អន្តរជាតិ
Florida ៖ ត្រឹមតែ ៣០ នាទី ស្ត្រី​ម្នាក់​ប្លន់​ធនាគារ​បាន​បី​កន្លែង​ដើម្បី​បង់ថ្លៃ​ជប់លៀង​បញ្ចប់​ការសិក្សា​ឲ្យ​កូនស្រី
01, Sep 2015 , 8:19 pm        
រូបភាព
ដោយ: ធីតា
ស្ត្រី​ម្នាក់​បាន​ប្លន់​ធនាគារ​បី​កន្លែង ដោយ​ប្រើពេល​ត្រឹមតែ ៣០ នាទី បន្ទាប់​ពីថ្ងៃ​ទិវា​បុណ្យ​ម្តាយ ព្រោះតែ​ចង់​បង់ថ្លៃ​ពិធីជប់លៀង​បញ្ចប់​ការសិក្សា​ឲ្យ​កូនស្រី និង​ថ្លៃ​ជួល​ផ្ទះ​ដែល​ខកខាន​កាលពីពេល​កន្លងមក។



Cindy Sanchez Carabeo អាយុ ៥០ ឆ្នាំ​រស់នៅ​រដ្ឋ Florida  ប្រឈម​នឹង​ជាប់ពន្ធនាគារ ២០ ឆ្នាំ។ ស្ត្រី​ជា​ម្តាយ​រូបនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្លន់​ប្រាក់ ៦ ពាន់​ដុល្លារ​កាលពី​ខែឧសភា​កន្លងទៅនេះ។ នៅពេល​ធ្វើ​សកម្មភាព​ប្លន់​ធនាគារ​ទាំងបី​កន្លែង ជនជាប់ចោទ​គ្រាន់តែ​សរសេរ​ពាក្យ​គំរាម​ដាក់​លើ​ក្រដាស រួច​ហុច​ឲ្យ​បេឡាករ​ប៉ុណ្ណោះ។ បើតាម​បណ្តាញ​ព័ត៌មាន the Tampa Bay News ពាក្យ​គំរាម​ទាំងនោះ​គឺ​ដូចជា៖

« បើ​មិន​ស្តាប់​តាម​ការណែនាំ​ខ្ញុំ​ទេ អ្នក​អាច​នឹង​ជួប​គ្រោះថ្នាក់ »។
« បើ​មិន​ធ្វើតាម​ពាក្យ​ខ្ញុំ​ប្រាប់​ទេ ខ្ញុំ​នឹង​បាញ់​អ្នកជា​មិនខានឡើយ »។
ចុងក្រោយ គឺជា​ពាក្យ​គំរាម​បាញ់សម្លាប់ តែមាន​ភ្ជាប់​នូវ​ពាក្យ​ជូនពរ « រីករាយ​ទិវា​បុណ្យ​ម្តាយ » ផងដែរ។

ថ្វីដ្បិតតែ​ស្ត្រី​រូបនេះ​ប្រើពេល​វេលា​តិច​ប៉ុណ្ណោះ​ធ្វើ​សកម្មភាព​ប្លន់ តែ​ប៉ូលិស​ក៏​អាច​ចាប់បាន​យ៉ាង​លឿន​បំផុត​ដែរ។ គឺ​ត្រឹមតែ ១៥ នាទី​ប៉ុណ្ណោះ។ រថយន្ត​ដែល​ស្ត្រី​រូបនេះ​ជិះ​ប្លន់ បាន​បញ្ចេញ​ផ្សែង​ពណ៌​ក្រហម ជាហេតុ​ធ្វើ​ឲ្យ​ប៉ូលិស​តាមដាន​ដល់ផ្ទះ។

សកម្មភាព​ប្លន់​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពេលវេលា​យ៉ាង​ប្រកិត​គ្នា គឺ​នៅ​ម៉ោង ១៥ និង ១៩ នាទី, ម៉ោង ១៥ និង ៣៥ នាទី, ម៉ោង ១៥ និង ៤០ នាទី នៅ​ថ្ងៃទី ១១ ឧសភា បន្ទាប់ពី​ទិវា​បុណ្យ​ម្តាយ៕


© រក្សាសិទ្ធិដោយ thmeythmey.com