អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជប៉ុន​បង្កើន​កញ្ចប់​ថ​វិកា​ការពារជាតិ​ដើម្បី​នាំចូល​សព្វាវុធ​ថ្មី​ទប់ទល់​ចិន
01, Sep 2015 , 5:35 pm        
រូបភាព
 ខណៈពេលដែល​ក្រុមបាតុករ​បន្ត​តវ៉ា​ប្រឆាំង​គោលនយោបាយ​ការពារជាតិ​និង​សេចក្តីព្រាងច្បាប់​សន្តិសុខ​ថ្មី​របស់លោក ស៊ីន​ហ្សូ អា​បេ ស្រាប់តែ​ក្រសួងការពារជាតិ​ជប៉ុន​ដាក់​ស្នើ​តំឡើង​ថវិកា​យោធា ២.២ភាគរយ ដោយ​ស្មើ​ជាង៤២ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ។ បើសិន​គេ​សម្រេច​អនុម័ត​មែន​កញ្ចប់​ថវិកា​ក្នុង​កម្រិត​ដែល​ស្នើរ​ឡើង​មែន វា​ពិតជា​ទំហំ​ថវិកា​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល១៤ឆ្នាំ​មកនេះ​ដែរ។  ការតំឡើង​ថវិកា​ការពារជាតិ​ច្រើនសន្ធឹក​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​យោធា​ជប៉ុន ដោយ​នាំចូល​សព្វាវុធ​ច្រើន​ប្រភេទ​ចូល​និង​កសាង​មូលដ្ឋានទ័ព​បន្ថែម​នៅ​តំបន់​សមុទ្រ​ចិន​ខាងកើត​ក្បែរ​មហា​យក្ស​ចិន​ផង។

សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖


ម្សិលមិញ រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បានទទួល​របាយការណ៍​ថវិកា​ប្រចាំឆ្នាំ​ពី​ក្រសួង​ជាច្រើន ក្នុងនោះ​មាន​ក្រសួងការពារជាតិ​ផង។  ក្រសួងការពារជាតិ​ជប៉ុន ដាក់​សេចក្តីព្រាង​ថវិកា​ការពារជាតិ  ដោយ​ក្រសួង​ស្នើ បង្កើន​ថវិកា ២.២ភាគរយ​បន្ថែម​លើ​ទំហំ​បច្ចុប្បន្ន ដែល​កើន​ដល់៤២ពាន់​លាន​ដុល្លារ​អាមេរិក។ ប្រសិនបើ​គេ​អនុម័ត​ទទួលយក​សេចក្តីព្រាង​ថវិកា​យោធា​នេះ​មែន វា​មានន័យថា ថវិកា​យោធា​ជប៉ុន​ស្ថិតក្នុង​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ក្នុង​រយៈពេល១៤ឆ្នាំ​កន្លងទៅនេះ។ 
 
ជារួម បើតាម​របាយការណ៍​ក្រសួងការពារជាតិ​ជប៉ុន ការបង្កើន​ថវិកា​យោធា​ច្រើន​សន្ធឹកសន្ធាប់​នេះ​គឺ​ដើម្បី​ពង្រឹងសមត្ថភាព​យោធា​ជប៉ុន​ជារួម​និង​កម្លាំងយោធា​នៅលើ​កោះ ដែល​ស្ថិតនៅ​សមុទ្រ​ចិន​ខាងកើត។ ការពង្រីក​កញ្ចប់​ថវិកា​ការពារ ពិតជា​នឹង​ត្រួសត្រាយ​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ជាពិសេស​ក្រសួងការពារជាតិ អាច​នាំចូល​សព្វាវុធថ្មីៗច្រើន​ប្រភេទ​ដូចជា​រថក្រោះ រថពាសដែក យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប រួមទាំង​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​ផងដែរ។យោងតាម​ឯកសារ​របស់​ក្រសួងការពារជាតិ​ជប៉ុន ក្រសួង​ចង់​ទិញ​រថយន្តយោធា  AAV7 យន្តហោះ​ចម្បាំង​ស៊េរី​ថ្មី F-35 ប្រហែល ៦គ្រឿង យន្តហោះ​ដឹកជញ្ជូន Osprey ឧទ្ធម្ភាគចក្រ ប្រព័ន្ធ​ការពារ​ដែនអាកាស រួមទាំង​យន្តហោះ​ដ្រូ​ន​គ្មាន​អ្នកបើក​ផង ។ ការ​នាំចូល​សព្វាវុធទំនើបៗបែបនេះ វា​នឹង​ក្លាយ​ក្តីកង្វល់​ថ្មី​ទៀត​សម្រាប់​ចិន និង​កូរ៉េខាងត្បូង​មិន​ខាន បើទោះជា​ជប៉ុន​អះអាងថា​នេះ​ជាការ​ពង្រឹង​វិស័យ​ការពារជាតិ​ទូទៅ​ក៏ដោយចុះ។ 
 
វា​មិនមែនជា​រឿង​ចម្លែក​ទេ​ដែល​ជប៉ុន​ប្រឹង​ត្រដរ​ទិញ​សព្វាវុធ​ចូល​ច្រើនសន្ធឹក​បែបនេះ ទោះ​ប្រជាជន​ត្អូញត្អែរ​រឿង​កំណើនសេដ្ឋកិច្ច​បច្ចុប្បន្ន​ក៏ដោយចុះ។ នេះ​ក៏ដោយ​សារ​លោក​អា​បេ  ចង់​ធ្វើយ៉ាងណា​ទាញ​ជប៉ុន​ឲ្យ​តាម​ឲ្យ​ទាន់​ការធ្វើ​ទំនើបកម្ម​យោធា​របស់​ក្រុង​ប៉េកាំង​បច្ចុប្បន្ន។ ប៉ុន្តែ​ទោះជា​តំឡើង ២.២ភាគរយ​ក៏ដោយ កញ្ចប់​លុយ​ការពារជាតិ​ជប៉ុន​នៅ​ទាប​ជាង​លុយ​ចិន​ជាង​បី​ដង​ឯណោះ។ 
 
ចាប់តាំងពី​ចិន​ក្លាយ​មហា​យក្ស​សេដ្ឋកិច្ច​មក រដ្ឋ​មួយ​នេះ​បាន​ចំណាយលុយ​ច្រើនសន្ធឹក​រហូតដល់​ជិត ១៤០ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​បង្កើន​អំណាច​យោធា​របស់ខ្លួន។ ចិន​ចំណាយ​លើ​ការស្រាវជ្រាវ​បច្ចេកទេស និង​ផលិត​អាវុធ​ខ្លួនឯង ដើម្បី​ការពារ​ខ្លួន​ផង​និង​ដើម្បី​ត្រៀម​លក់​ចេញទៅ​ទីផ្សារ​អាវុធ​អន្តរជាតិ​ផងដែរ​ក្នុងពេល​ឆាប់​ខាងមុខ។ រីឯ​លោក អា​បេ ក៏​ប្រឹង​ខ្លាំង​ណាស់ដែរ ដើម្បី​សម្រេច​មហិច្ឆតា​ពង្រឹង​អំណាច​យោធា​ឲ្យ​បាន​ទាន់​ចិន​ដោយ​កែ​ច្បាប់​ក្នុងស្រុក​ផង និង​ឆ្លៀត​បញ្ជា​ទិញ​អាវុធ​ចូល​ផង។ 
 
ក្រៅពី​ប្រើប្រាស់​សម្រាប់​ទិញ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ថ្មី ជប៉ុន​នឹង​ប្រើប្រាស់​ថវិកា​នេះ​ដើម្បី​សាងសង់​មូលដ្ឋានទ័ព​នៅលើ​កោះ​ដែល​ស្ថិតក្នុង​សមុទ្រ​ចិន​ខាងកើត។ ជប៉ុន​នៅតែ​ចាត់ទុកថា កោះ​សេន​កូ​គូ ស្ថិតក្រោម​អធិបតេយ្យ​របស់ខ្លួន មិនមែន​ដូច​ចិន​អះអាងថា​ជា​របស់ខ្លួន​ឡើយ។ ក្រុង​វ៉ាស៊ីនតោន​ឯណោះ​វិញ​ក៏​ចាត់ទុក​កោះ​នោះ​ជា​របស់​ជប៉ុន​ដូចគ្នា ហើយ​អាមេរិក​ប្តេជ្ញា​ការពារ​កោះ​នោះ​ដោយ​សម្អាង​លើ​សន្ធិសញ្ញា​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ទ្វេភាគី​ដែល​ខ្លួន​ចុះ​ជាមួយ​រដ្ឋាភិបាល​ជប៉ុន​ដែល​នៅ​ជា​ធរមាន
។ 
ជប៉ុន​ប្រឹង​ស្ទុះស្ទារ​ទិញ​សព្វាវុធ បង្កើន​ឥទ្ធិពល​យោ​របស់ខ្លួន មិនមែន​ត្រឹមតែ​ទប់ទល់​ក្រុង​ប៉េកាំង​ដែលជា​ភាគី​ជម្លោះ​កោះ​សេន​កូ​គូ ឬ​ទាវ​យូ ប៉ុណ្ណោះ​ទេ។ ប្រទេស​នេះ​ក៏​កំពុង​ប្រឈមមុខ​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​ពី​ខាង​រុស្ស៊ី​ផងដែរ ព្រោះ​រុស្ស៊ី​ចាប់ផ្តើម​កសាង​កម្លាំងយោធា​នៅលើ​កោះ​កំពុងមាន​ជម្លោះ​ជាមួយ​ជប៉ុន​ផង។ គេ​ឃើញ​រុស្ស៊ី​ពង្រាយ​រថក្រោះ សព្វាវុធ​ធុន​ធ្ងន់ និង​កងកម្លាំង​ជាច្រើន​ផង​ទៅលើ​កោះ​ដែល​ជាប់​ជម្លោះ​ផង។ ហើយ​ជប៉ុន​រឹតតែ​ក្តៅក្រហាយ​ទៀត​នៅពេលដែល នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក ឌី​មេ​ទ្រី មេ​ដ​វ៉េ​ដេ​វ ទៅ​ទស្សនកិច្ច​និង​សួរសុខទុក្ខ​កងទ័ព​ខ្លួន​នៅ​កោះ​គូ​រី​ល​ផង​កាលពី​ខែ​មុខ។ ជប៉ុន​ខឹង​រហូត​លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ខ្លួន​ទៅ​រុស្ស៊ី​ផងដែរ។ 
 
ត្រលប់​មកវិញ បើតាម​ឯកសារ​ក្រសួង​ការពារ​ដដែល លុយ ៩០លាន​ដុល្លារ​អាមេរិក​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ពង្រីក​មូលដ្ឋានទ័ព​នៅ Miyakojima។ ៧២លាន​ដុល្លារ សម្រាប់​សាងសង់​មូលដ្ឋានទ័ព​នៅ Amami Oshima ដែល​នៅ​ចន្លោះ​កោះ​អូ​គី​ណា​វ៉ា និង ទឹកដី​ជប៉ុន​តែម្តង។ ឯកសារ​នេះ ក៏​ស្នើ​ឲ្យ​មានការ​នាំចូល​ប្រព័ន្ធ​មី​ស៊ី​ល​ដែល​អាច​បំពាក់​លើ​នាវាចម្បាំង​បាន។ សហរដ្ឋអាមេរិក​បាន​អនុញ្ញាត​ឲ្យ​មាន​ការលក់​ប្រភេទ​ប្រព័ន្ធ​មី​ស៊ី​ល​ចំនួន​ពីរ​រួចរាល់​ហើយ ដែល​ប្រព័ន្ធ​នេះ​នឹង​បំពាក់​លើ​នាវា​ពិឃាត​ជប៉ុន​ពីរ​គ្រឿង​នៅពេល​ខាងមុខ។ 
 
ការបង្កើន​លុយ​សម្រាប់​ពង្រឹងសមត្ថភាព​យោធា​របស់​ជប៉ុន​នេះ​កើតឡើង ស្រប​ពេលដែល រដ្ឋាភិបាល​លោក ស៊ីន​ហ្សូ អា​បេ ព្យាយាម​រុញ​សេចក្តីព្រាងច្បាប់​សន្តិសុខ​ថ្មី​ចូលក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ​ដើម្បី​អនុម័ត។ សេចក្តីព្រាងច្បាប់​ថ្មី​នឹង​ជួយ​ឲ្យ​ជប៉ុន​បញ្ជូន​ទ័ព​ទៅ​ក្រៅប្រទេស​ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព ទៅ​ការពារ​សម្ព័ន្ធមិត្ត​និង​អាច​ប្រឡូក​ក្នុង​សង្គ្រាម​បាន​ផងដែរ។ អាមេរិក​គាំទ្រ​ជំហរ​រដ្ឋាភិបាល​លោក អា​បេ ដោយសារ​ខ្លួន​បាន​ចំណេញ​ច្រើន ប៉ុន្តែ​ចិន​និង​កូរ៉េខាងត្បូង​មិន​សប្បាយចិត្ត​សោះ។ 
 
ប៉ុន្តែ គម្រោង​សាង​អំណាច​យោធា​របស់​ជប៉ុន​កំពុង​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​ខឹងសម្បារ​និង​ព្រួយបារម្ភ​ជាខ្លាំង​ថា​ជប៉ុន​អាច​នឹង​ធ្លាក់​ក្នុង​សង្គ្រាម​ជាថ្មី។ ដើម្បី​សម្តែង​ការប្រឆាំង ប្រជាជន​ជប៉ុន​រាប់ម៉ឺន​នាក់​ចេញមុខ​បាតុកម្ម​តវ៉ា និង​ទាមទារ​ឲ្យ​លោក អា​បេ ចុះ​ចេញពី​តំណែង​ថែមទៀត។ ប៉ុន្តែ​ថ្វីបើ មាន​បញ្ហា​ចម្រូងចម្រាស មានការ​តវ៉ា​ចុះឡើង​ដូច្នេះ ក្តី​សភាព​ជាន់ខ្ពស់​ជប៉ុន​នឹង​អនុម័ត​ច្បាប់​នេះ​ក្នុងពេល​ខាងមុខ ហើយ​ក្រុង​តូ​ក្យូ​ត្រៀមខ្លួន​ហើយ​ដើម្បី​ប្រឡូក​ក្នុង​បញ្ហា​សន្តិសុខ​តំបន់​និង​សកល៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com