ជាតិ
CCHR ជំរុញឲ្យមន្ត្រីសាធារណៈគោរពសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា
×
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៤ខែសីហានេះ ដោយបានបង្ហាញក្តីបារម្ភចំពោះការអត្ថាធិប្បាយរបស់លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ដែលបានពាក្យសម្តីមិនសមរម្យសំដៅទៅលើអ្នកប្តូរភេទ។ ពាក្យសម្តីរបស់លោក គួច ចំរើន បានធ្វើឡើងបន្ទាប់ពីមានការចាប់ខ្លួនលើក្រុមមនុស្សមួយចំនួននៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ខែសីហាកន្លងទៅ។
CCHR បានស្រង់សម្តីរបស់លោកអភិបាលខណ្ឌដូនពេញថា៖«មនុស្ស៥១នាក់ រួមទាំងអ្នករកស៊ីផ្លូវភេទ ខ្ទើយ និងអ្នកដែលគ្មានផ្ទះសម្បែង ត្រូវបានចាប់ខ្លួនដោយសារតែពួកគេនាំមកនូវភាពអាម៉ាស់ដល់ខ្លួនផង និងសង្គមជាតិផង»។
បើតាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ការអត្ថាធិប្បាយបែបនេះបានបង្កនូវបញ្ហា ដោយសារទី១ ពាក្យថាខ្ទើយ មិនអាចទទួលយកបានសម្រាប់អ្នកប្តូរភេទ និងគួរតែចៀសវាង ជាពិសេសពីមន្ត្រីសាធារណៈ និងទី២ ការអត្ថាធិប្បាយរបស់លោក គួច ចំរើន ដែលថាប៉ូលិសបានកំណត់មុខសញ្ញាទៅលើអ្នកប្តូរភេទ ថាជាក្រុមខុសពីគេ បានបង្ហាញពីការរើសអើងដោយផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណយេនឌ័រ។
CCHR បានគូសបញ្ជាក់ទៀតថា តួអង្គសាធារណៈ អាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការកំណត់ទិដ្ឋភាពសង្គម ដើម្បីធ្វើឲ្យមានភាពកាន់តែល្អប្រសើរ ឬកាន់តែអាក្រក់ ពាក់ព័ន្ធទៅនឹងបញ្ហានិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ។
លោក នួន ស៊ីដារ៉ា មន្ត្រីសម្របសម្រួលគម្រោងនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ បានមានប្រសាសន៍ថា៖«ពាក្យប្រមាថអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅអ្នកប្តូរភេទ ដែលប្រឈមនឹងការគាបសង្កត់ ការមិនអើពើ ហើយពួកគេនឹងរងការរើសអើងបែបនេះអស់មួយជីវិត។ ពាក្យទាំងនេះធ្វើឲ្យមានការឈឺចាប់ និងការបង្ហាញពីការខ្វះការគោរពដល់សហគមន៍អ្នកប្តូរភេទ និងសហគមន៍ង្នកស្រឡាញ់ភេទដូចគ្នាជាទូទៅ»។ តែយ៉ាងណាក៏ដោយ មន្ត្រីរួបនេះ ក៏បានសរសើរ នឹងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីសាធារណៈជាច្រើន ក្នុងការលើកកម្ពស់ការគោរពសិទ្ធិរបស់អ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា តែចំពោះករណីនេះ បង្ហាញពីការតម្រូវការនៃការបង្កើតច្បាប់ប្រឆាំងនឹងការរើសអើងជាបន្ទាន់ ឲ្យបានកាន់តែឆាប់ តាមដែលអាចធ្វើបាន»។
CCHR ក៏អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ឲ្យដូចជាពលរដ្ឋទូទៅ ព្រោះអ្នកប្តូរភេទមានសិទ្ធិទទួលបានការគោរពពេញលេញ និងស្មើគ្នាដូចពលរដ្ឋកម្ពុជាទូទៅនៅក្នុងសង្គម និងគាំទ្រចំពោះរាល់សេចក្តីថ្លែងការពារសិទ្ធិរបស់អ្នកប្តូរភេទ ព្រមទាំងជំរុញឲ្យមន្ត្រីសាធារណៈទាំងអស់ត្រូវអនុវត្តឲ្យបានត្រឹមត្រូវផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com