សង្គមអន្តរជាតិ​
អន្តរជាតិ
តំណាង​ គីម ​ជុង​អ៊ុន ​គំរាម​វាយប្រហារ​កូរ៉េខាងត្បូង​នៅ ​អ.ស.ប
22, Aug 2015 , 1:31 pm        
រូបភាព
ក្រោយ​ក្រុង​ព្យុងយ៉ាង​ប្រកាស​បញ្ជា​ទ័ព​ឲ្យ​ប្រុងប្រៀប​ធ្វើសង្គ្រាម តំណាង លោក គីម ជុង​អ៊ុន បាន​ថ្លែង​សុន្ទរកថា​ព្រមាន​ប្រឆាំង​តប​ដោយ​ប្រើ​ទ័ព ប្រសិនបើ​កូរ៉េខាងត្បូង​មិន​បញ្ឈប់​សកម្មភាព​ឃោសនា​បង្ខូចឈ្មោះ​ខ្លួន​តាម​ព្រំដែន។  មិនមែនជា​រឿង​ធម្មតា​ទេ ដែល​តំណាង​ក្រុង​ព្យុងយ៉ាង​យក​វេទិកា​អង្គការសហប្រជាជាតិ​ថ្លែងស​ន្ទុ​រក​ថា គំរាម​វាយប្រហារ​កូរ៉េខាងត្បូង​ដូច្នេះ។ កូរ៉េខាងជើង​ក៏បាន​ស្នើ​ឲ្យ​មាន​ការបើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ជជែក​វិបត្តិ​ឧបទ្វីប​កូរ៉េ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ផងដែរ។

 
បេសកជន​តំណាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ថ្លែង​សុន្ទរកថា​ព្រមាន​តបត​ដោយ​ប្រើប្រាស់​កម្លាំង​ទ័ព​ប្រឆាំង​កូរ៉េខាងត្បូង ប្រសិនបើ​កូរ៉េខាងត្បូង​មិន​ព្រម​បញ្ឈប់​ការឃោសនា​តាម​ព្រំដែន​តាម​ខ្លួន​ទាមទារ​ទេនោះ។ 
 
ឯកអគ្គរដ្ឋទូត​រង​កូរ៉េខាងជើង​ប្រចាំ​អង្គការ​សហ​ប្រជា​តិ​លោក An Myong  Hun បានផ្តល់​សុន្ទ​កថា​នៅ​អង្គការសហប្រជាជាតិ​ម្សិលមិញ​ថា សកម្មភាព​ប្រឆាំង​ដោយ​ប្រើ​កម្លាំងយោធា​របស់​រដ្ឋាភិបាល​លោក​នឹង​ខ្លាំង​បំផុត​មិន​ធ្លាប់មាន ហើយ​វា​ជា​រឿង​មិនអាច​ចៀស​រួច​ឡើយ បើ​កូរ៉េខាងត្បូង​នៅ​រឹងទទឹង​មិន​ធ្វើតាម​ខ្លួន​ទាមទារ​ទេ។ អ្នកការទូត​ម្នាក់នេះ​ថ្លែង​ទាំងមុខ​មាំ​ដោយ​ប្រើប្រាស់​សំលេងខ្លាំងៗ ដោយ​ព្រមាន​ជាមុន​ថា សង្គ្រាម​ប្រឆាំង​កូរ៉េខាងត្បូង​មិនអាច​ចៀស​រួច​ឡើយ បើ​កូរ៉េខាងត្បូង​នៅតែ​បន្ត​បង្ករឿង​ធ្វើ​ឲ្យ​ខ្លួន​ក្តៅក្រហាយ​នោះ។ 
 
មន្ត្រីការទូត​កូរ៉េខាងជើង​ខាងលើ ក៏បាន​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​បន្ទាន់​មួយ​ផងដែរ​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​ដើ​ម្ប​ជជែក​ពិភាក្សាគ្នា​ពី​ស្ថានភាព​និង​វិបត្តិ​ឧបទ្វីប​កូរ៉េ​បច្ចុប្បន្ន។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា​គ្មាន​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ណាមួយ​គាំទ្រ​សំណើរ​របស់លោក​ឡើយ សូម្បីតែ​សម្ព័ន្ធមិត្ត​ខ្លួន​ចិន។
 
 លោក​សង្កត់ធ្ងន់ថា ស្ថានភាព​បច្ចុប្បន្ន​បញ្ជា​ក់​ច្បាស់​ថា​ឧបទ្វីប​កូរ៉េ​ក្បែរ​នឹង​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​ទៅហើយ ដែល​វា​ចាំបាច់​ណាស់​ត្រូវមាន​ដំណោះស្រាយ​មួយ។ ក្រៅ​លើកឡើង​ពី​គ្រោះថ្នាក់​នៃ​ការប្រឈមមុខគ្នា​នេះ មន្ត្រី​កូរ៉េខាងជើង​នេះ​ក៏​បន្ត​ចោទប្រកាន់​កូរ៉េខាងត្បូង​និង​អាមេរិក​ផង​ថា​ជា​មេ​បង្កបញ្ហា និង​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​តានតឹង​និង​ដុនដាប​ខ្លាំង។ ជាពិសេស​ភាគី​ទាំងពីរ​នេះ​កំពុង​លាប​ពណ៌​និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក គីម ជុង​អ៊ុន បាក់មុខបាក់មាត់ និង​មានកេរ្តិ៍ឈ្មោះ​អាក្រក់​លើ​ឆាក​អន្តរជាតិ​ផង។
 
យ៉ាងណាក៏ដោយ ជុំវិញ​ការប្រឈមមុខ​ដាក់គ្នា​ខ្លាំង​រហូតដល់​បញ្ជា​ឲ្យ​ទ័ព​ត្រៀម​ធ្វើសង្គ្រាម​នេះ បានធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​បារម្ភ​ជាខ្លាំង។ គេ​ឃើញ​ក្រសួងការបរទេស​ចិន​ចេញ​សេចក្តីថ្លែងការណ៍​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បញ្ឈប់​សកម្មភាព​ដែល​បង្ក​ឲ្យ​ភាព​តានតឹង​កើនឡើង​និង​ស្នើ​ឲ្យ​កូរ៉េ​ទាំងពីរ​អត់ធ្មត់។ ចំណែក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន ដែល​ធ្លាប់​ធ្វើជា​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​ពី​ឆ្នាំ ២០០៤ដល់​ឆ្នាំ ២០០៦នោះ​ក៏​បង្ហាញ​កង្វល់​ខ្លាំង​ដែរ តែ​លោក​បាន​ទ​ទួ​ច​ឲ្យ​ភាគី​អត់ធ្មត់ ធ្វើយ៉ាងណា​បញ្ចៀស​សង្គ្រាម​ឲ្យ​បាន​ផងដែរ។ 
 
សូមបញ្ជាក់ថា តំណាង​រដ្ឋាភិបាល​លោក គីម ជុង​អ៊ុន ចេញមុខ​ប្រើប្រាស់​វេទិកា​អង្គ​សហប្រជាជាតិ​គំរាម​កូរ៉េខាងត្បូង ក្រោយ​ពេលដែល​ប្រមុខរដ្ឋ​កូរ៉េខាងជើង​ដាក់​បញ្ជា​ឲ្យ​ទ័ព​នៅ​ខ្សែត្រៀម​ជួរមុខ​រៀបចំខ្លួន​ត្រៀម​ធ្វើសង្គ្រាម និង​ក្រោយ​មានការ​ដាក់​ឱសានវាទ​សម្រាប់​កូរ៉េខាងត្បូង​ក្នុង​ការដក​ឧបករណ៍​ឃោសនា​ចេញពី​ព្រំដែន​ត្រឹម​ល្ងាច​ថ្ងៃ​សៅរ៍៕
 

Tag:
 កូរ៉េខាងជើង
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com