សង្គមអន្តរជាតិ​
អន្តរជាតិ
កសិករ​ឥណ្ឌា​ម្នាក់​ស្រាត​ជិត ៤០ ឆ្នាំ​មកហើយ ដោយសារតែ​មានប្រតិកម្ម​ជាមួយ​សម្លៀកបំពាក់
30, Aug 2015 , 8:19 pm        
រូបភាព
ដោយ: ធីតា
 
ត្រឹមតែ​ពាក់​ស្រោមជើង​ក៏​ធ្វើ​ឲ្យ​កសិករ​ឥណ្ឌា​ម្នាក់នេះ​មានការ​ឈឺចាប់​រោលរាល​ទៅហើយ។ ដោយសារ​មានប្រតិកម្ម​ជាមួយនឹង​ក្រណាត់ បុរស​ម្នាក់នេះ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ស្រាត​អស់​រយៈពេល​ជិត ៤០ ឆ្នាំ​មកហើយ​នោះទេ។ ប៉ុន្តែ វា​មិនមែនជា​រឿង​ចម្លែក​ទេ ព្រោះថា​អ្នកដទៃ​ទៀត​ក្នុងភូមិ Rajpur នៅ​រដ្ឋ West Bengal ប្រទេស​ឥណ្ឌា ក៏​ស្រាត​ដូចជា​គាត់​អ៊ីចឹង​ដែរ។

Subal Barman អាយុ ៤៣ ឆ្នាំ​បាន​និយាយថា៖ « តាំងពីក្មេង​មក ខ្ញុំ​មិនអាច​ពាក់​ខោអាវ​បានទេ ព្រោះថា​ពេលដែល​សាច់​ក្រណាត់​ប៉ះ​ជាមួយ​ស្បែក ខ្លួនប្រាណ​ខ្ញុំ​ទាំងមូល​ត្រូវ​រលាក​យ៉ាងខ្លាំង »។ សូម្បីតែ​គេង​នៅលើ​កម្រាល ក៏​បុរស​កំសត់​នេះ​មិនអាច​គេង​បានដែរ។ Subal ត្រូវបាន​គេ​សន្និដ្ឋានថា មាន​ជំងឺ​ចម្លែក នៅពេលដែល​គាត់​មាន​អាយុ ៥ ឆ្នាំ ហើយ​ការសន្និដ្ឋាន​រោគ​នេះ​ត្រូវបាន​បញ្ជាក់​សាជាថ្មី​ដោយ​គ្រូពេទ្យ​មូលដ្ឋាន កាល​គាត់​អាយុ ១៧ ឆ្នាំ។ ជំងឺ​នេះ​ទាមទារ​ឲ្យ​មានការ​ព្យាបាល តែ​គាត់​គ្មាន​លទ្ធភាព​ទៅ​ព្យាបាល​នៅ​ទីក្រុង​ក្បែរ​នេះ​ទេ ព្រោះ​វា​ត្រូវ​ចំណាយ​អស់ប្រាក់​ច្រើនណាស់។ ហេតុនេះ គាត់​សុខចិត្ត​មក​រស់នៅក្នុង​ខ្ទម​ក្នុង​តំបន់​ដាច់ស្រយាល​នេះ។
 
មនុស្ស​ជាច្រើន​អាច​នឹង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បើសិនជា​ពួកគេ​ឃើញ​បុរស​ម្នាក់​ដើរកាត់​ចុះឡើង​ដោយ​គ្មាន​សម្លៀកបំពាក់​បិទបាំង​ខ្លួន តែ​សម្រាប់​អ្នកភូមិ​របស់ Subal ពួកគេ​ក៏មាន​ទម្លាប់​ស្រាត​ដូច Subal ដែរ។ កសិករ​រូបនេះ​បាន​និយាយថា៖ « ចៃដន្យ​អី អ្នកជិតខាង​របស់ខ្ញុំ​មាន​ទម្លាប់​ដូច​ខ្ញុំ​ដែរ ដូច្នេះ វា​ជា​រឿង​ធម្មតា​ទេ គ្មានអ្វី​គួរ​ឲ្យ​និយាយ​ឡើយ »។ គាត់​បាន​បន្ថែមទៀតថា៖ « ពួកគេ​ដឹងថា ខ្ញុំ​មាន​ជំងឺ​នេះ​ច្រើន​ឆ្នាំ​មកហើយ ពួកគេ​បណ្តោយ​តាម​ខ្ញុំ ហើយ​មិនដែល​សើចចំអក​ឲ្យ​ខ្ញុំ​ដែរ »។
 
ប្រឈម​នឹង​ជំងឺ​ដ៏​ចម្លែក​នេះ បុរស​ដ៏​ក្លាហាន​នេះ​មិន​ព្រម​បណ្តោយ​ឲ្យ​វា​មក​បំផ្លាញ​ជីវិត​សង្គម​របស់គាត់​ជាដាច់ខាត។ កសិករ​រូបនេះ​បាន​ពន្យល់ថា គាត់​ទៅ​ចូលរួម​ក្នុង​ពិធីមង្គលការ ពិធីបុណ្យ​ជប់លៀងផ្សេងៗ ហើយក៏​ចូលទៅក្នុង​វិហារ​ទាំង​សភាព​ស្រាត​ផងដែរ។ បើទោះជា​យ៉ាងនេះ​ក៏ដោយ Subal មិនដែល​ចាកចេញ​ពី​ភូមិ​របស់គាត់​ទេ។
 
រដូវ​ត្រជាក់​គឺជា​រដូវ​ដែល​អំណោយផល​សម្រាប់​បុរស​ចម្លែក ព្រោះថា​ធាតុ​ត្រជាក់​ប៉ះ​នឹង​ដងខ្លួន​ទទេ​របស់គាត់ ធ្វើ​ឲ្យ​គាត់​ស្រួលខ្លួន។ ចំណែក​នៅ​រដូវក្តៅ​វិញ គាត់​ត្រូវ​មុជ​ទឹកជា​ច្រើនដង ព្រោះថា​ស្បែក​របស់គាត់​ចាញ់​កម្ដៅថ្ងៃ​ខ្លាំងណាស់។ កម្តៅថ្ងៃ​ធ្វើ​ឲ្យ​គាត់​ស្កៀបរមាស់ ហើយ​មានតែ​ទឹក​ប៉ុណ្ណោះ​ទើប​អាចជួយ​បាន។ Subal មិន​បណ្តោយ​ឲ្យ​ជំងឺ​ប្រតិ​កម្មនេះ​ប៉ះពាល់​ដល់​ការងារ​ស្រែចម្ការ​របស់គាត់​ឡើយ ប៉ុន្តែ​គាត់​ត្រូវ​អត់ទ្រាំ​នឹង​ជីវិត​ឯកា ក្រោយពី​ឪពុក​ស្លាប់​កាលពី​គាត់​នៅ​ក្មេង និង​ម្តាយ​ស្លាប់​នៅ​ឆ្នាំ ២០០៣ ។
 
បុរស​នេះ​បាន​ត្អូញត្អែរថា៖ « តើ​មាន​ស្រី​ណា​ព្រម​រៀបការ​ជាមួយ​បុរស​ដែលមាន​បញ្ហា​ដូច​ខ្ញុំ​ទៅ ? គ្មាន​គ្រួសារ​ណា​ព្រម​ឲ្យ​កូនស្រី​របស់ខ្លួន​យក​ខ្ញុំ​ទេ។ ខ្ញុំ​គ្មាន​ជម្រើស​ក្រៅពី​រស់នៅ​តែម្នាក់ឯងរ​ហូត​នោះទេ។ វា​គឺជា​វាសនា​របស់ខ្ញុំ ទោះជា​ខ្ញុំ​កើតទុក្ខ ឬ​ខូចចិត្ត​យ៉ាងណា ក៏​មិនអាច​ដោះស្រាយ​បញ្ហា​បានដែរ »។
 
បុរស​រូបនេះ​ជឿថា លក្ខខណ្ឌ​ពិសេស​របស់គាត់​អាច​ជាការ​ប្រសិទ្ធិ​ពរ​របស់​ព្រះ។ « ខ្ញុំ​ព្រម​ទទួលយក​នូវ​ភាព​ពិសេស​នេះ។ ប្រហែលជា​ព្រះ​មើលឃើញថា ខ្ញុំ​ជាម​នុស្ស​ពិសេស​ខុសពី​អ្នកដទៃ »៕
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com