ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ​CNRP ឲ្យ​ពលរដ្ឋ​ដែល​តវ៉ាបង្ហាញខ្លួន​ពិត និង​វិក្កយបត្រ មក​ទទួល​លុយ​វិញ
01, Sep 2015 , 10:17 am        
រូបភាព
ដោយ:
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកាស ឬ​សរសេរ​ញត្តិ​ទាមទារ​ប្រាក់​វិភាគទាន​ដែល​ពួកគេ​ផ្តល់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​ទូរទស្សន៍​យកមក​វិញ​នោះ បង្ហាញខ្លួន និង​វិក្កយបត្រ ដើម្បី​ទទួល​ប្រាក់​ដែល​ពួកគេ​បានផ្តល់​ដល់​គណបក្ស។



អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ហាក់​សង្ស័យ​ពី​អត្តសញ្ញាណ​ពិតប្រាកដ​នៃ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ពី​រឿង​មូលនិធិ​ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ។ លោក យឹម សុវណ្ណ  ស្នើ​ឲ្យ​អ្នក​តវ៉ា​ទាំងនោះ បង្ហាញខ្លួន និង​វិក្កយបត្រ​ត្រឹមត្រូវ​ដែល​ខ្លួន​អះអាងថា បានផ្តល់​វិភាគទាន​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ដល់​រូបលោក ដើម្បី​ទទួលយក​ប្រាក់​នោះ​វិញ។« ខ្ញុំ​ដូចជា​ឆ្ងល់​ដែរ ឃើញតែ​ញត្តិ ហើយ​កាសែត​ចុះផ្សាយ ចង់យក​លុយ​វិញ តែ​មិន​បង្ហាញខ្លួន និង​វិក្កយបត្រ​នោះទេ។ បើ​បង្ហាញ​ដឹងថា នរណា​ពិតប្រាកដ ខ្ញុំ​នឹង​ឲ្យ​លុយ​វិញ​ភ្លាម»។ នេះ​ជាការ​បញ្ជាក់​របស់លោក យឹម សុវណ្ណ។ 
 
សារ​ព័ត៌មាន​​Fresh News បាន​ចុះ​ផ្សាយ​ញត្តិ​ពលរដ្ឋ​តវ៉ា​ថា ​ពលរដ្ឋ​ម្នាក់​ឈ្មោះ សុក ស៊ី​ផៃ ដែល​អះអាងថា ខ្លួន​តំណាង​ឲ្យ​ពលរដ្ឋ ៣៥ គ្រួសារ​នៅ​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល និង​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយ​រៀង​ជាង ២០ គ្រួសារ បាន​សរសេរ​ញត្តិ​ជូន​លោក សម រង្ស៊ី ស្នើសុំ​យក​ថវិកា​របស់​ពួកខ្លួន ដែល​ផ្តល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បង្កើត​ទូរទស្សន៍​មកវិញ ក្រោយពី​ពួកគេ​ទទួលដំណឹង​នៃ​ភាពមិនប្រក្រតី​នៃ​មូលនិធិ​ទូរទស្សន៍​នេះ។ 
 
លោក យឹម សុវណ្ណ ព្រលយ​សម្តី​ថា ប្រសិនបើ​ពលរដ្ឋ​ដែល​តវ៉ា​ទាមទារ​ចង់​ដក​លុយ​វិញ​ហើយ​មិន​ព្រម​បង្ហាញខ្លួន និង​វិក្កយបត្រ​ថា ខ្លួន​ពិតជា​បានផ្តល់​ប្រាក់​ដល់​មូលនិធិ​ទូរទស្សន៍​គណបក្ស​សង្គ្រោះ​ជាតិ​នោះ លោក​ចាត់ទុក​សកម្មភាព​នេះថា​ គឺជា​ការរៀបចំ​របស់​មនុស្ស​មួយក្រុម ដើម្បី​បង្ខូច​កិត្តិយស​គណបក្ស​សង្គ្រោះ​ជាតិ។ លោក បញ្ជាក់​ប្រាប់​​សារ​ព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា៖« ចង់​ដក​លុយ​វិញ តែ​មិន​បង្ហាញខ្លួន និង​វិក្កយបត្រ​សោះ​មកដល់ពេលនេះ។ ខ្ញុំ​គិតថា វា​ជាការ​រៀបចំ​ទុក​របស់គេ»។

ជាការកត់សម្គាល់ ការតវ៉ារបស់​ពលរដ្ឋ​ទាមទារប្រាក់វិភាគ​ទានពី​គណបក្ស​សង្គ្រោះជាតិ​ ដែលពួកខ្លួនអះអាងថា បានផ្តល់​ដល់គណបក្សនេះ ធ្វើ​ឡើង​ក្រោយ​ពី​លោកនាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន ប្រកាសថា មេដឹកនាំគណបក្សសង្គ្រោះជាតិ យកថវិកាមូលនិធិទូរទស្សន៍បក្សសង្គ្រោះជាតិ ទៅ​ផ្គត់​ផ្គង់​ចំការ​ម្រេច​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com