ជាតិ
ម្តាយ នី មុនីនាថ ច្រានចោល​ដំណឹង​ស្នេហ៍​ជំនួស​កូនស្រី
19, Aug 2015 , 8:55 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ថ្មីៗនេះ​មាន​ព័ត៌មាន​ថា តារា​សម្តែង កញ្ញា នី មុនីនាថ កំពុង​ព្យាយាម​កាត់​ផ្តាច់ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក សូ​ឡា ខណៈដែល​លេច​ឮថា នាង​កំពុងតែ​លួច​បង្កើត​ចំណង​ស្នេហ៍​ជាមួយ​បុរស​អ្នកមាន​ទ្រព្យ និង​ជា​ម្ចាស់​ហាង​នៅ​ទួលគោក​ម្នាក់ ប៉ុន្តែ​ព័ត៌មាន​នេះ ម្តាយ​តារា​ទឹកភ្នែក នី មុនីនាថ ចេញមុខ​ច្រានចោល​ថា កូនស្រី​អ្នកស្រី​មិនបាន​បង្កើត​ទំនាក់​ជាមួយ​បុរស​ណា​ទេ។


 
ម្តាយ នី មុនីនាថ បាន​ចេញមុខ​ច្រានចោល​ព័ត៌មាន​ដែល​មហាជន​មួយចំនួន​សង្ស័យថា កូនស្រី​របស់គាត់ នី មុនីនាថ ទំនង​ជាមាន​ស្នេហា​ជាមួយ​បុរស​អ្នកមាន​ទ្រព្យ និង​ជា​ម្ចាស់​ហាង​មួយរូប តែ​គាត់​បញ្ជាក់ថា នាថ គ្រាន់តែ​រាប់អាន​គ្នា​តែប៉ុណ្ណោះ ហើយ​ការដែល​កូនស្រី​រាប់អាន​ជាមួយ​បុរស​ម្នាក់នេះ មិនមែន​ទើបតែ​ធ្វើឡើង​នៅពេលនេះ​ទេ គឺមាន​រយៈពេល​យូរ​ឆ្នាំ​មកហើយ។
 
ម្តាយ នី មុនីនាថ បន្តថា ចំពោះ​រឿងរ៉ាវ​គេ​យល់ច្រឡំ​បែបនេះ គឺ​កូនស្រី​អ្នកស្រី​ជួប​ញឹកញាប់​មកហើយ​ជាមួយ​បុរស​ថៅកែ​ហាង​រូបនោះ តែ​ដល់​កើត​បញ្ហា​គេ​យល់ច្រឡំ​បែបនេះ អ្នកស្រី​មិនដឹង​ធ្វើ​ម៉េច មានតែ​ព្យាយាម​ចេញមុខ​ឆ្លើយតប បញ្ជាក់​ការពិត​ឲ្យ​មហាជន​បានដឹង​ប៉ុណ្ណោះ ព្រោះ​កូនស្រី​ជា​អ្នកសិល្បៈ ដូច្នេះហើយ ទោះបីជា​អ្នកស្រី​គេច​មុខ​មិន​ព្រម​ចេញមក​ឆ្លើយបំភ្លឺ មានតែ​នាំឱ្យ​ព័ត៌មាន​ទាំងនេះ​រីក​កាន់តែ​ធំ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់​កូនស្រី​ទៅវិញ។
 
ទន្ទឹមគ្នា​នឹង​ការបញ្ជាក់​ប្រាប់​រឿង​មហាជន​យល់ច្រឡំ​នេះ ម្តាយ នី មុនីនាថ ក៏បាន​បង្ហើប​ឲ្យ​ដឹងផង​ដែរ ចំពោះ​រឿងរ៉ាវ​ដែល​គេ​និយាយថា ស្នេហា នី មុនីនាថ ប្រេះស្រាំ​ជាមួយ​លោក សូ​ឡា តែ​ម្តាយ​តារា​ទឹកភ្នែក​រូបនេះ មិនបាន​បរិយាយ​អ្វី​ច្រើន​ទេ ដោយ​អ្នកស្រី​គ្រាន់តែ​ប្រាប់ថា ពួកគេ​មិនមាន​កើតរឿង​រ៉ាវ​អ្វី​ឡើយ គឺ​គេ​នៅតែ​ឈ្វេង​យល់ចិត្ត​គ្នា ដើម្បី​ឈានទៅរក​ការរៀបចំ​គម្រោង​រៀបការ​ប៉ុណ្ណោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com