កីឡាជាតិ
ជាតិ
កុមារា សំណាង វីរៈ​បុត្រ ចូល​ប្រកួត​កីឡាវាយកូនឃ្លីលើតុ​លើកដំបូង នៅ​អន្តរជាតិ
02, Sep 2015 , 4:19 pm        
រូបភាព
សំណាង វីរៈ​បុត្រ គឺជា​បេក្ខជន​មួយរូប ក្នុងចំណោម​បេក្ខជន​ទាំង ៤រូប ដែល​ត្រូវបាន ក្រសួង​អប់រំ​យុវជន និង​កីឡា ជ្រើសរើស​យកទៅ​ចូលរួម​ប្រកួត​កីឡា Pacific School Game ផ្នែក​វាយ​កូនឃ្លី​លើ​តុ នៅ​ប្រទេស​អូស្ត្រាលី។ សំណាង វីរៈ​បុត្រ មាន​អាយុ១៥ឆ្នាំ និង​ជា​សិស្ស ថ្នាក់​ទី៩ នៃ​សាលា​អន្តរទ្វីប​អាមេរិកកាំង។ ការចូលរួម​ប្រកួត​នេះ នឹង​ដឹកនាំ​ដោយ លោក សំ បូ​រ័ត្ន ដែលជា​គ្រូបង្វឹក​នៃ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា និង​ជា​គ្រូបង្វឹក​កីឡា​ប្រចាំ សាលា​អន្តរទ្វីប​អាមេរិកាំង។



ជា​សិស្ស​ថ្នាក់​ទី ៩ នៃ​សាលា​អន្តរទ្វីប​អាមេរិកាំង(AIS) សំណាង វីរៈ​បុត្រ ត្រូវបាន ក្រសួង​អប់រំ​យុវជន និង​កីឡា ជ្រើសរើស​ជា​តំណាង​កម្ពុជា​យកទៅ​ប្រកួត​កីឡា​វាយ កូនឃ្លី​លើ​តុ លើ​ឆាក​អន្តរជាតិ កម្រិត​សិស្ស​ថ្នាក់​វិទ្យាល័យ ក្នុងការ​ប្រកួត​កីឡា Pacific School Game។ ការប្រកួត​នេះ​នឹង​ប្រព្រឹត្ត ទៅ​នៅ​ថ្ងៃទី២១ ដល់​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅ​ប្រទេស​អូស្ត្រាលី។

ការប្រកួត​កីឡា Pacific School Game គឺជា​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ រវាង​សិស្ស​វិទ្យាល័យ​ជាច្រើន​លើ​ពិភពលោក​ដែល​រៀបចំឡើង​នៅ​ប្រទេស​អូស្ត្រាលី។ នេះ​ជា​លើកទីមួយ​ហើយ ដែល​កម្ពុជា​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ប្រកួត​ក្នុង កីឡាវាយកូនឃ្លីលើតុ​នេះ។

សំណាង វីរៈ​បុត្រ ត្រូវបាន​គ្រូបង្វឹក​ទទួលស្គាល់ថា ជា​សិស្ស​ពូកែ និង​រហ័សរហួន​ក្នុងការ លេង​កីឡាវាយកូនឃ្លីលើតុ ទើប​សម្រេច​ជ្រើស​រើសយក​កុមារា​រូបនេះ ទៅ​ប្រកួត​លើ ឆាក​អន្តរជាតិ។ការទទួលបាន​ឱកាស​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​នេះ ពិតជា​ធ្វើ​ឲ្យ​គេ​រំភើប និង​សប្បាយចិត្ត​យ៉ាងខ្លាំង ព្រោះ​ខ្លួន​បានទទួល​នូវ​អ្វី ដែល​ខ្លួន​បាន​ខិតខំ​ប្រឹងប្រែង។
វីរៈ​បុត្រ បាន​សម្តែង​នូវ​អារម្មណ៍​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​ពិតជា​សប្បាយ​មែនទែន និង​មាន​មោទនភាព​ចំពោះ​ខ្លួនឯង ដែលមាន​ឱកាស​បាន​ទៅ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ។ ការពិត​ខ្ញុំ​ក៏​ធ្លាប់​រំពឹងទុក​ដែរ​ថា នឹងមាន​ឱកាស​បាន​ចូលរួម​ប្រកួត​ថ្នាក់​អន្តរជាតិ»។

ចំណែកឯ​លោក តេង សំណាង ដែលជា​ឪពុក​របស់ កុមារា វីរៈ​បុត្រ បាន​សម្តែង​នូវ​មោទនភាព​ចំពោះ​កូន​ខ្លួន ដែលមាន​សមត្ថភាព​ខ្ពស់ រហូត​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ។ លោក​បាន​សម្តែង​ចេញ​នូវ​ក្តីរំភើប​ថា៖ «ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់ ពេល​ឃើញ​កូន​មានឱកាស​បាន​ទៅ​ចួ​ល​រួម​ប្រកួត ជា​លក្ខណៈ​អន្តរជាតិ​ដូច្នេះ។ ហើយ​ខ្ញុំ​សង្ឃឹមថា​គាត់​នឹង​នាំ​ជ័យជម្នះ​ជូន​ប្រទេសជាតិ​យើងទាំងអស់គ្នា»។

សិស្ស​ឆ្នើម​ផ្នែក​កីឡាវាយកូនឃ្លីលើតុ​រូបនេះ អាចមាន​វាសនា​ខ្ពស់​ដូច្នេះ ដោយសារតែ ខ្លួន​មាន​ទេពកោសល្យ និង​ចំណង់​ចំណូលចិត្ត​លេង​កីឡា​ប្រភេទ​នេះ​យ៉ាងខ្លាំង ដែលជា​ហេតុ​ធ្វើ​ឲ្យ វីរៈ​បុត្រ លេចធ្លោ​ក្នុងចំណោម​សិស្ស​ជាច្រើន នៃ​សាលា​អន្តរទ្វីប​អាមេរិកកាំង។ កុមារា​សម្បុរ​ខ្មៅ​ស្រអែម​រូបនេះ បញ្ជាក់​ដូច្នេះ​ថា «ខ្ញុំ​អាច​និយាយបានថា​ជាការ​គួបផ្សំ​គ្នា រវាង​ទេពកោសល្យ និង​ការខិតខំ​ប្រឹងប្រែង។ បើ​យើង​មាន​ទេពកោសល្យ​ហើយ តែ​មិន​ព្យាយាម​ហាត់​បន្ថែមទៀត ក៏​យើង​មិនអាច​ខ្លាំង​បានដែរ ដូច្នេះ​ត្រូវ​គួបផ្សំ​ការហ្វឹកហាត់​បន្ថែមទៀត»។

ដោយសារតែ ទេពកោសល្យ រួមទាំង​ការប្រឹងប្រែង​វឹក​ហាត់ វីរៈ​បុត្រ មាន​សង្ឃឹមថា ខ្លួន​នឹង​អាច​នាំ​ជ័យជម្នះ​មក​ជូន​ប្រទេសជាតិ ក្នុងការ​ប្រកួត​នេះ។ វីរៈ​បុត្រ បានបង្ហាញ​ពី​ទំនុកចិត្ត​ថា៖ «ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​នឹង​អាច​ឈ្នះ ក្នុងការ​ប្រកួត​នេះ។ ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​យកជ័យ​ជម្នះ ជូន​ជាតិ និង​ជូន​សាលា ព្រមទាំង​គ្រួសារ​របស់ខ្ញុំ»។
ដើម្បី​ទទួលបាន​ជ័យជម្នះ​ដូច​ការរំពឹងទុក រាល់ថ្ងៃ ប្អូន សំណាង វីរៈ​បុត្រ កំពុងតែ​ហ្វឹកហាត់ យ៉ាងខ្លាំង ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​គ្រូបង្វឹក។

លោក សំ បូ​រ័ត្ន ជា​គ្រូបង្វឹក​ប្រចាំ​សាលា​អន្តរទ្វីប​អាមេរិកាំង បានបញ្ជាក់​យ៉ាងនេះ​ថា៖« ប្អូន​នៅ​ក្មេង តែ​សមត្ថភាព​គាត់​ខ្លាំង។ ក្រៅពី​បង្វឹក និង​បង្ហាញ​នូវ​យុទ្ធសាស្ត្រ ព្រមទាំង​បច្ចេកទេស​ក្នុង​ការលេង ខ្ញុំ​ក៏​ព្យាយាម​ពង្រឹង​គាត់​ផ្នែក​ចិត្តសាស្ត្រ​ផងដែរ។ ខ្ញុំ​ពន្យល់​គាត់ កុំ​ឲ្យ​គាត់​ភិតភ័យ កុំ​ឲ្យ​ខ្លាច​គេ ព្រោះ​ការប្រកួត​ផ្នែក​កីឡា មិន​អាចមាន​អារម្មណ៍​ខ្លាច​គេ​បានទេ ត្រូវ​ក្លាហាន និង​រឹងមាំ ទើប​អាច​យកជ័យ​ជម្នះ​លើ​គូប្រកួត​បាន»។

លោក សែម ពេជ្រ នាយក​ផ្នែក​កីឡា នៃ​សាលា​អន្តរទ្វីប​អាមេរិកាំង បាន​លើកឡើងថា រូបលោក​ពិតជា​ត្រេកអរ និង​មាន​មោទនភាព ដែល សំណាង វីរៈ​បុត្រ ត្រូវបាន​ជ្រើស​ជា​បេក្ខជន ចូលរួម​ការប្រកួត​នេះ។ លោក​បញ្ជាក់​បន្ថែមថា៖ «ខ្ញុំ​ពិតជា​សប្បាយ និង​មាន​មោទនភាព​ចំពោះ​ប្អូន​មែនទែន ដែល​ប្អូន​នៅ​ក្មេង តែ​ប្អូន​មាន​សមត្ថភាព​ខ្ពស់​ក្នុង​លេង​កីឡា​នេះ។ ហើយ​ជាពិសេស​នោះ ប្អូន​ជា​បេក្ខជន​ទីមួយ តំណាង​ឲ្យ​សាលា​អន្តរទ្វីប​អាមេរិកាំង ដែល​ត្រូវបាន​ក្រសួង ជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ ផ្នែក​កីឡាវាយកូនឃ្លីលើតុ»។

សូមបញ្ជាក់​ផងដែរ​ថា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុងការ​ប្រកួត​កីឡា​Pacific School Gameនេះ នៅ​ឆ្នាំ២០២៣ ៕


© រក្សាសិទ្ធិដោយ thmeythmey.com