ព័ត៍មានសុខភាព
របស់​ត្រាំ មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដែរឬទេ?
02, Sep 2015 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
អាហារ​ត្រាំ ច្រើនតែ​មិនត្រូវ​បាន​គេ​ពេញនិយម យកមក​ទទួលទាន​ជា​ញឹកញាប់​ឡើយ។ ទោះបីជា​យ៉ាងណាក៏ដោយ នេះ​មិនមែន​មានន័យថា វា​មិន​សាក​សម​នឹង​ទទួលទាន​ឡើយ។ អាហារ​ត្រាំ គឺមាន​ជីវជាតិ​ខ្លាំងណាស់ ហើយក៏​ត្រូវបាន​គេ​ចាត់ទុកថា ជា​បន្លែ​ដែលមាន​កាឡូរី​ទាប​ដែរ។ នៅពេល​អ្នក​ញ៉ាំ​អាហារ​បែបនេះ​បាន​ត្រឹមត្រូវ​នោះ វា​ពិតជា​ផ្តល់​ឱ​ជាតិរស​ឈ្ងុយឆ្ងាញ់​ខ្លាំងណាស់ ដល់​អាហារ​មួយពេល​របស់​អ្នក។


 
នៅ​ប្រទេស​លោកខាងលិច អាហារ​ត្រាំ ត្រូវបានធ្វើ​ចេញពី​ត្រសក់ និង​បន្លែផ្សេងៗទៀត ដែល​ត្រាំ​ជាមួយនឹង​ទឹកខ្មេះ។ បើ​យោងទៅតាម NSDA បាន​ឲ្យ​ដឹងថា អាហារ​ត្រាំ​ចេញពី​ប្រទេស​លោកខាងលិច មាន​សំណើម ប្រូតេអ៊ីន ខ្លាញ់ ថាមពល ជាតិ​សរសៃ ស្ករ និង​កាបូ​អ៊ី​ដ្រា​ត។ វា​ក៏មាន​ជាតិ​រ៉ែ​ដែរ​ដូចជា ជាតិ​ដែក ប៉ូ​តា​ស្យូ​ម សូ​ដ្យូ​ម និង​ផូស្វ័រ។ វីតាមីន​មានដូចជា វីតាមីន A, B6, B12, Riboflavin, Niacin, Thiamin និង វីតាមីន C។
 
ក្រៅពី​អ្វីដែល​បាន​រៀបរាប់​ខាងលើ ការ​ញ៉ាំ​អាហារ​ត្រាំ ក៏​អាច​ផ្តល់​ជា​គុណប្រយោជន៍ ដល់​សុខភាព​ច្រើន​ដែរ​ដូចជា ៖
 
អង់​ទី​អុកស៊ីដ​ង់
អាហារ​ត្រាំ មាន​អង់​ទី​អុកស៊ីដ​ង់​ច្រើនណាស់ សម្រាប់​អាច​ការពារ​រាងកាយ ពី​រ៉ាឌីកាល់​សេរី ដែលជា​សារធាតុ​គីមី បំផ្លាញ​កោសិកា​នៃ​ការរំលាយ​អាហារ​បាន។ 
 
ប្រូ​បាយ​អូ​ទិច
បាក់តេរីល្អៗក្នុង​ពោះវៀន​មនុស្ស មាន​ឈ្មោះថា ប្រូ​បាយ​អូ​ទិច ដែលមាន​តួនាទី​ជួយ​រំលាយ​អាហារ​របស់​យើង។ ទោះបីជា​យ៉ាងណាក៏ដោយ នៅពេល​អ្នក​ប្រើ​ថ្នាំ​ផ្សះធម្មតាៗ បាក់តេរី​ដែលមាន​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ក៏ត្រូវ​លុបបំបាត់ចោល​ដែរ។ ការ​ញ៉ាំ​អាហារ​ត្រាំ នឹង​ជួយ​ស្តារឡើងវិញ​នូវ​ចំនួន​បាក់តេរីល្អៗ សម្រាប់​ជំនួយ​ដល់​សុខភាព​អ្នក។ 
 
ការពារ​សុខភាព​ថ្លើម
ក្រៅពី​ពោះវៀន​មាន​សុខ​ភាពល្អ និង​ពង្រឹង​ដល់​ការរំលាយ​អាហារ​ហើយ​នោះ អាហារ​ត្រាំ ក៏​អាចជួយ​ការពារ​សុខភាព​ថ្លើម​ដែរ។ មានការ​សិក្សា​មួយចំនួន​ដែល​បញ្ជាក់ថា ការ​ញ៉ាំ​អាហារ​ត្រាំ អាចជួយ​ទប់ស្កាត់​ការពុល​ថ្លើម​បាន ដូច្នេះ វា​នឹង​កាត់បន្ថយ ការខូចខាត​របស់​ថ្លើម​បាន​យ៉ាង​ល្អ។ 
 
ការពារ​ដំបៅ
នៅពេល​អ្នកមាន​ដំបៅ មានន័យថា អ្នកមាន​របួស​ក្នុង​ខ្លួន ដោយសារតែ​ភ្នាស​ទឹករំអិល និង​អាស៊ីត​មិនអាច​មានប្រតិកម្ម​ល្អ ជាមួយនឹង​ជាលិកា​ក្នុង​ខ្លួន។ ដំបៅ​ដែល​គេ​ជួប​ញឹកញាប់​បំផុត​នោះ គឺ​ដំបៅ​ក្រពះ​តែម្តង ដែល​បណ្តាលមកពី​ការចុះ​ខ្សោយ​របស់​ភ្នាស​ទឹករំអិល។ ករណី​ខ្លះទៀត ក៏​អាច​ដោយសារតែ ការបញ្ចេញ​ជាតិ​អាស៊ីត​ច្រើនពេក​ដែរ។ នៅពេល​អ្នក​ញ៉ាំ​អាហារ​ត្រាំ បាន​ទៀងទាត់​នោះ ការកាត់បន្ថយ ឬ​បង្ការ​ជំងឺ​ដំបៅ​អាច​នឹង​កើតមាន។ 
 
គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម
មានការ​សិក្សា​មួយចំនួន​បង្ហាញថា អាហារ​ត្រាំ​ដែល​ធ្វើ​ជាមួយ​ទឹកខ្មេះ អាច​ពង្រឹង​ដល់​ចំនួន​អេ​ម៉ូ​ក្លូ​ប៊ី​ន ជាពិសេស អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​តែម្តង។ នេះ​ដោយសារតែ​សារធាតុ Acetic Acid ក្នុង​ទឹកខ្មេះ ដែល​អាចជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​បាន។ 
ឃើញ​ទេ​ថា អាហារ​ត្រាំ ពិត​ជាមាន​ជីវជាតិ​ច្រើនណាស់​ដល់​សុខភាព។ ទោះបីជា​យ៉ាងនេះ​ក្តី យក​ល្អ អ្នក​គួរតែ​សម្គាល់​ផង​ថា អាហារ​ត្រាំ មិន​មែនមាន​ប្រយោជន៍​ល្អ ដូចៗគ្នា​ទាំងអស់​នោះទេ។ មាន​អាហារ​ត្រាំ​ខ្លះ​ប្រៃ ដូច្នេះ វា​ពិតជា​មិនល្អ ចំពោះ​មនុស្ស​មួយចំនួន​ឡើយ ជាពិសេស អ្នកជំងឺ​ទឹកនោមផ្អែម និង​អ្នក​លើស​សម្ពាធ​ឈាម​តែម្តង៕
 
 ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com