ជាតិ
មិនគួរ​ឲ្យ​ជឿ តែ​ជា​រឿង​ពិត៖ លោក លាង ហេង ទទួល​បច្ច័យ​ពី​បុណ្យ១ម៉ឺន​ដុល្លារ​​យកទៅ​ជូន​ពេទ្យ​គន្ធ​បុ​ប្ជា
26, Aug 2015 , 9:22 pm        
រូបភាព
លោក លាង ហេង ឈរ​ជិត​ជនជាតិបារាំង​កាន់បណ្ណវិភាគទាន
លោក លាង ហេង ឈរ​ជិត​ជនជាតិបារាំង​កាន់បណ្ណវិភាគទាន
ភ្នំពេញ៖ វា​ជា​រឿង​ដែល​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​មិនអាច​ធ្វើបាន ឬ​មិនដែល​សូវ​ធ្វើ។ តែ​លោក លាង ហេង ពាណិជ្ជករ​វ័យក្មេង បានសម្រេច​ចិត្ត​ធ្វើ​សកម្មភាព​មនុស្សធម៌​ដើម្បី​ផ្លាស់ប្តូរ​ផ្នត់គំនិត​ពលរដ្ឋ​ខ្មែរ​មួយចំនួន។ បច្ច័យ​ដែល​ទទួលបាន​ពី​បុណ្យសព​យាយ​របស់លោក លោក លាង ហេង បានសម្រេច​យកទៅ​បរិច្ចាគ​ជូន​ពេទ្យ​គន្ធ​បុ​ប្ជា​ទាំងអស់។ ទឹកប្រាក់​សរុប​ផ្តល់ជូន​ពេទ្យ​គន្ធ​បុ​ប្ជា​នៅ​ថ្ងៃ​ពុធ​នេះ មាន​ចំនួន១ម៉ឺន​ដុល្លារ​អាមេរិក។



លោក លាង ហេង ជា​ពាណិជ្ជករ​សាមញ្ញ​ម្នាក់ ហើយក៏​មិនសូវមាន​ទ្រព្យសម្បត្តិ​មហាសាល​ដូច​អ្នកមាន​ដទៃទៀត​នោះទេ។ តែ​លោក​មាន​ទឹកចិត្ត​សណ្តោស​អ្នកក្រីក្រ​ភាគច្រើន។ លោក​មាន​អាយុ​ជាង៤០ឆ្នាំ មាន​អត្តចរិត​ស្លូតបូត និង​មាន​សម្តីសំដៅ​សាមញ្ញ​បំផុត។ កាលពី៦ថ្ងៃមុន យាយ​របស់លោក​ដែលមាន​ឈ្មោះថា អ៊ា អេង អាយុ៩៤ឆ្នាំ​បាន​លាចាក​លោក​ទៅ។ ក្រោយពី​លោកយាយ​របស់លោក​បាន​ស្លាប់​ហើយ​នោះ លោក លាង ហេង និង​ក្រុមគ្រួសារ​ចាប់ផ្តើម​គិតពី​ការធ្វើ​បុណ្យសព​លោកយាយ អ៊ា អេង និង​បន្ទាប់មកទៀត លោក លាង ហេង ក៏មាន​គំនិត​គិតថា បច្ច័យ​ដែល​ទទួលបាន​ពី​បុណ្យសព​នេះ លោក​នឹងត្រូវ​ប្រគល់ជូន​ពេទ្យ​គន្ធ​បុ​ប្ជា ពីព្រោះ​មន្ទី​ពេទ្យ​នេះ​កំពុង​ត្រូវការ​ជំនួយ​ដើម្បី​ជួយ​កុមារ​ក្រីក្រ។ ព័ត៌មាន​ផ្តល់​បច្ច័យ​ជូន​មន្ទី​ពេទ្យ​គន្ធ​បុ​ប្ជា​នេះ ត្រូវបាន​លោក លាង ហេង ប្រកាសប្រាប់​ភ្ញៀវ​ទាំងអស់​ដែល​បានមក​ចូលរួម​បុណ្យសព​តាំងពី​ថ្ងៃទី១នៃ​ពិធីបុណ្យ។

«កន្លងមក គ្រួសារ​ខ្ញុំ​ធ្លាប់ធ្វើ​បុណ្យ​ច្រើន​នៅតាម​បណ្តា​ទី​វត្ត​អារាមផ្សេងៗ ។ តែ​ពេលនេះ ពួកយើង​គិតថា ចង់​ជួយ​ពេទ្យ​គន្ធ​បុ​ប្ជា​ម្តង។ មិនមែន​មានតែ​ខ្ញុំ​ទេ​ជួយ​ពេទ្យ​នេះ តាមពិត មាន​គេ​ជួយ​ពេទ្យ​នេះ​ក៏​ច្រើន​គ្នា​ដែរ»។ លោក លាង ហេង រារែក​ក្នុង​ចិត្ត​ខ្លាំងណាស់ មុននឹង​សម្រេចចិត្ត​និយាយប្រាប់​អ្នកសារព័ត៌មាន។ មូលហេតុ គឺ​ដោយសារ​លោក​បារម្ភ​ខ្លាច​គេ​អត្ថាធិប្បាយ​ថា លោក​ចង់បាន​មុខមាត់​នៅតាម​បណ្តាសារ​ព័ត៌មាន។

ចំណូល​ទទួលបាន​ពី​បុណ្យ​មាន​ចំនួន៥ពាន់​ដុល្លារ​អាមេរិក និង ៥ពាន់​ដុល្លារ​ទៀត គឺជា​ទឹកប្រាក់​កេរដំណែល​របស់​លោកយាយ អ៊ា អេង ដែល​លោកយាយ​បាន​សន្សំ​តាំងពី​យូរយា​ណាស់​មកហើយ។ លោក លាង ហេង បានបញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗនៅ​យប់​ថ្ងៃ​ពុធ​នេះ​ថា ទាំង​បច្ច័យ​របស់​អ្នក​ចូល​បុណ្យ​បូក​និង​ថវិកា​កេរតំណែល​របស់គាត់ ត្រូវបាន​ប្រគល់ជូន​មន្ទី​ពេទ្យ​គន្ធ​បុ​ប្ជា​ទាំងអស់ ពោលគឺ​ទឹកប្រាក់​សរុប​មាន​ចំនួន១ម៉ឺន​ដុល្លារ​អាមេរិក។ លោក លាង ហេង បាន​បន្ត​បញ្ជាក់ទៀតថា ថវិកា​បច្ច័យ​ពី​បុណ្យសព និង​កេរ​របស់​លោកយាយ មិនបាន​យកទៅ​ទូទាត់​ថ្លៃ​ធ្វើបុណ្យ​នោះទេ ពោល គឺ​គ្រួសារ​របស់លោក​បានសម្រេច​ចិត្ត​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាជាង១ម៉ឺន​ផ្សេងទៀត​ដើម្បី​រៀបចំ​ពិធីបុណ្យ​សព​នៅ​ថ្ងៃ​ស្លាប់ និង​នៅ​ថ្ងៃបុណ្យ៧ថ្ងៃ។ បុណ្យសព៧ថ្ងៃ​របស់​លោកយាយ អ៊ា អេង នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​នៅ​ម្តុំ​ស្តា​ត​អូឡាំពិក​ទីក្រុង​ភ្នំពេញ។

លោក ហេង រដ្ឋា មន្ត្រី​នៃ​មន្ទី​រដ្ឋសភាជាតិ និង​ជា​មិត្តភក្តិ​ជិតស្និទ្ធ​លោក លាង ហេង ដែល​បានរៀបចំ​នីតិវិធី​នៃ​ការ​ផ្តល់ជំនួយ​ជូន​ពេទ្យ​គន្ធ​បុ​ប្ជា បាន​អត្ថាធិប្បាយ​ថា កាយវិការ​របស់លោក លាង ហេង គឺមាន​អត្ថន័យ​ខ្លឹមសារ​ជ្រាលជ្រៅ​ខ្លាំងណាស់​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​កុមារ​ក្រីក្រ ក្នុង​កាលៈទេសៈ​ដែល​មន្ទីរពេទ្យ​មួយ​នេះ​កំពុង​ស្វែងរក​ជំនួយ​បន្ថែម។ ម្យ៉ាងទៀត ថវិកា​នៃ​ក្រុមគ្រួសារ​លោក លាង ហេង នៅពេលនេះ​បាន និង​កំពុង​បញ្ជាក់ប្រាប់​ម្ចាស់ជំនួយ​បរទេស​ដទៃ​ទៀតថា «ខ្មែរ​ក៏​កំពុងតែ​ជួយ​ខ្មែរ​ដែរ»។ លោក រដ្ឋា បន្តទៀតថា នៅពេលដែល​បរទេស​គេ​មើលឃើញថា ខ្មែរ​ចេះ​ជួយ​ខ្មែរ​គ្នាឯង​ដែរនោះ នោះ​ម្ចាស់ជំនួយ​បរទេស​រឹត​តែមាន​ទឹកចិត្ត​ជួយ​ខ្មែរ​បន្ថែមទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com