ជាតិ
អាជ្ញាធរ​អប្សរា រៀបចំ​បទ​បង្ហាញ​ស្តីពី​អារ្យធម៌​អង្គរ និង​ការប្រែប្រួល​សង្គម​អាស៊ីអាគ្នេយ៍
02, Sep 2015 , 4:51 pm        
រូបភាព
 
អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​បទ​បង្ហាញ​មួយ ស្តីពី​អារ្យធម៌​អង្គរ​និង​ការប្រែប្រួល​នៃ​បរិបទ​សង្គម​នៅ​តំបន់​អាស៊ីអាគ្នេយ៍ នៅ​រសៀល​ថ្ងៃទី៧ និង​ព្រឹក​ថ្ងៃទី៨ ខែកញ្ញា​ខាងមុខនេះ។
បទ​បង្ហាញ​នេះ រៀបចំ​ក្នុង​គោលបំណង ចែករំលែក​បទពិសោធ​ន៍​ស្រាវជ្រាវ និង​ផ្តល់​ចំណេះដឹង​ថ្មី​ដែល​អ្នកស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ​បាន​សិក្សា។ វាគ្មិន​ដែល​នឹងត្រូវ​ធ្វើ​បទ​បង្ហាញ​នេះ គឺ​លោក​សាស្ត្រាចារ្យ Sahai (Sachchidanand Sahai) ដែលជា​អ្នកជំនាញការ​អន្តរជាតិ​ផ្នែក​ប្រវត្តិសាស្ត្រ និង​សិលាចារឹក។ នេះ​ជាការ​បញ្ជាក់​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា។


 
លោក​សាស្ត្រាចារ្យ Sahai គឺជា​អ្នកស្រាវជ្រាវ​ដ៏​ល្បី​នៅ​ប្រទេស​ឥណ្ឌា។ លោក​ធ្លាប់បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន​ពាក់ព័ន្ធ​នឹង​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​ប្រទេស​កម្ពុជា​និង​តំបន់​អង្គរ។ 
បច្ចុប្បន្ន​លោក ជាទី​ប្រឹក្សា​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា និង​ជា​អ្នកជំនាញការ​នៃ​គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​ប្រាសាទព្រះវិហារ(អាយ​ស៊ី​ស៊ី-ព្រះវិហារ)។ ក្នុង​រយៈពេល​កន្លងមក លោក​សាស្ត្រាចារ្យ​បាន​សរសេរ​សៀវភៅ​ជាច្រើន ដែល​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ វប្បធម៌ និង​អារ្យធម៌​នៃ​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ជាពិសេស​ប្រទេស​កម្ពុជា៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com