ជាតិ
សង្គមជាតិ
លោក ប៊ុន ណា​រិ​ទ្ធ ត្រូវ​ផ្លាស់​ចេញពី​តំណែង​អគ្គនាយក​អាជ្ញាធរ​អប្សរា
26, Aug 2015 , 10:22 am        
រូបភាព
 
លោក ប៊ុន ណា​រិ​ទ្ធ ដែល​បាន​កាន់កាប់​តំណែង​អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​តាំងពី​ឆ្នាំ២០០១ នឹងត្រូវ​ផ្លាស់ប្តូរ​ចេញពី​តួនាទី​នេះ នៅ​រសៀល​ថ្ងៃ​ពុធ​ទី២៦សីហា​នេះ។ ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​អះអាង​ប្រាប់​សារព័ត៌មានថ្មីៗនៅ​ព្រឹក​នេះ​ថា អតីត​នាយក​សាលា​ភូមិន្ទ​រដ្ឋបាល លោក ស៊ុំ ម៉ាប់ នឹងត្រូវ​ប្រកាស​ឲ្យ​បន្ត​តំណែង​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​នេះ នៅក្នុង​ពិធី​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​របស់លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី។

 
អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​លោក ឡុង កុសល បាន​ពន្យល់ថា ការផ្លាស់ប្តូរ និង​ផ្ទេរ​ភារកិច្ច​មន្ត្រី​គឺជា​ដំណើរការ​ធម្មតា​មួយ​ក្នុង​ស្ថាប័នរដ្ឋ ហើយ​លោក​បាន​បន្ត​យ៉ាង​ដូច្នេះ៖«ឯកឧត្តម ប៊ុន ណា​រិ​ទ្ធ បាន​ដល់​អាយុ​ចូល​និវត្ត ដូច្នេះ​នេះ​គឺជា​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ដែល​មន្ត្រី​ដល់​អាយុ​ចូល​និវត្ត​ត្រូវដាក់​ឲ្យ​ចូល​និវត្ត ដើម្បី​អនុញ្ញាត​ឲ្យ​មាន​មន្ត្រី​ជំនាន់​ថ្មី​បន្តការងារ»។
លោក ប៊ុន ណា​រិ​ទ្ធ ត្រូវបានតែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ នៃ​ទីស្តីការគណរដ្ឋមន្ត្រី ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com