ជាតិ
​​​ន​យោ​បាយ​ជាតិ​
ឧទ្ធរណ៍កំពុង​បើកសវនាការ​ប្រឆាំង​ដីកា​សម្រេច​ឃុំខ្លួន​លោក ហុង សុខ​ហួរ
02, Sep 2015 , 8:13 am        
រូបភាព
 
នៅ​ព្រឹកថ្ងៃទី២ កញ្ញា នេះ តុលាការ​សាលាឧទ្ធរណ៍​ កំពុងបើកសវនាការ​ជំនុំជម្រះប្រឆាំងនឹងដី​កាសម្រេច​ឲ្យ​ឃុំខ្លួន លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធ​​សភា គណបក្ស​សម រង្ស៊ី ពី​សំណាក់​តុលាការដំបូង​រាជធានី​ភ្នំពេញ។ នៅក្នុង​បន្ទប់​សវនាការនៅព្រឹកនេះ មិនមានវត្តមានជនជាប់​ចោទលោក ហុង សុខហួរ នោះឡើយ ដោយមានវត្តមានតែមេធាវី​លោក ហុង សុខហួរ​ តែប៉ុណ្ណោះ​។



លោក ជួង ជូ​ងី ដែលជា​មេធាវី​ការពារ​ក្តី ឲ្យ​លោក ហុង សុខ​ហួរ កាល​ពី​ពេល​កន្លងទៅ​ធ្លាប់​ថ្លែង​ប្រាប់​សារ​ព័ត៌មានថ្មីៗថា រូបលោក​មិន​សូវ​សង្ឃឹម​សោះឡើយ​ថា តុលាការ​សាលាឧទ្ធរណ៍ នឹង​បដិសេធ​ដីកា​សម្រេច​ឃុំខ្លួន​កូនក្តី​របស់លោក​នោះ។ ប៉ុន្តែ​លោក សង្ឃឹមថា លោក ហុង សុខ ហួរ អាច​នៅក្រៅ​ឃុំ​បាន ល្គឹកណា​មាន​ដំណោះស្រាយ​តាមផ្លូវ​នយោបាយ។ 
 
លោក ហុង សុខ​ហួរ ត្រូវបាន​កងកម្លាំង​មាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​នៅ​ព្រឹក​ព្រហាម​ថ្ងៃ​សៅរ៍ ទី១៥ ខែសីហា នៅ​ភូមិគ្រឹះ​ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ នៅ​ថ្ងៃទី១៦ខែសីហា សមាជិក​ព្រឹទ្ធសភា គណបក្ស​សម រង្ស៊ី​រូបនេះ ត្រូវបាន​លើ​បទចោទប្រកាន់​ចំនួន៣ គឺ​បទ​ក្លែង និង​ប្រើ ឯកសារ​សាធារណៈ រួមទាំង​ញុះញង់​ឲ្យ​មាន​បទល្មើស​ម​ជ្ឈិម។
 
ការចាប់​ខ្លួន​លោក ហុង សុខ​ហួរ ត្រូ​វ​បាន​ចាប់​ខ្លួន​បន្ទាប់ពី​មាន​ពី​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី១៣ខែសីហា។ ការបញ្ជា​ឲ្យ​ចាប់ខ្លួន​នេះ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អះអាងថា លោក ហុង សុខ​ហួរ បាន​បកស្រាយខុស​ពី​បញ្ហា​ព្រំដែន ជាពិសេស​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​វៀតណាម។ លោក ហ៊ុន សែន បាន​លើកឡើងថា ការបកស្រាយ​បែបនេះ គឺជា​បទល្មើស​ក្បត់ជាតិ។ លោក​ក៏បាន​ហាម​ផងដែរ ចំពោះ​ការធ្វើអន្តរាគមន៍​នានា​ពី​បណ្តា​ទូត​បរទេស និង​គណបក្សនយោបាយ ព្រោះនេះ​គ្រាន់តែ​ជា​រឿង​បុគ្គល​ម្នាក់​ប៉ុណ្ណោះ៕

Tag:
 ហុង សុខ​ហួរ
© រក្សាសិទ្ធិដោយ thmeythmey.com