ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជនជាតិភាគតិច​នឹង​ដាក់ពាក្យ​ទៅ​ក្រសួងមហាផ្ទៃ​ស្នើសុំ​បង្កើត​គណបក្ស​នៅ​ខែវិច្ឆិកា
01, Sep 2015 , 8:59 pm        
រូបភាព
ភ្នំពេញ៖ ក្រុម​ជនជាតិដើម​ភាគតិច គ្រោង​នឹង​បង្កើត​គណបក្ស​ដើម្បី​ចូលរួម​ការបោះឆ្នោត​ឆ្នាំ២០១៧ និង២០១៨ ។ គម្រោង​បង្កើត​បក្ស​របស់​ក្រុម​ជនជាតិដើម​ភាគតិច​នេះ ធ្វើឡើង​ស្រប​ពេលដែល​បញ្ញវន្ត និង​មន្ត្រី​គណបក្សនយោបាយ​មួយចំនួន បាន​ចេញទៅ​បង្កើត​បក្ស​ថ្មីរៀងៗខ្លួន។



លោក ស្រូ​យ ខេ​ត ជនជាតិដើម​ភាគតិច​ព្នង​ក្នុង​ខេត្ត​មណ្ឌល​គី​រី បាន​បញ្ជាក់ថា លោក​នឹងដាក់​ពាក្យ​ទៅ​ក្រសួងមហាផ្ទៃ នៅ​ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះ ដើម្បី​ស្នើសុំ​បង្កើត«គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ​កម្ពុជា»។ លោក ស្រូ​យ ខេ​ត ដែលជា​ស្ថាបនិក​បង្កើត​គណបក្ស​នេះ អះអាងថា លោក​បានរៀបចំ​បទបញ្ជា​ផ្ទៃក្នុង​បក្ស គោលនយោបាយ និង​គណកម្មការ​បក្ស​បណ្ដោះអាសន្ន រួចរាល់​ហើយ។ ប៉ុន្ដែ​លោក​ត្រូវការ​ចំណាយពេល​វេលា ពង្រឹងសមត្ថភាព​សមា​ជិ​ក​ឲ្យ​មាន​ភាពរឹងមាំ​ជាមុនសិន  ទើប​ដាក់ពាក្យ​ទៅ​ក្រសួងមហាផ្ទៃ​ស្នើសុំ​បង្កើត​គណបក្ស។  « នៅពេល​ខាងមុខ ខ្ញុំ​នឹង​ប្រមូល​និស្សិត​ជនជាតិភាគតិច​ទាំងអស់ មិន​ថា​ជនជាតិ​ណា​ទេ ឲ្យ​តែ​ចង់​ធ្វើ​នយោបាយ ដើម្បី​ចូលរួម​ជាមួយ​គណបក្ស​លោក» ។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ស្រូ​យ ខេត្ត។

បើតាម​លោក ស្រូ​យ ខេ​ត ការបង្កើត​គណបក្ស​នេះ គឺ​លោក​មិនមែន​ចង់​បំបែក​សំឡេង​គណបក្សនយោបាយ​ណាមួយ​ឡើយ ពោលគឺ​លោក​ចង់​ឲ្យ​ជនជាតិដើម​ភាគតិច​មានឱកាស​បាន​ចូលរួម​ដោះស្រាយ បញ្ហា​នានា​ក្នុងប្រទេស​ឲ្យ​បាន​ច្រើន។

កន្លងមក​លោក ផ្លាំ​ង ស៊ីន ជនជាតិដើម​ភាគតិច​ព្នង​និង​ជា​ស្ថាបនិក​គណបក្ស​ថ្មី​នេះ​ម្នាក់​ដែរ ធ្លាប់​ប្រាប់​សារព័ត៌មានថ្មីៗថា ការបង្កើត​គណបក្ស​ជនជាតិដើម​ភាគតិច​ដើម្បី​ចូលរួម​ការបោះឆ្នោត​នៅ​ឆ្នាំ២០១៧ និង២០១៨ខាងមុខនេះ។ លោក​ថា គោលបំណង​បង្កើត​បក្ស​នេះ គឺ​ដើម្បី​ចូលរួម​កសាង​ប្រទេសជាតិ ចូលរួម​ការពារ​ប្រទេស និង​អភិវឌ្ឍ​ប្រទេស​ជាមួយ​ជនជាតិខ្មែរ៕


Tag:
 បក្ស​
© រក្សាសិទ្ធិដោយ thmeythmey.com