អន្តរជាតិ
មីយ៉ាន់ម៉ា​កំណត់​បាន​​​ប្រាក់ខែ​អប្បបរមាក្នុងស្រុក​ ជាលើកដំបូង
02, Sep 2015 , 8:00 am        
រូបភាព
ដោយ:
សារព័ត៌មាន ជាតិ​មី​យ៉ាន់​ម៉ា​បានប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា រដ្ឋាភិបាល​បានកំណត់​អោយមាន​ប្រាក់ខែ​អប្បបរមា​ជា​លើកដំបូង ក្នុងប្រទេស។ នេះ​ជា​កំណែទម្រង់សេដ្ឋកិច្ច​មួយ​របស់​មី​យ៉ាន់​ម៉ា ដើម្បី​ឆ្លើយតប​តាម​ការចង់បាន​របស់​អ្នកវិនិយោគ​បរទេស។ ការអនុវត្ត​អោយមាន​ប្រាក់ខែ​អប្បបរមា​នេះ​ចាប់ធ្វើ ពីថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​តែម្តង។


ប្រាក់ខែ អប្បបរមា​នៅ​មី​យ៉ាន់​ម៉ា បើ​គិត​ជា​ប្រាក់​ប្រចាំថ្ងៃ សម្រាប់​ពលកម្ម៨ម៉ោង​ក្នុង​មួយថ្ងៃ គឺ​ស្មើនឹង​៣៦០០Kyat ត្រូវ​នឹង២អឺរ៉ូ៥០ សេន។ ការតវ៉ា​អោយមាន​ប្រាក់ខែ​អប្បបរមា​មាន​តាំងពី២ឆ្នាំមុន​ម្ល៉េះ។ សហជីព​ចង់អោ​យកម្មក​រ​ទទួលបាន២អឺរ៉ូ៨០សេន ប៉ុន្តែ ក្រោយពេល​ពិភាក្សា​អស់​យូរយារ​រវាង​រដ្ឋាភិបាល​សហជីព និង​តំណាង​ថ្នាក់ដឹកនាំ​សហគ្រាស គ្រប់ភាគី​បាន​ព្រមព្រៀង​អោយ​កំណត់​នៅត្រឹម២អឺរ៉ូ៥០សេន​វិញ។

ប្រៀប​នឹង​ប្រទេសជិតខាង​ក្នុង​តំបន់ ប្រាក់ខែ​អប្បបរមា​នេះ​មានតម្លៃ​ទាប​ណាស់។  ការយល់ព្រម អោយ​កំណត់​ប្រាក់ខែ​អប្បបរមា ធ្វើឡើង​ក្រោម​សម្ពាធ​របស់​សហគ្រាស​ប្រទេស​លោកខាងលិច និង​ដោយសារ​តែមាន​បាតុកម្ម​តវ៉ា កាលពីដើមឆ្នាំ​ប៉ុណ្ណោះ។ សម្រាប់​ប្រាក់​អប្បបរមា​នេះ ក្រុមហ៊ុន​ដែលមាន​បុគ្គលិក​តិចជាង១៥នាក់ រឺក៏​សហគ្រាស​បែប​គ្រួសារ​មិនចាំបាច់​អនុវត្ត​ធ្វើ​ទេ។ 

ផ្ទុយទៅវិញ ការសិក្សា​របស់​ធនាគា​រ​ពិភពលោក ក្នុង​ឆ្នាំ​កន្លងទៅ បាន​បង្ហាញថា ប្រជាជន​សកម្ម​ជិត៣ភាគ៤ បំរើ​ការអោយ​ផ្នែក​ការងារផ្សេងៗដែល​គ្មាន​លក្ខណៈ​ផ្លូវការ។ ដូច្នេះ មានន័យថា ប្រជាជន​តិចតួច អាចនឹងទទួល​បាន​ប្រាក់កម្រៃ​អប្បបរមា​នេះ។ ជាទូទៅ ប្រាក់ខែ​អ​ប្បរមា​នេះ​ពាក់ព័ន្ធ​នឹង​រោងចក្រ​កាត់ដេរ​ក្នុងស្រុក។ 
ក្រោយ​របប​សឹក​ដួលរលំ​នៅ​ឆ្នាំ ២០១១ និង​ក្រោយ​ប្រទេស​លោកខាងលិច​លើកលែង​ទណ្ឌកម្មសេដ្ឋកិច្ច​អោយ​មី​យ៉ាន់​ម៉ា សហគ្រាស​ចិន​និង​កូរ៉េ​បាននាំគ្នា​រកស៊ី​ផ្នែក​កាត់ដេរ​សម្លៀកបំពាក់ នៅ​មី​យ៉ាន់​ម៉ា។ ក្រោយ​មហន្តរាយរ​លំអ​គារ Rana Plaza នៅ​បង់​ក្លា​ដែ​ស​នៅ​ឆ្នាំ២០១៣មក សហគ្រាស​យីហោធំៗ ដូចជា​Adidas, H&M ដែល​បោះទុន​នៅ​មី​យ៉ាន់​ម៉ា បាន​ជំ​រុញអោយ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ជួយ​ធ្វើ​អោយលក្ខខណ្ឌ​ការងារ​កម្មករ​មា​នល​ក្ខ​ណៈ​ល្អ​ប្រសើរឡើង៕   
 

© រក្សាសិទ្ធិដោយ thmeythmey.com