អន្តរជាតិ
កម្មករ​រ​រាប់ម៉ឺន​នាក់​ផ្ទុះ​បាតុកម្ម​នៅ​ឥណ្ឌូនេស៊ី ដ្បិត​សេដ្ឋកិច្ចជាតិ​មិន​ងើប​សោះ
01, Sep 2015 , 7:39 pm        
រូបភាព
ដោយ:
ក្រុមកម្មករ​រាប់ម៉ឺន​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​រដ្ឋធានី​ចា​កាតា ដើម្បី​ទាមទារ​រដ្ឋាភិបាល​ធានា​នូវ​សន្តិសុខ​ការងារ​របស់​ពួកគេ។ ការផ្ទុះ​បាតុកម្ម​នេះ ធ្វើឡើង​ខណៈពេល​ឥណ្ឌូនេស៊ី កំពុង​ប្រឈម​នឹង​ការធ្លាក់ចុះ​កំណើនសេដ្ឋកិច្ច​ដែល​អាច​ជំរុញ​ឲ្យ​រោងចក្រ​មួយចំនួន​ត្រូវ​បញ្ឈប់​កម្មករ​ជាច្រើន​នាក់​ផងដែរ។



នៅ​ថ្ងៃ​អង្គារ​នេះ ក្រុមកម្មករ​រាប់ម៉ឺន​នាក់ បាន​ប្រមូល​ផ្តុំគ្នា​តាម​ដងផ្លូវ​ក្នុង​កណ្តាល​រដ្ឋធានី​ចា​កាតា ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បំពេញ​នូវ​តម្រូវការ និង ការព្រួយបារម្ភ​របស់​ពួកគេ ខណៈពេលដែល​សេដ្ឋកិច្ចជាតិ កំពុង​ប្រឈម​នឹង​វិបត្តិ។

ដូច​បាន​ជូនដំណឹង​មុន កម្មករ​ប្រមាណ​ជាង​ប្រាំ​ម៉ឺន​នាក់ បាន​ប្រមូល​ផ្តុំគ្នា​ក្រោម​ការដឹកនាំ​ដោយ​សហភាព​កម្មករ ដែល​បាន​ដើរ​ដង្ហែ​ពី​វិមាន​ជាតិ​ទៅកាន់​វិមាន​ប្រធានាធិបតី ស្របពេល​ជា​ដែល លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ (Joko Widodo) កំពុង​ជួបពិភាក្សា​ជាមួយនឹង​ប្រធាន​រូបិយវត្ថុ​អន្តរជាតិ Christine Lagarde។ ដោយឡែក សម្រាប់​លក្ខខណ្ឌ ដែល​កម្មករ​ទាមទារ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​នោះ មានដូចជា ការផ្តល់​សន្តិសុខ​ការងារ ការហាមឃាត់​កម្មករ​បរទេស​មិន​ឲ្យ​មក​ធ្វើការ​ក្នុងស្រុក និង ទម្លាក់​តម្លៃ​ទំនិញ​មួយចំនួន​ផងដែរ។

ជុំវិញ​បញ្ហា​នេះ លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ក៏បាន​រុះរើ​ក្បាល​រដ្ឋាភិបាល ដោយបាន​តែងតាំង​រដ្ឋ​មន្ត្រី ពាណិជ្ជកម្ម និង សេដ្ឋកិច្ច ដើម្បី​កែទម្រង់ និង ធ្វើ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​ល្អប្រសើរ​ឡើងវិញ​ផងដែរ។ មួយវិញទៀត ឆ្លើយតប​ជាមួយនឹង​ការទាមទារ​នេះ លោក ចូ​កូ វី​ដូ​ដូ ត្រៀម​ប្រកាស​គម្រោង​កញ្ចប់​ថវិកា​មួយ​ដើម្បី​ដំណោះស្រាយ​ទៅនឹង​ភាពយឺតយ៉ាវ​នៃ​កំណើនសេដ្ឋកិច្ច។

ដោយឡែក​សម្រាប់ ការទាមទារ​មិន​ឲ្យ​មាន​កម្មករ​បរទេស​ចូលមក​ធ្វើការ​នៅ​ឥណ្ឌូនេស៊ី រដ្ឋាភិបាល មិនទាន់​យល់ស្រប​ទៅនឹង​សំណើ​របស់​កម្មករ​នោះទេ។ ក្នុងនោះ លោក Sofyan Djalil រដ្ឋមន្ត្រី​គម្រោង អភិវឌ្ឍ​ជាតិ​ឥណ្ឌូនេស៊ី បាន​អះអាងថា ឥណ្ឌូនេស៊ី គួរតែ​ស្វាគមន៍​កម្មករ​បរទេស​ជំនាញ​ខ្ពស់​ដើម្បី​ចូលមក​ធ្វើការ​ដើម្បី​ជួយ​បង្រៀន​ដល់ក​ម្មករ​នៅក្នុង​ស្រុក។ លោក​ក៏បាន​ផ្ញើ​សារ​ទៅកាន់​ពលរដ្ឋ​ឥណ្ឌូនេស៊ី សូមកុំ​ចាត់ទុក​កម្មករ​បរទេស​ជាការ​គំរាមកំហែង តែ​ពួកគេ មិន​ត្រឹម​ជួយ​បង្រៀន​កម្មករ​ក្នុងស្រុក​នោះទេ តែ​ថែមទាំង​ជួយ​បង្កើន​ផលិតភាព​ទៀតផង។

សូម​រមឹ្ល​ក​ផងដែរ ក្រោយពី​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ ឡើងកាន់តំណែង​រយៈពេល​ជាង​មួយឆ្នាំ​នេះ សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី​មិន​ងើប​សោះ។ ផលិតផល​ក្នុងស្រុក​សរុប​របស់​ឥណ្ឌូនេស៊ី​កើនឡើង ៤.៦៧ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០១៥ ដែល​កម្រិត​នេះ​ទាប​បំផុត​បើ​ប្រៀបធៀប​កម្រិត​មុន​ក្នុង​រយៈពេល៦ឆ្នាំ​កន្លងមកនេះ៕


Tag:
 ឥណ្ឌូនេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com