ជាតិ
បទវិភាគ
មុខរបរ​ខុសច្បាប់ ជ្រក​ក្រោម​ស្លាក​មុខរបរ​ស្របច្បាប់
30, Aug 2015 , 2:21 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ ជាធម្មតា ពលរដ្ឋ​នៅក្នុង​ប្រទេសនីមួយៗ ត្រូវតែ​ប្រកប​អា​វីវ​កម្ម​របស់ខ្លួន​ដោយ​ស្របច្បាប់​និង​គោលការណ៍​សីលធម៌។ ប៉ុន្តែ ជា​អកុសល នៅ​ប្រទេស​ណាក៏ដោយ ក៏​តែងតែមាន​អាជីវកម្ម​ខុសច្បាប់​និង​អសីលធម៌​មួយចំនួន​បានកើត​ឡើង​ដែរ។ ដោយឡែក នៅ​កម្ពុជា ក៏​មិន​ខុសគ្នា​ដែរ ជាពិសេស ពេលដែល​កម្ពុជា ទើបតែ​បញ្ចប់សង្គ្រាម​និង​បានធ្វើ​សមាហរណកម្ម​រវាង​ភាគី​ខ្មែរ​ដែល​បដិបក្ខ​គ្នា​ក្នុង​សង្គ្រាមស៊ីវិល។ ក្នុង​ខណៈនោះ យើង​បាន​សង្កេតឃើញ​មាន​អំពើ​ខុសច្បាប់ និង/ឬ អសីលធម៌​ជាច្រើន​មាន​អត្ថិភាព​ក្នុងសង្គម​ខ្មែរ ដូចជា ការជួញដូរ​ផ្លូវភេទ, ការជួញដូរ​គ្រឿងញៀន, ល្បែងស៊ីសង, ល្បែងភ្នាល់​បាល់, ល្បែង​ឆ្នោត, ការកាប់បំផ្លាញ​ព្រៃឈើ, ការនេសាទ​ខុសច្បាប់ ជាដើម។ ជាការ​ឆ្លើយតប អាជ្ញាធរ​បាន​ចាត់វិធានការ​លើ​មុខរបរ​ទាំងនេះ ដោយបាន​បង្ក្រាប​និង​កាត់បន្ថយ​មួយចំនួនធំ។ ប៉ុន្តែ ទោះបីជា​យ៉ាងណាក៏ដោយ ក៏​មុខរបរ​ខុសច្បាប់​ទាំងនោះ មិន​សាបសូន្យ​ទេ វា​បានរ​ត់ទៅ​ជ្រក​ក្រោម​ស្លាក​មុខរបរ​ស្របច្បាប់​មួយចំនួន​ទៅវិញ។


ខាងក្រោម​នេះ យើង​នឹង​បង្ហាញ​ឧទាហរណ៍​ទាក់ទង​នឹង​មុខរបរ​ខុសច្បាប់​មួយចំនួន ដែល​បានរ​ត់ទៅ​ជ្រក​ក្រោម​ស្លាក​មុខរបរ​ស្របច្បាប់៖     
ល្បែងភ្នាល់​បាល់ ជ្រក​ក្រោម​ស្លាក «internet café មួយចំនួន»
ការ​ទទួលផល​ចោរកម្ម ជ្រក​ក្រោម​ស្លាក «ហាង​បញ្ចាំ មួយចំនួន»
ការលក់​ឆ្នោត ជ្រក​ក្រោម​ស្លាក «តូប​លក់​ខោ អាវ, តូប​លក់​ចាប់ហួយ...មួយចំនួន»
ការជួញដូរ​គ្រឿងញៀន ជ្រក​ក្រោម​ស្លាក «ក្លឹប​កំសាន្ត/KVT...មួយចំនួន»
ការជួញដូរ​ផ្លូវភេទ ជ្រក​ក្រោម​ស្លាក «កោស​ជប់/ម៉ាស្សា/កាត់សក់/ហាង​កាហ្វេ/ក្លឹប​កំសាន្ត/KVT...មួយចំនួន»
ការកាប់​ឈើ​ខុសច្បាប់ ជ្រក​ក្រោម​ស្លាក «ការសម្អាត​ព្រៃឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច»
ការរាន​យក​ដី​របស់​រដ្ឋ, ការលក់ដូរ​ទីតាំង​ក្រសួង ស្ថាប័នរដ្ឋ និង ការរំលោភ​យក​ដី​សហ​គម​ន៍ ឬ​ដី​របស់​ប្រជាជន​ក្រីក្រ ជ្រក​ក្រោម​ស្លាក «ការអភិវឌ្ឍ និង ការប្ដូរ​ទៅកាន់​ទីតាំង​ដែល​ទូលាយ​ជាង»
ជនខិលខូច ជ្រក​ក្រោម​ស្លាក «ឧកញ៉ា ទីប្រឹក្សា ឯកឧត្តម តំណាងរាស្ត្រ និង​ឧ​ត្ត​ម​សេនីយ៍...»
តា​រយៈ​ឧទាហរណ៍​ទាំងនេះ ពិតជា​បានបង្ហាញ​ឱ្យឃើញថា  មុខរបរ​ខុសច្បាប់​ទាំងនោះ មិន​សាបសូន្យ​ទេ វា​គ្រាន់តែ​បាន​ប្ដូរ​រូបរាង ឬរ​ត់ទៅ​ជ្រក​ក្រោម​ស្លាក​មុខរបរ​ស្របច្បាប់​មួយចំនួន​ប៉ុណ្ណោះ។ មុខរបរ ឬ​សកម្មភាព​ខុសច្បាប់​ទាំងនេះ កំពុងតែ​វាយប្រហារ​យ៉ាងខ្លាំង​មក​លើស​ង្គ​ខ្មែរ​រៀងរាល់ថ្ងៃ។ វា​បាន​ពង្វក់​ពលរដ្ឋ​ខ្មែរ​និង​យុវជន​មួយចំនួន​ឱ្យ​ញៀន ងប់​ង​ល់ ភ្លេច​ការងារ ការសិក្សា ភារកិច្ច កាតព្វកិច្ច​របស់ខ្លួន និង​បោះបង់ចោល​នូវ​តម្លៃផ្សេង។ ទីបំផុត ពួកគេ​កាន់​តែមាន​ជីវភាព​ក្រីក្រ គ្មាន​ចំណេះដឹង​ជ្រៅជ្រះ និង ក្លាយជា​មនុស្ស​ដែល​ដាក់បន្ទុក​និង​បង្ក​ភាពស្មុគស្មាញ​កាន់តែខ្លាំង​ដល់​សង្គម។  
 
លើសពីនេះទៅទៀត ការរាន​យក​ដី​របស់​រដ្ឋ, ការលក់ដូរ​ទីតាំង​ក្រសួង ស្ថាប័នរដ្ឋ និង ការរំលោភ​យក​ដី​សហ​គម​ន៍ ឬ​ដី​របស់​ប្រជាជន​ក្រីក្រ ដែល​ជ្រក​ក្រោម​ស្លាក «ការអភិវឌ្ឍ ឬ​ការប្ដូរ​ទៅ​ទីតាំង​ដែល​ធំ​ជាង​មុន» ក៏​កំពុង​ធ្វើឱ្យ​បាត់បង់​ដី​របស់​រដ្ឋ, ដី​សហគមន៍ និង ដី​របស់​ប្រជាជន, ដែល​ទីបំផុត ធ្វើឱ្យ​មន្ត្រីរាជការ​ជួប​ការលំបាក ឯ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​គ្មាន​ដី​ប្រកប​របរ​កសិកម្ម ដែល​ធ្វើឱ្យ​ពួកគេ​កាន់តែ​ក្រទៅ។
 
ចំពោះ​ជនខិលខូច ដែល​ជ្រក​ក្រោម​ស្លាក ឧកញ៉ា ទីប្រឹក្សា ឯកឧត្តម តំណាងរាស្ត្រ និង​ឧ​ត្ត​ម​សេនីយ៍... បាននិងកំពុង​ធ្វើឱ្យ​ប្រជាជន មានការ​ភ័យខ្លាច, អយុត្តិធម៌​សង្គម, និ​ទណ្ឌ​ភាព, ការរំលោភ​សិទ្ធិមនុស្ស, អំពើហិង្សា​និង ការរំលោភ​ដីធ្លី​សហគមន៍ ឬ​ដី​របស់​ប្រជាជន​ក្រីក្រ​នៅតាម​មូលដ្ឋាន។ លើសពីនេះ វា​ក៏​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​នៃ​មុខងារ​របស់ ឧកញ៉ា ទីប្រឹក្សា ឯកឧត្តម តំណាងរាស្ត្រ និង​ឧ​ត្ត​ម​សេនីយ៍ ដែល​កំណត់ដោយ​ច្បាប់​ផងដែរ។ 
 
រឿងរ៉ាវ​ទាំងនេះ ហាក់ដូចជា​មិនមែនជា​រឿង​អាថ៌កំបាំង​ទេ ប៉ុន្តែ ហេតុអ្វី​បានជា​គ្មាន​ការចាត់វិធានការ​ទប់ស្កាត់ ឬ​បង្ក្រាប​ឱ្យ​ម៉ឺងម៉ាត់? ជាការ​ឆ្លើយតប​នឹង​ចម្ងល់​នេះ មានមតិ​ខ្លះ​លើកឡើងថា អាចមាន​បុគ្គល​មានអំណាច​មួយចំនួន ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​នឹង​អំពើ​ខុសច្បាប់​ទាំងនេះ។ ហេតុនេះ យើង​សូម​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ពិនិត្យមើល​មុខរបរ​ខុសច្បាប់​មួយចំនួន ដែល​បានរ​ត់ទៅ​ជ្រក​ក្រោម​ស្លាក​មុខរបរ​ស្របច្បាប់ និង​សូមជួយ​ធ្វើ​អន្តរាគមន៍ លើ​ជនខិលខូច​មួយចំនួន ដែល​បាន​ជ្រក​ក្រោម​ស្លាក ឧកញ៉ា ទីប្រឹក្សា ឯកឧត្តម តំណាងរាស្ត្រ និង ឧ​ត្ត​ម​សេនីយ៍...ឱ្យទាន់​ពេលវេលា។ បើ​មិន​ដូច្នោះ​ទេ សង្គម​ខ្មែរ នឹង​មិនអាច​រស់នៅ​ប្រកបដោយ សន្តិសុខ សណ្ដាប់ធ្នាប់, យុត្តិធម៌, សេខ​ក្ដី​ថ្លៃថ្នូរ, សមធម៌, សមភាព, ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព, និង សុខដុម​នីយកម្ម​បាន​ឡើយ៕    
 
 
 

Tag:
 ជំនួញ
  សេដ្ឋកិច្ច
  សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com