សង្គមអន្តរជាតិ​
អន្តរជាតិ
ហាង​កាហ្វេ​ដុំ​លាមក គំនិត​ច្នៃប្រឌិត​ថ្មី​នៅ​ទីក្រុង​សេ​អ៊ូ​ល
22, Aug 2015 , 9:20 pm        
រូបភាព
ដោយ: ធីតា
បន្ទាប់ពី​ហាង​កាហ្វេ​សត្វ​ឆ្មា ហាង​លក់​ទឹកដោះ​ម្តាយ ហាង​កាហ្វេ​សត្វ​ទីទុយ ពេលនេះ​មាន​ហាង​កាហ្វេ​ដ៏​ចម្លែក​ថ្មី​មួយទៀត គឺ​ហាង​កាហ្វេ​ដុំ​លាមក​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង សេ​អ៊ូ​ល កូរ៉េខាងត្បូង នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​ព័ត៌មាន Daily Mail ។

 
ហាង​នេះ​មាន​ឈ្មោះថា Ddo-Ong Cafe ដែល​ប្រែ​ថា កាហ្វេ​ដុំ​លាមក។ រាល់​ការតុបតែង​នៅក្នុង​ហាង តាំងពី​ពែង នំ និង ក្រែ​ម​ដែល​ដាក់​ក្នុង​កាហ្វេ​ដើម្បី​លម្អ​នោះ ក៏​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​រូបភាព​នៃ​លាមក​ទាំងអស់។ ផើងផ្កា​គឺជា​បង្គន់​នោម​សម្រាប់​បុរស ឯ​រូបភាព​នៅលើ​ជញ្ជាំង​វិញ គឺជា​រូបភាព​នំ​ដុំ​លាមក និង​រូប​បង្គន់​តែម្តង។ សូមបញ្ជាក់ថា រាល់​ភេសជ្ជៈ​ទាំងអស់​ត្រូវបាន​បម្រើ​ដោយ​ដាក់​ក្នុង​ពែង ដែល​ច្នៃ​ជា​រូប​បង្គន់​កាច់​ទឹក។ ភ្ញៀវម្នាក់ៗដែល​ចូលមក​ខាងក្នុង​ហាង ងឿងឆ្ងល់​ថា តើ​ចាំបាច់​លម្អិត​រូបភាព​ដល់​ថ្នាក់​នេះ​ឬ ?
 
Lexi ជា​ជនជាតិ​អាមេរិកាំង​រស់នៅ​ក្រុង​សេ​អ៊ូ​ល​បាន​និយាយ​ពីបទ​ពិសោធន៍​របស់ខ្លួន​នៅក្នុង​ហាង​កាហ្វេ​នេះ​ថា៖ « ខ្ញុំ​មាន​អារម្មណ៍​មិនសូវ​ស្និទ្ធ​ប៉ុន្មាន​ទេ នៅពេលដែល​ផឹក​កាហ្វេ​ក្នុង​ពែង​រាង​ចាន​បង្គន់​នោះ។ តែ​អ្វីដែល​សំខាន់ គឺ​ខ្ញុំ​បាន​រូបថតប្លែកៗនៅ​ទីនោះ »។
 
តាមពិតទៅ ហាង​កាហ្វេ​ដុំ​លាមក​នេះ​មិនមែនជា​គំនិត​បង្កើត​ថ្មី​អ្វី​នោះទេ។ ហាង​នេះ​បាន​យកតម្រាប់​តាម​ភោជនីយដ្ឋាន Modern Toilet នៅ​ទីក្រុង​តៃវ៉ាន់ ដែល​បាន​រកឃើញ​គំនិត​តែង​លម្អ​ពាក់ព័ន្ធ​នឹង​ដុំ​លាមក​មុនគេ។ ហាង Modern Toilet នេះ​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ២០០៤ ។ ហាង​នេះ​បានទទួល​ជោគជ័យ ហើយ​ក៏បាន​ពង្រីក​សាខា​រហូតដល់​ជាង ១២ នៅ​ទូទាំង​ទ្វីបអាស៊ី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com