ជាតិ
មរតកអ្នកស្រុកអង្គរនឹងត្រូវតាំងពិព័រណ៍ក្បែរប្រាសាទបន្ទាយក្តីពីថ្ងៃទី១៨សីហា រូប និងសំឡេង (Photovoice) ជាកម្មវិធីស្រាវជ្រាវកេរមរតកវប្បធម៌ខ្មែរ តាមរយៈការថតរូប និងពន្យល់ខ្លឹមសារនៃរូបថតដោយផ្ទាល់ ពីសំណាក់ប្រជាជន ដែលកំពុងរស់នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ។ កម្មវិធីនេះផ្តោតសំខាន់ទៅលើការងារអភិរក្សមរតកអរូបី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងនាំសំឡេងរបស់អ្នកស្រុកអង្គរទៅកាន់សាធារណជនទាំងអស់ អំពីការព្រួយបារម្ភ ការសប្បាយរីករាយនិងក្តីសង្ឃឹមចំពោះអនាគតដ៏ប្រសើរជាងមុនរបស់ពួកគាត់។
ពិព័រណ៍រូបនិងសំឡេង ក្រោមប្រធានបទ «ស្ត្រីខ្មែរនៅពេលអតីត បច្ចុប្បន្ន និងអនាគត» នឹងត្រូវរៀបចំឡើងនៅមណ្ឌលលំនៅដ្ឋានខ្មែរនៃអាជ្ញាធរជាតិអប្សរាក្បែរប្រាសាទបន្ទាយក្តី ស្ថិតនៅក្នុងភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ពិព័រណ៍នេះនឹងចាប់ដំណើរការពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ ពិធីសម្ពោធជាផ្លូវការនឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែសីហា វេលាម៉ោង៩:០០នាទីព្រឹក ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរជាតិអប្សរា។
កញ្ញា ឆោម គន្ធា នាយិកាសារមន្ទីរព្រះនរោត្តមសីហនុអង្គរ និងជាអ្នកសម្របសម្រួលកម្មវិធី ពន្យល់ថា គម្រោងពិព័រណ៍ក្រោមប្រធានបទ «ស្ត្រីខ្មែរនៅពេល អតីត បច្ចុប្បន្ន និងអនាគត» នេះនឹងដាក់តាំងបង្ហាញពី រូបថត និងសំឡេង របស់អ្នកភូមិចំនួន៧ ដែលរស់នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ។ រូបថត និងសំឡេងនេះ ធ្វើឡើងលើប្រធានបទ៤ផ្សេងគ្នាគឺ ស្ត្រីនិងការផ្ទេរចំណេះដឹង ស្ត្រីនិងការងារកសិកម្ម ស្ត្រីនិងសម្លៀកបំពាក់ ស្ត្រីនិងជំនឿអរូបី។
កញ្ញាបន្ថែមថា កម្មវិធីរូប និងសំឡេងនេះ អនុវត្តដោយសារមន្ទីរចំនួន៤នៃកម្ពុជាគឺ សារមន្ទីរព្រះនរោត្តមសីហនុអង្គរនៃអាជ្ញាធរជាតិអប្សរា សារមន្ទីរជាតិអង្គរ សារមន្ទីជាតិកម្ពុជានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសារមន្ទីរធម្មជាតិសកលសម្តេចតេជោហ៊ុនសែនព្រះវិហារនៃអាជ្ញាធរជាតិព្រះវិហារ ក្រោមជំនួយឧបត្ថម្ភពីអង្គការយូណេស្កូ និងរដ្ឋាភិបាលជប៉ុន។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១១មក អង្គការយូណេស្កូ និងតំបន់បេតិកភណ្ឌពិភពលោកចំនួន៦ ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា វៀតណាម ឡាវ បានបង្កើតកិច្ចសហការស្រាវជ្រាវបេតិកភណ្ឌ អរូបីថ្នាក់អនុតំបន់មួយ ដែលមិនធ្លាប់មានពីមុនមកក្រោមចំណងជើងថា៖ «មរតកយើងទាំងអស់គ្នា ដើម្បីស្វែងយល់ពីរមណីយដ្ឋាន បេតិកភណ្ឌពិភពលោកនៅប្រទេសកម្ពុជា វៀតណាម ឡាវ» ដោយមានការរៀបចំពិព័រណ៍ចំនួន៩កន្លែងរួចមកហើយ ជាមួយនឹងកម្មវិធីអប់រំផ្សព្វផ្សាយផងដែរ។ ពិព័រណ៍ រូប និងសំឡេងនៅពេលនេះ ជាផ្នែកមួយនៃកម្មវិធីសំខាន់មួយនេះ។
អាជ្ញាធរជាតិអប្សរាបានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ និងសាធារណជនទាំងអស់ចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកតម្លៃមរតកអរូបី នៃរមណីយដ្ឋានអង្គរ និងចូលរួមថែរក្សាឲ្យបានគង់វង្សទាំងអស់គ្នា៕
Tag:
អង្គរ; បន្ទាយក្តី
រូប និងសំឡេង
© រក្សាសិទ្ធិដោយ thmeythmey.com