ជាតិ
ស្រូវ​ជិត ២០ម៉ឺន​ហិកតា នឹងរង​ការខូចខាត
02, Sep 2015 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
គ្រោះរាំងស្ងួត និង​ការ​កង្វះខាត​ប្រព័ន្ធធារាសាស្ត្រ​សម្រាប់​ផ្គត់ផ្គង់​ទឹក​នៅ​កម្ពុជា ឆ្នាំនេះ​ធ្វើឱ្យ​ដំណាំ​ស្រូវ​ប្រមាណ​ជិត ២០ម៉ឺន ហិកតា​នៅ​ទូទាំងប្រទេស​នឹងរង​ការខូចខាត ។ នេះ​បើ​យោងតាម​របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ចុងខែ​សីហា។

 


របាយការណ៍​ក្រសួងកសិកម្ម​ដដែល​បានឱ្យដឹងថា ដំណាំ​ស្រូវ​ប្រមាណ​ជាង ១៨៥.៤៥១ហិកតា នៅ​ទូទាំង១៣រាជធានី និង​ខេត្ត​រង​ការខូចខាត​ដោយសារ​គ្រោះរាំងស្ងួត និង​ដោយសារតែ​គ្មាន​ប្រព័ន្ធធារាសាស្ត្រ​គ្រប់គ្រាន់​សម្រាប់​បង្ហូរទឹក​ក្នុងការ​ស្រោចស្រព​ដំណាំ។

ថ្វីដ្បិតតែ​របាយការណ៍​នោះ​បញ្ជាក់​អំពី​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត ប៉ុន្តែ​ក្រសួង​បាន​អន្តរាគមន៍​ទាន់ពេល​នៅ​បណ្តា​ខេត្ត​ខ្លះ តាមរយៈ​យន្តការ​ដែលមាន​ស្រាប់។ នេះ​បើតាម​ការអះអាង​របស់ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ។

គួរ​រំ​ឮ​ក​ផងដែរ​ថា គិត​ត្រឹម​ដើមខែ​សីហា ឆ្នាំ២០១៥នេះ ដំណើរការ​នៃ​ការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​នៅ​ទូទាំងប្រទេស​សម្រេចបាន២.១២៣.៦២៩ហិកតា​ស្មើនឹង​ជាង៨២%នៃ​ផែនការ។ ចំនួន​នេះ​តិចជាង​ឆ្នាំមុន​ជាង ៦០.៧៥១ហិកតា​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា។ នៅពេលនេះ​ទឹកភ្លៀង​បាន​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំងប្រទេស​វិញ​ហើយ​ធ្វើឱ្យ​កសិករ​អាច​ដាំ​ដុះ​ឡើងវិញ​បាន​លើកលែងតែ​ខេត្ត​ប៉ៃលិន​មួយ​ប៉ុណ្ណោះ​ដែល​ការដាំដុះ​នៅមានកម្រិត​ទាប៕

ប្រភព៖ AKP


Tag:
 គ្រោះរាំងស្ងួត
© រក្សាសិទ្ធិដោយ thmeythmey.com