ជាតិ
ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ខុសច្បាប់៧នាក់ និង​ផាកពិន័យ៤នាក់
02, Sep 2015 , 11:31 am        
រូបភាព
 
ជនអន្តោប្រវេសន៍​វៀតណាម ចំនួន១១នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី១ ខែកញ្ញា ម្សិលមិញ។ ក្នុងចំណោម​ពួកគេ ៤នាក់​មាន​លិខិតឆ្លងដែន និង៧នាក់​ទៀត មិនមាន​លិខិតឆ្លងដែន។ អ្នក​ដែល​គ្មាន​លិខិតឆ្លងដែន​អាច​នឹង​ត្រូវបាន បណ្តេញ​ចេញពី​កម្ពុជា នៅ​ចុង​សប្តាហ៍​នេះ។ នេះ​ជាការ​បញ្ជាក់​របស់លោក អ៊ុក ហៃ​សីលា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។

 
បើតាម​លោក អ៊ុក ហៃ​សីលា ជនជាតិ​វៀតណាម​ចំនួន១១នាក់ ដែល​លួច​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារអំពៅ  កាលពី​ម្សិលមិញ។ នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​បញ្ជូន​ជនជាតិ​វៀតណាម​ទាំងនោះ​ទៅកាន់​អគ្គនាយដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ធ្វើការ​សាកសួរ​ចម្លើយ។
 
លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ជនជាតិ​វៀតណាម​ទាំង១១នាក់​នេះ គឺ​សុទ្ធតែជា​បុរស ហើយ​ពួកគេ​ធ្វើការ​ជាជាង​សំណង់ និង​ជាងក្រឡឹង។ ក្នុងចំណោម​ពួកគេ ៤នាក់ មាន​លិខិតឆ្លងដែន តែ​គ្មាន​សៀវភៅ​ការងារ អីចឹង​គ្រាន់តែ​ផាកពិន័យ ប៉ុណ្ណោះ។ ចំណែកឯ ៧នាក់​ទៀត មិនមាន​លិខិតឆ្លងដែន ត្រូវបាន​ឃុំខ្លួន នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។ ។ យើង​អាច​នឹង  បណ្តេញ​ពួកគេ​ចេញពី​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍ ឬ​ថ្ងៃអាទិត្យ ចុង​សប្តាហ៍​ហ្នឹង ប្រសិនបើ​ក្រសួងមហាផ្ទៃ​សម្រេច​ថា​បណ្តេញចេញ បន្ទាប់ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ទទួលបាន​ថា​ជនជាតិ​វៀតណាម​ទាំងនេះ មក​រស់នៅ​ដោយ​ខុសច្បាប់​មែន»។
 
កាលពី​កន្លងទៅថ្មីៗនេះ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​រូបនេះ ក៏​ធ្លាប់​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​ជួយ​សហការ​ជាមួយ សមត្ថកិច្ច ក្នុងការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ដែល​លួច​មក​ស្នាក់នៅ និង​រកស៊ី​ដោយ​ខុសច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​ស្នើឡើង​ដូច្នេះ​ថា៖ «យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ជួយ​រាយការណ៍​ជូន​កម្លាំង​គន​របាល ប្រសិនបើ​ពួកគាត់​បានដឹងថា មាន​ជនជាតិ​វៀតណាម កំពុង​រស់នៅ​កន្លែង​ណា ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន ឬក៏​ឯកសារ​ត្រឹមត្រូវ​នោះទេ»។
 
សូមបញ្ជាក់ថា ជនអន្តោប្រវេសន៍​ខុសច្បាប់​សរុប​ទាំងអស់ ៤៦ជនជាតិ មាន​ចំនួន​ប្រមាណ​ជាង ២០០០នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បណ្តេញ​ចេញពី​កម្ពុជា ដោយ​គិត​ត្រឹម​រយៈពេល ៩ខែ ដើមឆ្នាំ២០១៥នេះ។ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ មាន​ជនជាតិ​វៀតណាម ប្រមាណ​ជាង ៩០% ៕
 

Tag:
 ​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com