អន្តរជាតិ
ក្រុង​ប៉េកាំង​កាន់តែ​ស្និទ្ធ​ក្រុង​សេ​អ៊ូ​ល​អាចធ្វើ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​បាត់បង់​ឥទ្ធិពល
02, Sep 2015 , 7:39 pm        
រូបភាព
ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ បាន​អញ្ជើញ​ទៅដល់​ប្រទេស​ចិន​នៅ​ថ្ងៃ​អង្គារ​នេះ​តប​តាម​ការអញ្ជើញ​របស់​ប្រមុខរដ្ឋ​ចិន ស៊ី ជិន​ពីង។ លោកស្រី​នឹងចូលរួម​ក្នុង​ពិធី​ខួប​រំលឹក​ជ័យជម្នះ​លើ​ចក្រពត្តិ​ជប៉ុន​សម័យ​សង្គ្រាមលោក​លើក​ទី២ តែ​លោក គីម ជុង​អ៊ុន​មិន​ទៅ​ចូលរួម​ឡើយ។ វត្តមាន​លោកស្រី​បញ្ជាក់ថា ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង​និង​ចិន​ល្អប្រសើរ​ខ្លាំង​មិន​ចាញ់​សម្ព័ន្ធមិត្ត​អាមេរិក​ឡើយ។ ក្រុង​ប៉េកាំង​កំពុង​ស្វះស្វែង​ធ្វើ​ឲ្យ​សម្ព័ន្ធភាព​កូរ៉េខាងត្បូង​ជាមួយ​អាមេរិក​ទន់ខ្សោយ​ដើម្បី​បន្ថយឥទ្ធិពល​អាមេរិក។

 


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖



 ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​រដ្ឋ​ជា​មិត្ត​របស់​ចិន​បាន​អញ្ជើញ​ទៅដល់​ប្រទេស​ចិន​ជា​បន្តបន្ទាប់​ដើម្បី​ចូលរួម​ក្នុង​ពិធី​រំលឹក​ខួប​ជ័យជម្នះ​សង្គ្រាមលោកលើកទី២ ។ មេដឹកនាំ​ទាំងនោះ​មាន​មកពី​អាហ្វ្រិក អឺរ៉ុប​ខាងកើត និង​អាស៊ី ជាដើម ប៉ុន្តែ​មេដឹកនាំ​លោកខាងលិច​ជាច្រើន​ប្រកាស​មិន​ចូលរួម ហើយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ  អា​បេ ក៏​មិន​ចូលរួម​ក្នុង​កម្មវិធី​នៅ​ចិន​ដែរ។ មេដឹកនាំ​មកពី​ប្រទេស​ចំនួន៣០ មាន​លោក វ្ល៉ា​ឌី​មៀ​ពូ​ទីន រួមជាមួយ​ប្រមុខ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន​ផងដែរ។ ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ មានការ​ដើរ​ហែរ​ក្បួនទ័ព​ដ៏​ធំ​មិន​ធ្លាប់មាន នៅ​ទីលាន​ធាន​អាន​មេន​ផងដែរ។ ចិន​នឹង​បង្អួត​សាច់ដុំ​យោធា ដោយ​បញ្ចេញ​ស​ពា្វ​វុ​ធទំនើបៗច្រើន​រយ​ប្រភេទ​ផងដែរ។

រឿង​ដែល​សំខាន់​នៅ​ថ្ងៃ​ពុធ​នេះ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ បាន​ទៅដល់​ទីក្រុង​ប៉េកាំង​រួចទៅហើយ​តប​តាម​ការអញ្ជើញ​របស់លោក ស៊ី ជីន​ពិ​ង។ គេ​រំពឹង លោកស្រី​នឹង​ជួបពិភាក្សា​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​សម​ភាគី​ចិន ដោយ​ផ្តោតលើ​ប្រធានបទសំខាន់ៗជាច្រើន​ជាពិសេស​បញ្ហា​ទំនាក់ទំនង​ការទូត ពាណិជ្ជកម្ម​ទ្វេភាគី​និង បញ្ហា​ឧបទ្វីប​កូរ៉េ​ផង។ វត្តមាន​លោកស្រី​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង​នៅ​ចិន បញ្ជាក់​កាន់តែច្បាស់​ថា ទំនាក់ទំនង​ចិន​និង​កូរ៉េខាងត្បូង​កាន់​ប្រសើរ​មិន​ចាញ់​ទំនាក់ទំនង​កូរ៉េខាងត្បូង​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក​ប៉ុន្មាន​ឡើយ។ លោកស្រី​អញ្ជើញ​ទៅ​ចិន ផ្ទុយទៅវិញ​លោក គីម ជុង​អ៊ុន ប្រមុខរដ្ឋ​កូរ៉េខាងជើង​បែរជា​បដិសេធ​ចូលរួម​ដោយ​បញ្ជូន​តំណាង​របស់ខ្លួន​លោក Choe Ryong Hae ទៅ​ជំនួស​ទៅវិញ។  នេះ​ក៏​អាច​រំលេច​ឲ្យ​ឃើញ​ពី​ការ​ឃ្លាតឆ្ងាយ​ពីគ្នា​រវាង​សម្ព័ន្ធមិត្ត​ទាំងពីរ​ចិន​និង​កូរ៉េខាងជើង​ផងដែរ។

តាមពិតទៅ​ចំណង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ចាប់ផ្តើម​មាន​បញ្ហា ចាប់តាំងពី គីម ជុង​អ៊ុន ឡើងកាន់តំណែង​មកម្ល៉េះ ដ្បិតថា​ក្រុង​ប៉េកាំង​មើលឃើញថា​គីម​ជុង​អ៊ុន​ជាម​នុស្ស​ពិបាក​ធ្វើការ​ជាមួយ​មិន​ដូច​ជីតា​និង​ឪពុក​លោក​ឡើយ។ ជា​ឧទាហរណ៍ គីម ជុង​អ៊ុន បញ្ជា​ឲ្យ​គេ​បាញ់​សាកល្បង​កាំជ្រួច​នុយក្លេអ៊ែរ​ក្នុង​ឆ្នាំ ២០១៣ ទាំង​ដែល​ចិន​ជំទាស់​រួចទៅហើយ​ដែរ។ ប៉ុន្តែ​ទោះជា​ដូច្នេះ​ក្តី ទំនាក់ទំនង​នៅតែ​រឹងមាំ​ទោះ​ធ្លាក់ចុះ​មែន​ក្តី។ នេះ​ក៏ដោយ​សារ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​យូរយារ​ណាស់​មកហើយ ដោយ​ចិន​ធ្លាប់​ចេញ​ជួយ​ច្បាំង​កូរ៉េខាងជើង​ប្រឆាំង​ទ័ព​អាមេរិក​និង​សម្ព័ន្ធមិត្ត​សម័យ​សង្គ្រាម​កូរ៉េ​ផង​ឆ្នាំ ១៩៥០ ១៩៥៣ ផង។

ត្រលប់​មកវិញ វា​ជា​ការពិត​ដែលថា ទំនាក់ទំនង​ទ្វេភាគី​នៃ​មិត្ត​ជិតខាង​ទាំងពីរ​កូរ៉េខាងត្បូង​និង​ចិន​ល្អ​ពិតមែន ជាពិសេស​ផ្នែក​សេដ្ឋកិច្ច។ យោងតាម​សារព័ត៌មាន Wall Street ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រដ្ឋ​ទាំងពីរ​កើន​រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ដោយ​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​លេខ​មួយ​របស់​កូរ៉េខាងត្បូង ហើយ​កូរ៉េខាងត្បូង​ជា​ដៃគូ​ពាណិជ្ជកម្ម​លេខ​រៀង​ទី៤របស់​ចិន​ផង។ ភាគី​ទាំងពីរ​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ផង​នៅ​ដើមឆ្នាំ ២០១៥នេះ​ទៀត។

កាល​ខែឧសភា​លោកស្រី​បដិសេធ​អញ្ជើញ​ទៅ​ចូលរួម​ខួប​លើក​ទី ៧០នៃ​ជ័យជម្នះ​សង្គ្រាមលោកលើកទី២នៅ​រុស្ស៊ី​ដោយសារតែ​រុស្ស៊ី​អញ្ជើញ គីម ជុង​អ៊ុន​ទៅ​ចូលរួម​ហើយ​ណាមួយ​រុស្ស៊ី​កំពុង​ស្ថិតក្រោម​បញ្ជីខ្មៅ​របស់លោក​ខាងលិច​ជាពិសេស​អាមេរិក​ផង​ព្រោះ​ឈ្លានពាន​អ៊ុយ​ក្រែ​ន។ ចុងក្រោយ​លោក គីម​ជុង​អ៊ុន​សម្រេច​លុបចោល​ដំណើរ​ទៅ​រុស្ស៊ី​ទៅវិញ​ដោយ​មិនដឹង​មូលហេតុ។

កូរ៉េខាងជើង​បន្ថយ​ការពឹង​ផ្អែកលើ​ក្រុង​ប៉េកាំង ដោយ​ព្យាយាម​បង្កើន​ទំនាក់ទំនង​ជាមួយ​បណ្តា​រដ្ឋ​ឯទៀត​នៅ​អាស៊ី អាហ្វ្រិក និង​អាមេរិក​ឡាទីន​ជាដើម។ កាលពី​ប៉ុន្មាន​ខែ​មុន រដ្ឋមន្ត្រីការបរទេស​ក្រុង​ព្យុងយ៉ាង Ri Su Yong ចេញដំណើរ​ទៅ​ទស្សនកិច្ច​នៅ​គុយបា ហើយ​បន្តទៅ​រដ្ឋ​ឯទៀត​នៅ​អាហ្វ្រិក​ផង ដោយមាន​គោលបំណង​រឹតបន្តឹង​ចំណងមិត្តភាព​និង​អាចបង្កើត​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ផង​នៅពេល​ខាងមុខ។ តែ​ទោះ​ចង់​មិន​ចង់ ក្រុង​ព្យុងយ៉ាង​មិន​ចង់​ឲ្យ​ខូចខាត​ទំនាក់ទំនង​ជាមួយ​ចិន​ឡើយ ទោះជា​ចង់​កាត់បន្ថយ​ការពឹង​ពាក់​លើ​ចិន​ខ្លះ​ក្តី។ មិនមាន​វត្តមាន គីម ជុង​អ៊ុន មែន​តែ​តំណាង​ដែល​ត្រូវ​បញ្ជូនទៅ​ចិន ជា​មន្ត្រី​ជំនិត​បំផុត​របស់លោក​និង​មាន​តំណែង​ជា​លេខា​គណកម្មការ​កណ្តាល​ទៀត។

ជុំវិញ​រូបភាព​ថ្មី​នៃ​ការប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​ចិន​និង​កូរ៉េខាងត្បូង ទាំង​ចិន និង​កូរ៉េខាងត្បូង​សុទ្ធតែ​មើលឃើញ​ប្រយោជន៍​ច្រើន​ដែល​អាច​ទាញ​បាន​ពី​ការ​រឹតបន្តឹង​ចំណងមិត្តភាព​នេះ។  កូរ៉េខាងត្បូង​ឯណោះ​វិញ​យល់ឃើញថា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន​មាន​ប្រយោជន៍​ច្រើនយ៉ាង។ ប្រយោជន៍​ចម្បង​គឺ ចិន​អាចជួយ​ដាក់​សម្ពាធ​ក្រុង​ព្យុងយ៉ាង​ឲ្យ​ត្រលប់​ទៅ​តុ​ចរចា​ដើម្បី​ជជែក​គ្នា​ពី​ការរួបរួម​គ្នា​រវាង​បងប្អូន​ទាំងពីរ។  លោក ស៊ី ជិន​ពីង​និង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ធ្លាប់​ជជែក​គ្នា​រឿង​ដំណើរ​ឈានទៅ​រួបរួម រវាង​កូរ៉េ​ទាំងពីរ ដែល​វា​ជា​រឿងចម្រូងចម្រាស​ដែល​មេដឹកនាំ​ចិន​មុន​មិន​ដែរ​លើក​មក​និយាយ​ឡើយ។ នេះ​ក៏​ព្រោះថា ចិន​មិន​ចង់​បាត់បង់​របប​ក្រុង​ព្យុងយ៉ាង​ទាល់តែសោះ។ តែ​លើក​នេះ​ចិន​ស្រាប់តែ​ព្រម​ជជែក​រឿងនេះ​តែម្តង។ លោកស្រី ប៉ាក អរគុណ​សម​ភាគី​ចិន ដោយសារ​ចិន​ពេលនេះ​យល់ច្បាស់​ពី​គោលជំហរ​របស់​ក្រុង​សេ​អ៊ូ​ល​កាន់តែ​ច្រើនជាង​មុន​ផង។

មួយទៀត​កូរ៉េខាងត្បូង​ចង់​ឲ្យ​ចិន​កាត់បន្ថយ​ការគាំទ្រ​ក្រុង​ព្យុ​យ៉ាង ដើម្បី​ងាយស្រួល​ទាញ​របប​ដឹកនាំ​ឯកោ​នោះមក​ជជែក​បញ្ហា​សន្តិសុខ​និង​កម្មវិធី​នុយក្លេអ៊ែរ​ផង។ ថ្មីៗកន្លងទៅ​ចិន​នេះឯង​បានរួម​ចំណែក​ច្រើន​ដែរ​ក្នុងការ​ជម្រុញ​ភាគី​កូរ៉េ​ទាំងពីរ​បញ្ចៀស​សង្គ្រាម​និង​ត្រលប់​ទៅ​ចរចា​គ្នា​វិញ​ផង។ ចុងក្រោយ​ក្រុង​សេ​អ៊ូ​ល​រំពឹងថា​នឹង​ចាប់ដៃ​ចិន​ធ្វើ​ពាណិជ្ជកម្ម​ថ្ងៃ​អនាគត។ អ្នកណា​ក៏​ទទួលស្គាល់ថា​វា​ពិតជា​មិនអាច​ខ្វះ​ចិន​បានឡើយ ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ។ បើ​ទុក​ឲ្យ​ទំនាក់ទំនង​ជាមួយ​ចិន​នៅ​ស្ថិតក្នុង​កម្រិត​ទាប កូរ៉េខាងត្បូង​នឹង​ខាតបង់​ច្រើន​ចៀស​មិន​ផុត។ ផ្ទុយទៅវិញ ការ​ស្ទុះស្ទា​អញ្ជើញ​និង​ទទួល​ស្វាគមន៍​លោកស្រី​ប៉ាក​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ក្រុង​ប៉េកាំង​នោះ ជា​ចេតនា​របស់​ចិន​ក្នុង​ការធ្វើ​ឲ្យ​សម្ព័ន្ធភាព​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​ថយចុះ ដែល​វា​បង្ក​ភាពងាយស្រួល​ដល់​ខ្លួន​ក្នុងការ​ប្រជែង​អាមេរិក​នៅក្នុង​តំបន់​ផង។ ម្យ៉ាង​ចិន​ឆក់​ឱកាស​ចាប់ដៃ​កូរ៉េខាងត្បូង ដោយសារ​ចិន​និង​កូរ៉េខាងត្បូង​សុទ្ធតែ​មិនត្រូវ​គ្នា​ជាមួយ​ជប៉ុន។ ដោយសារ មហិច្ឆតា​សាង​កម្លាំងយោធា​របស់រ​ដ្ឋា​ភិ​បាលជ​ប៉ុន កូរ៉េខាងត្បូង​និង​ចិន​ចាំបាច់​ត្រូវ​រត់​រកគ្នា៕


Tag:
 កូរ៉េខាងត្បូង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com