោយអហិង្សាបានប្រែក្លាយជាហិង្សា ហើយគេឃើញបាតុករជាច្រើននាក់ត្រូវបានប៉ូលីសចាប់ខ្លួន ហើយល្ងាចថ្ងៃចន្ទប៉ូលិសបានចាប់ខ្លួនមនុស្ស៩នាក់ផ្សេងទៀតដែរ។ ប៉ុន្តែស្ថានភាពកាន់តែអាក្រក់ឡើង រហូតដល់អាជ្ញាធរបានសម្រេចប្រកាសដាក់រដ្ឋក្នុងភាពអាសន្នផងដែរ។ កម្លាំងប៉ូលិស និងកងសន្តិសុខត្រូវបានគេដាក់ពង្រាយដើម្បីបង្ការគ្រោះមហន្តរាយ ព្រោះមានបាតុករមា្នក់បានបាញ់ស្រោចលើប៉ូលីសក្នុងចលនាបាតុកម្មផង។
អាជ្ញាធរតំបន់ St. Louis បានបញ្ជាក់ថា ការប្រកាសដាក់តំបន់ក្នុងស្ថានភាពប្រកាសអាសន្ននេះក៏ដោយសារស្ថានភាពវិវត្តទៅរកភាពធ្ងន់ធ្ងរ ដោយហិង្សាកើនឡើង ខណៈពេលក្រុមបាតុករ ខឹងកាន់តែខ្លាំរហូតដល់ថ្នាក់ប្រើប្រាស់អាវុធបាញ់សមត្ថកិច្ចផង។ វិធានការនេះ ជាវិធានការបន្ទាន់បង្ខំដើម្បីបង្កាបញ្ហាកុំឲ្យបន្តរីករាលដាលរហូតដល់មានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណនៅ តំបន់ផ្សេងទៀតផង។
ទាក់ទិនការបាញ់ស្រោចលើប៉ូលីស អាជ្ញាធរបានប្រាប់ថា ជនល្មើសជាយុវជនម្នាក់វ័យ១៨ឆ្នាំ។ យុវជននេះមានឈ្មោះថាTyrone Harris ដោយគេបានរងការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធករណីបាញ់ប្រហារប៉ូលីសកាលពីថ្ងៃអាទិត្យ ក្នុងពេលដែលប្រជាជនឯទៀតនាំគ្នាប្រារព្ធខួបមួយឆ្នាំនៃការស្លាប់របស់យុវជនស្បែកខ្មៅខាងលើ។
គួរបញ្ជាក់ថា យុវជន Michael Brown ជាក្មេងប្រុសស្បែកខ្មៅម្នាក់ដែលត្រូវបានប៉ូលីសស្បែកសបាញ់ប្រហារហើយស្លាប់បាត់បង់ជីវិកាលពីដើមខែសីហាឆ្នាំមុន។ ការស្លាប់នេះបានបង្កឲ្យមានការខឹងសម្បារខ្លាំងក្នុងចំណោមប្រជាជនស្បែកខ្មៅ។ ក្រោយមកការបាតុកម្មតវ៉ាសរហូតមានហិង្សានៅតំបន់ Ferguson ផ្ទុះឡើងព្រោះការសម្រេចរបស់តុលាការប្រចាំតំបន់ ដោយលើកលែងការចោទប្រកាន់ប៉ូលីសស្បែកសដែលបានបាញ់ប្រហារក្មេងប្រុសស្បែកខ្មៅខាងលើ ។ គ្រប់គ្នាចាត់ទុកថា អាជ្ញាធរអាមេរិកលំអៀង និងរើសអើងពណ៌សម្បុរស្បែក ហើយសហគមន៍ជនជាតិអាមេរិកស្បែកខ្មៅបន្តតវ៉ា និងទាមទារឲ្យអាជ្ញាធរផ្លាស់ប្តូរឥរិយាបទ និងគោរពសិទ្ធិរបស់ពួកគេផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com