សង្គមអន្តរជាតិ
អន្តរជាតិ
បងប្អូនស្រីឥណ្ឌា២នាក់ត្រូវកាត់ទោសឲ្យរងការចាប់រំលោភ និងស្រាតបង្ហាញសាធារណជន
×
ក្នុងភូមិមួយ នៅឥណ្ឌាថ្មីៗនេះ មានបងប្អូនស្រី២នាក់ អាយុ២៣ឆ្នាំ និង១៥ឆ្នាំ ត្រូវបានក្រុមប្រឹក្សាភូមិដាក់ទោសអោយរងការចាប់រំលោភ និងស្រាតសម្លៀកបំពាក់បង្ហាញសាធារណជន។ អង្គការAmnesty International បានចាត់អោយមានញ្ញត្តិក្នុងវេបសាយ ដើម្បីទាត់ចោលការកាត់ទោសដ៏អយុត្តិធម៌។
មូលហេតុដែលនាំអោយក្រុមប្រឹក្សាភូមិនោះកាត់ទោសដូច្នេះ គឺដោយសារតែបងប្រុសរបស់ស្ត្រីទាំង២នាក់ បាននាំគ្នារត់គេចខ្លួនជាមួយស្ត្រីម្នាក់ ដែលមានស្វាមីរួចមកហើយ។ ស្ត្រីដែលរត់គេចខ្លួននោះ មកពីគ្រួសារវណ្ណៈខ្ពង់ខ្ពស់។ គាត់ប្រហែលកំពុងមានផ្ទៃពោះជាមួយបុរសជាបងប្រុសនោះ។ ដូច្នេះ ស្រីទាំង២នាក់ដែលត្រូវជាប្អូនរបស់បុរសសាហាយ ត្រូវតែអោយគេរំលោភ ត្រូវលាបមុខពណ៌ខ្មៅ និងស្រាតននលគកនៅចំពោះមុខសាធារណជន។
អង្គការAmnesty International បរិហារថា ក្នុងការកាត់ទោសនេះ សមាជិកក្រុមប្រឹក្សាភូមិសុទ្ធតែជាមនុស្សប្រុស ហើយមានសមាជិកម្នាក់មកពីវណ្ណៈខ្ពស់Jat ដូចវណ្ណៈរបស់ស្ត្រីដែលរត់គេចខ្លួនជាមួយបងប្រុសជនរងគ្រោះទាំង២ដែរ។ ម្ល៉ោះហើយ ទើបពួកគេសម្រេចបែបនេះ ជាការដាក់ទោសដល់បងប្រុសនារីទាំង២នាក់។ អង្គការAmnesty International សុំអោយអាជ្ញាធរឥណ្ឌាអន្តរាគមន៍អោយបានឆាប់រហ័ស ដើម្បីជួយនារីរងគ្រោះទាំង។
ជាទូទៅ ក្រុមប្រឹក្សាភូមិដាច់ស្រយាលនានានៅឥណ្ឌាតែងធ្វើការសម្រេចទោស ដោះស្រាយបញ្ហាក្នុងភូមិ។ សមាជិកក្រុមប្រឹក្សាសុទ្ធតែជាបុរសវ័យចំណាស់ ហើយការកាត់ទោសធ្វើឡើងអាស្រ័យតាមវណ្ណៈសង្គមដែលមានក្នុងប្រពៃណីពីដើមមក។ ប៉ុន្តែ រដ្ឋាភិបាលឥណ្ឌាមិនទទួលស្គាល់ការកាត់ទោសរបស់ពួកគេទេ។ ទោះយ៉ាងនេះក្តី ក៏ជនដែលជាប់ទោស ពីក្រុមប្រឹក្សាខុសច្បាប់ នៅតែទទួលទោសដដែល។
ឱពុកយុវតីឥណ្ឌាទាំង២បានដាក់ពាក្យប្តឹងទៅស្ថាប័នជាតិចំនួន២ ដើម្បីការពារក្រុមគ្រួសារពួកគាត់ដែលរងការធ្វើទុក្ខបុកម្នេញពីគ្រួសាររបស់ស្ត្រីដែលរត់គេចខ្លួនជាមួយកូនប្រុសគាត់ និងពីប៉ូលិសផងដែរ។ យុវតីរងគ្រោះម្នាក់ជាប្អូនស្រីក៏បានដាក់ពាក្យប្តឹងទៅតុលាការកំពូលផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com