ពីនេះ ពីនោះ
វិធីអានសៀវភៅទស្សនវិជ្ជា ខុសពីអានសៀវភៅធម្មតា?
× ការអានសៀវភៅ គឺជាវិភាគទានដ៏សំខាន់ក្នុងការជួយបណ្ដុះនូវពុទ្ធិ ដុសខាត់បញ្ញាញាណ បង្កើនចំណេះ ធ្វើឲ្យខួរក្បាលអាចទទួលបានពត៌មានថ្មីៗ ចំណេះដឹងថ្មីៗជាប្រចាំ។ សៀវភៅមួយក្បាលគឺបង្ហាញពីគំនិតទស្សនៈរបស់អ្នកនិពន្ធរាប់ពាន់ចំណុច ក្នុងការបណ្ដុះគំនិតថ្មីផ្ដើមចេញពីគំនិតចាស់។ រីឯ ការអានសៀវភៅ ឬអត្ថបទបែបទស្សនវិជ្ជាវិញ គឺមិនងាយស្រួលយល់ និងបកស្រាយបានដោយងាយៗនោះទេ ព្រោះវាជាបណ្ដុំនៃផ្នត់គំនិត ការគិតឃើញ ការពិសោធន៍ជាក់ស្ដែង ទាញបានជាទឡ្ហីករណ៍ដ៏រឹងមាំមានលក្ខណៈតក្ក (ឡូស៊ីក) ពីអ្នកគិតបែបទស្សនវិជ្ជាធំៗ ល្បីៗលើលោក។
ខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួន ដើម្បីជួយអ្នកក្នុងការអានអត្ថបទបែបទស្សនវិជ្ជា និងសៀវទស្សនវិជ្ជាផ្សេង៖
ទី១. អ្នកត្រូវអានអត្ថបទ ឬសៀវភៅនោះយ៉ាងហោចណាស់ឲ្យបានពី២ដង៖ ដំបូងមើលត្រួសៗ ដើម្បីដឹងពីដំណើរនៃអត្ថបទ ហើយចាប់យកចំណុចសំខាន់ ដើម្បីកំណត់ថា តើអ្វីដែលអ្នកនិពន្ធចង់បង្ហាញ និងអ្វីជាចំណុចសរុបនៃអត្ថបទ។ បន្ទាប់មកអានម្ដងទៀតដោយយកចិត្តទុកដាក់ ហើយស្វែងរកចម្លើយដែលទាក់ទងនឹងសំណួរ ហើយកំណត់ចំណាំនូវសេចក្ដីបកស្រាយនានា។
ទី២. អានដោយការផ្ចង់អារម្មណ៍ ហើយបង្កើតនៅគោលបំណង៖ ទាញខ្លួនរបស់អ្នកជាផ្នែកមួយ នៃអត្ថបទរួចបង្កើតជាការសន្ទនា ហើយត្រូវស្រមៃថា អ្នកនិពន្ធកំពុងនិយាយដោយផ្ទាល់ជាមួយអ្នកនៅក្នុងកិច្ចសន្ទនានោះ។ អ្នកត្រូវសួរសំណួរ ហើយស្វែងរកចម្លើយវាយតម្លៃ ហើយស្វែងរកពត៌មានបន្ថែមទៅលើទស្សនៈដែលអ្នកកំពុងឆ្ងល់។
ទី៣. កត់ត្រានូវអ្វីដែលអ្នកបានអាន៖ គឺជួយអ្នកនៅក្នុងការប្រមូលផ្ដុំចំណុចសំខាន់ៗនៃអត្ថបទ ហើយជួយអ្នកនៅក្នុងការផ្ចង់អារម្មណ៍ជាមួយអ្វីដែលអ្នកនិពន្ធបានសរសេរ។ ហើយការកត់ត្រានេះ គឺបង្ហាញពីតម្លៃនៅពេលអ្នកចាប់ផ្ដើមរំលឹកអត្ថបទទាំងមូលឡើងវិញ។
ទី៤. អានដោយធ្វើវិភាគ និងគិតឲ្យបានស៊ីជម្រៅ៖ ចំណុចនេះជាដំបូងអ្នកត្រូវអានដោយធ្វើការវិភាគទៅលើអត្ថបទ ហើយស្វែងយល់ពីអ្វីដែលអ្នកនិពន្ធបានសរសេរ។ បន្ទាប់មកធ្វើជាកម្រងឃ្លា ប្រយោគ តាមការគិតរបស់អ្នកពីគំនិតសំខាន់នៃអត្ថបទ តែមិនមែនជាការចម្លងតាមទាំងស្រុង។ ហើយព្យាយាមយល់ពីទស្សនៈនានារបស់អ្នកនិពន្ធ និងគោលបំណងដែលអ្នកនិពន្ធសរសេរសៀវភៅនោះ។ កុំគិតថាត្រូវតែយល់គ្រប់អ្វីទាំងអស់នៅក្នុងសៀវភៅ ឬអត្ថបទនោះ តែត្រូវឆ្លើយជាមួយសំណួរសំខាន់មួយចំនួនដូចជា៖ តើអ្វីជាមាតិកាដែលអ្នកនិពន្ធដាក់មក ដើម្បីធ្វើការបកស្រាយ? តើអ្វីជាចំណុចសំខាន់ដែលធ្វើឲ្យមានការអភិវឌ្ឍ និងគាំទ្រទៅលើមាតិកា? តើការឲ្យនិយមន័យពាក្យគន្លឹះដោយរបៀបណា? តើអ្វីជាការសន្មតមូលដ្ឋានដែលបង្កើតដោយអ្នកនិពន្ធ? តើអ្វីជាចំណុចសំខាន់ដែលជាប់ទាក់ទងជាមួយជំហររបស់អ្នកនិពន្ធ?
ទី៥. នៅក្នុងការអានលើកទី២ គឺអានដោយការគិតឲ្យគ្រប់ជ្រុងជ្រោយ៖ អ្នកមិនត្រូវជឿគ្រប់អ្វីដែលអ្នកបានអាននោះឡើយ។ ប្រសិនបើអ្នកយល់ថាខុស ឬមិនមានភាពច្បាស់លាស់ ការឲ្យនិយមន័យមិនទាន់ត្រឹមត្រូវ ឬគោលបំណងរបស់អ្នកនិពន្ធនោះមិនត្រឹមត្រូវ ដែលខុសពីអ្វីដែលអ្នកគិត អ្នកត្រូវបដិសេធ ហើយបង្កើតនៅគំនិតថ្មី ឬទឡ្ហីករណ៍ថ្មីមួយដែលអ្នកយល់ថា សមហេតុផលជាង ត្រឹមត្រូវជាង និងច្បាស់លាស់ជាង។
ទី៦. បន្ទាប់ពីអ្នកអានចប់ អ្នកត្រូវរំលឹកនូវអ្វីដែលអ្នកបានអាន៖ អ្នកមិនត្រូវបោះចោលអ្វីដែលអ្នកបានអាន តែអ្នកត្រូវបង្ហាញភាពជឿជាក់មួយ ដើម្បីមើលទៅលើអ្វីដែលអ្នកបានជួបប្រទះ។ មានសំណួរមួយដែលសំខាន់នោះគឺ តើអ្នកអាចសរសេរពីអ្វីដែលអ្នកបានអានជាឃ្លា ឬជាប្រយោគថ្មីដែរជាសម្ដីផ្ទាល់របស់អ្នកបានដែរឬទេ? ប្រសិនបើមិនអាច អ្នកត្រូវតែព្យាយាមរហូតទាល់តែអ្នកអាចធ្វើវាបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com