ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច១៤ទៀត ត្រូវរដ្ឋាភិបាលបន្ថយពេលវិនិយោគមកត្រឹម៥០ឆ្នាំ
× ក្រសួងបរិស្ថានបានសម្រេចកាត់បន្ថយរយៈពេលវិនិយោគរបស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន១៤ក្រុមហ៊ុន ពី៩៩ឆ្នាំ ៨០ឆ្នាំ និង៧០ឆ្នាំ មកនៅត្រឹម៥០ឆ្នាំ។ ក្រុមហ៊ុនទាំអនោះ ជាក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគ អភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចទំហំ៥៩,២៤២ហិចតា ស្ថិតនៅក្នុងខេត្តចំនួន៤ គឺខេត្តក្រចេះ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តរតនគិរី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ចេញផ្សាយនៅថ្ងៃទី២៦ខែសីហា ក្រុមហ៊ុនដែលត្រូវបានអនុញ្ញាតឲ្យអនុវត្តន៍គម្រោង និងបំពេញនីតិវិធីដែលបានដោះស្រាយផលប៉ះពាល់រួច មានក្រុមហ៊ុនចំនួន៨ ទទួលបានសម្បទានដីសេដ្ឋកិច្ចនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃស្នួល ក្នុងខេត្តក្រចេះ និងក្នុងតំបន់ដែនជម្រកសត្វព្រៃស្នួល ក្នុងខេត្តឧត្តរមានជ័យ ចំនួន៤ក្រុមហ៊ុន ទទួលបានសម្បទានដីសេដ្ឋកិច្ចនៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ខេត្តព្រះវិហារ និង២ក្រុមហ៊ុនទៀតដែលទទួលបានសម្បទានដីសេដ្ឋកិច្ចនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិវីរជ័យ ខេត្តរតនគិរី។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងបរិស្ថានបានពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគ អភិវឌ្ឍន៍ទាំងអស់ចំនួន១១៣ ក្នុងទំហំផ្ទៃដី៦១០,២៩៦.៧៥ហិចតា ក្នុងចំណោមនោះ គម្រោងចំនួន៩០ ត្រូវបានដាក់ឆ្លងអង្គប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិភាក្សា និងលើកសំណើជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ជាលទ្ធផលគម្រោង ២៣ ត្រូវបានរាជរដ្ឋាភិបាលសម្រេចដកហូតសិទ្ធិវិនិយោគ គម្រោងចំនួន ៤ បានស្ម័គ្រចិត្តប្រគល់ឲ្យរាជរដ្ឋាភិបាលគ្រប់គ្រងវិញ គម្រោងចំនួន ៤ ត្រូវកាត់បន្ថយទំហំវិនិយោគ គម្រោងវិនិយោគចំនួន២០ ត្រូវរដ្ឋាភិបាលទុកពេលពី ៦ខែ ទៅ១ឆ្នាំ បន្តធ្វើការតាមដាន និងចំនួន២៨ទៀត ត្រូវបានរដ្ឋាភិបាលសម្រេចបន្តអនុវត្តន៍គម្រោងលើផ្ទៃដីដែលបានដោះស្រាយផលប៉ះពាល់រួច ដោយកាត់បន្ថយរយៈពេលកិច្ចសន្យាមកត្រឹម៥០ឆ្នាំ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល គណៈកម្មការអន្តរក្រសួង ក៏កំពុងពិនិត្យ និងវាយតម្លៃលើគម្រោងវិនិយោគចំនួន១១ទៀត។ ចំណែក២៣គម្រោងទៀត នឹងត្រូវឆ្លងគណៈកម្មការអន្តរក្រសួងនាពេលឆាប់ៗខាងមុខ។
ក្រសួងបរិស្ថានក៏បានគួសបញ្ជាក់នៅក្នុងសេចក្តី ប្រកាសព័ត៌មានថា ការត្រួតពិនិត្យវាស់វែង និងវាយតម្លៃគម្រោងសម្បទានដីសេដ្ឋកិច្ចដែលស្ថិតក្រោមការគ្រប់គ្រង់របស់ក្រសួងបរិស្ថានឡើងវិញនេះ គឺដើម្បីពង្រឹងការគ្រប់គ្រង់គម្រោងវិនិយោគ អភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព ផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគ ដោះស្រាយលើផលប៉ះពាល់ទាំងឡាយឲ្យបានត្រឹមត្រូវ និងកំណត់ច្បាស់លាស់ថាសម្បទានដីសេដ្ឋកិច្ចទាំងអស់ និងមិនមានការប៉ះពាល់ដល់ដីធ្លីរបស់ប្រជាពលរដ្ឋឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com