ខៀវ សុខារ៉ាវី ថាគ្មានឧកញ៉ាណាតាមយកចិត្តនាងទេ
×
ភ្នំពេញ៖ក្រោយពេលវិលមកបង្អួតសម្រស់ជាថ្មីនៅក្នុងពិភពសិល្បៈ តារាសម្តែងនិងចម្រៀងនាង ខៀវ សុខារ៉ាវី ទោះជាត្រូវបានអ្នកគាំទ្រមួយចំនួននិយាយថា នាងរាងថមថយសម្រស់ជាងមុនបន្តិចក្តី ប៉ុន្តែថ្មីៗនេះ ស្រាប់តែមានព័ត៌មានថា មានឧកញ៉ាលុយក្រាស់ក្រែលម្នាក់ កំពុងព្យាយាមតាមយកចិត្តនាង និងបានបោះប្រាក់ធ្វើជាធ្នាក់ទៀតផង។
តារាសម្តែង និងចម្រៀងនាង ខៀវ សុខារ៉ាវី ក្រោយពេលប្រកាសវិលមកប្រឡូកសិល្បៈជាថ្មីមិនទាន់បានប៉ុន្មានផង ស្រាប់តែមានព័ត៌មានថា មានឧកញ៉ាម្នាក់ កំពុងព្យាយាមតាមយកចិត្តនាង និងចាយប្រាក់ធ្វើជាធ្នាក់ ក៏ទាក់យកក្តីស្រឡាញ់ពីតារាស្រីរូបនេះថែមទៀតផង។ ហើយការតាមប្រមាញ់បេះដូងពីឧកញ៉ានេះ ខៀវ សុខារ៉ាវី ក៏កំពុងខ្វល់ចិត្ត គិតមិនទាន់ច្បាស់ត្រូវឆ្លើយតបយ៉ាងណានោះទេ។
នៅពេលផ្ទាល់សម្ភាសតាមទូរស័ព្ទជាមួយ ann នាង ខៀវ សុខារ៉ាវី បានប្រាប់ឲ្យដឹងថា នាងមិនមានស្នេហាជាមួយឧកញ៉ា ដូចព័ត៌មានដែលគេនិយាយនោះទេ ហើយនាងក៏មិនបានទទួលយកស្នេហាពីបុរសរូបណា ឬឧកញ៉ារូបណាដែរ ដូច្នេះហើយ នាងមិនខ្លាចចេញមុខឆ្លើយតបជាមួយអ្នកព័ត៌មានឡើយ។
នាង ខៀវ សុខារ៉ាវី បន្តថា ពេលនេះ នាងមិនបានគិតរឿងស្នេហានោះទេ កុំថាឡើយរហូតដល់ខ្ញុំបានដើរលេងជាមួយឧកញ៉ាណាម្នាក់ ដែលគេល្បីថា មានឧកញ៉ាតាមផ្គាប់ចិត្តខ្ញុំនោះ។ នាងបន្តថា រឿងនេះនាងសុំបដិសេធដាច់យ៉ាងដាច់ខាត។ ហើយពេលនេះ នាងកំពុងមានការរវល់មើលថែម្តាយឈឺ រកតែពេលសំរាកគ្មានផង តើនាងមានពេលឯណាទៅសាងស្នេហ៍ជាមួយអ្នកណាម្នាក់នោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com