ជាតិ
​​​ន​យោ​បាយ​ជាតិ​
សាលាឧទ្ធរណ៍​ច្រានចោល​បណ្តឹង​ប្រឆាំង​ដីការ​ឃុំខ្លួន​លោក ហុង សុខ​ហួរ
02, Sep 2015 , 10:05 am        
រូបភាព
តុលាការ​សាលាឧទ្ធរណ៍ បា​នស​ម្រ​ច​ច្រានចោល​បណ្តឹង​ប្រឆាំងនឹង​ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា គណបក្ស​សម រង្ស៊ី ពី​សំណាក់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ។


 
បន្ទាប់ពី​បាន​សាកសួរ​ពាក់ព័ន្ធ​នឹង​សេចក្តីសម្រេច ឃុំខ្លួន លោក ហុង សុខ​ហួរ  រយៈពេល​ជាង១ម៉ោង នៅ​ព្រឹក​ថ្ងៃទី២ កញ្ញា​នេះ ចៅក្រម​ស៊ើបសួរ លោក ឃុន ប៊ុនឡេង បានសម្រេច​ច្រានចោល​បណ្តឹង​ប្រឆាំងនឹង​ដីកា​សម្រេច​នេះ ដោយ​ចាត់ទុក​ដីការ​សម្រេចរ​បស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​បានការ។
 
លោក ជួង ជូ​ងី មេធាវី​ការពារ​ក្តី លោក ហុង សុខ​ហួរ បាន​សម្តែង​ក្តី​មិន​ពេញចិត្ត​ចំពោះ​សេចក្តីសម្រេច​នេះ។ លោក បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នឹង​ពិភាក្សា​ជាមួយ​កូនក្តី​របស់លោក ដើម្បី​រៀបចំ​បណ្តឹងសាទុក្ខ​ទៅ​តុលាការ​កំពូល។ 
 
សូមបញ្ជាក់ថា នៅក្នុង​បន្ទប់​សវនាការ​នៅ​ព្រឹក​នេះ មិនមាន​វត្តមាន​ជនជាប់ចោទ​លោក ហុង សុខ​ហួរ នោះឡើយ។
 
លោក ជួង ជូ​ងី ដែលជា​មេធាវី​ការពារ​ក្តី ឲ្យ​លោក ហុង សុខ​ហួរ ​ធ្លាប់​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗថា លោក ហុង សុខ ហួរ អាច​នៅក្រៅ​ឃុំ​បាន ល្គឹកណា​មាន​ដំណោះស្រាយ​តាមផ្លូវ​នយោបាយ។ 
 
លោក ហុង សុខ​ហួរ ត្រូវបាន​កងកម្លាំង​មាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​នៅ​ព្រឹក​ព្រហាម​ថ្ងៃ​សៅរ៍ ទី១៥ ខែសីហា នៅ​ភូមិគ្រឹះ​ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ នៅ​ថ្ងៃទី១៦ខែសីហា សមាជិក​ព្រឹទ្ធសភា គណបក្ស​សម រង្ស៊ី​រូបនេះ ត្រូវបាន​លើ​បទចោទប្រកាន់​ចំនួន៣ គឺ​បទ​ក្លែង និង​ប្រើ ឯកសារ​សាធារណៈ រួមទាំង​ញុះញង់​ឲ្យ​មាន​បទល្មើស​មជ្ឈិម។
 
ការចាប់ខ្លួន​លោក ហុង សុខ​ហួរ ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​មាន​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី១៣ខែសីហា។ ការបញ្ជា​ឲ្យ​ចាប់ខ្លួន​នេះ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អះអាងថា លោក ហុង សុខ​ហួរ បាន​បកស្រាយ​ខុសពី​បញ្ហា​ព្រំដែន ជាពិសេស​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​វៀតណាម។ លោក ហ៊ុន សែន បាន​លើកឡើងថា ការបកស្រាយ​បែបនេះ គឺជា​បទល្មើស​ក្បត់ជាតិ។ លោក​ក៏បាន​ហាម​ផងដែរ ចំពោះ​ការធ្វើអន្តរាគមន៍​នានា​ពី​បណ្តា​ទូត​បរទេស និង​គណបក្សនយោបាយ ព្រោះនេះ​គ្រាន់តែ​ជា​រឿង​បុគ្គល​ម្នាក់​ប៉ុណ្ណោះ៕
 

Tag:
 ហុង សុខ​ហួរ
© រក្សាសិទ្ធិដោយ thmeythmey.com