អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រជាជន​ឥណ្ឌា​រាប់លាន​នាក់​ធ្វើ​កូដកម្ម​ប្រឆាំង​កំណែទម្រង់​ការងារ​រប​ស់លោក​ម៉ូ​ឌី
03, Sep 2015 , 9:44 am        
រូបភាព
ដោយ:
 
 
នៅ​ថ្ងៃ​ពុធ ម្សិលមិញ ប្រជាជន​ឥណ្ឌា​រាប់លាន​នាក់​បាននាំគ្នា​ធ្វើ​កូដកម្ម មិន​ចូលធ្វើការ ដើម្បី​ប្រឆាំង​កំណែទម្រង់​ច្បាប់​ទីផ្សារការងារ​របស់រ​ដ្ឋា​ភិ​បាល​លោក ណារិន​ដ្រា ម៉ូ​ឌី។ នេះ​ជាការ​តវ៉ា​លើក​ទី១ដ៏​ធំ​បំផុត ក្នុងប្រទេស គិត​តាំងពី​លោក​ម៉ូ​ឌី​ជាប់ឆ្នោត​កាន់អំណាច ក្នុង​ខែឧសភា​មក។

 
កន្លែង​ចាំ ឡានក្រុង និង​អាកាសយានដ្ឋាន​ត្រូវបាន​រាំងស្ទះ។ នៅ​រដ្ឋ​បង់​ហ្កា​ល់​ភាគ​ខាងកើត មានការ​ប៉ះទង្គិចរ​វា​ង​ក្រុមអ្នកតវ៉ា​និង​ប៉ូលិស។ ប៉ូលិស​បាន​បណ្តេញ​ក្រុម​ស្ត្រី​តវ៉ា នៅ​ក្រុង Calcutta មិនអោយ​នៅ​ផ្តុំគ្នា។ ក្រុមអ្នកតវ៉ា​ខ្លះ​បាន​គប់​ដុំថ្ម និង​បំផ្លាញ​រថយន្ត​ជាច្រើន​គ្រឿង។ 
 
ដើម្បី ទាក់ទាញ​អ្នកវិនិយោគ​បរទេស​អោយចូល​ស្រុក​បាន​ច្រើន រដ្ឋាភិបាល​លោក​ម៉ូ​ឌី​ចង់​ធ្វើអោយ​ច្បាប់​ពាក់ព័ន្ធ​នឹង​សង្គម កាន់​តែមាន​ភាពសាមញ្ញ ងាយស្រួល។ មូលហេតុ​គឺ​ដោយសារ​ច្បាប់​នេះ​ពឹង​ផ្អែកលើ​ច្បាប់​ជាច្រើន​ដែលមាន​តាំងពី​សម័យ អាណានិគម​អង់គ្លេស។ រដ្ឋាភិបាល​ចង់អោយ​ឥណ្ឌា​មានច្បាប់​ការងារ​តែមួយគត់ សម្រាប់​ផ្នែក​ឧស្សាហកម្ម។ ក្រុម​ប្រធាន​សហគ្រាស​គិតថា ច្បាប់​ជាតិ​ចំនួន៤៤ និង​ច្បាប់​ពិសេស​សន្ធឹកសន្ធាប់​តាម​រដ្ឋ​និមួយៗ មានតែ​ធ្វើអោយ​រដ្ឋ​ខាតបង់​ថវិកា ធ្វើអោយ​អ្នកវិនិយោគ​មិន​ចង់​ចូល​ស្រុក​ឥណ្ឌា​ប៉ុណ្ណោះ។
 
ក្នុង កំណែទម្រង់​ច្បាប់​របស់លោក​ម៉ូ​ឌី សហគ្រាស​ត្រូវតែ​រក្សាទុក​នូវ​ឯកសារ​ច្រើនសន្ធឹក​សន្ធាប់ ករណី​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ។ សហគ្រាស​ក៏ត្រូវ​តែ​ធ្វើ​របាយការណ៍​ស្តីពី​វត្តមាន​បុគ្គលិក ម៉ោង​ការងារ​ដែល​បុគ្គលិក​ត្រូវធ្វើ​បន្ថែម រឺក៏​ការឈប់​សម្រាក​ពេល​មាន​ជំងឺ​ជាដើម។ របាយការណ៍​នេះ​ក៏ត្រូវ​រៀបរាប់​ពី​ចំនួន​កន្ថោ​ស្តោះ​ទឹកមាត់ និង​ពី​ការសំអាត​ជញ្ជាំង​បន្ទប់ទឹក​ផងដែរ។
 
សហជីព​គិតថា សំណើ​ច្បាប់​នេះ​អាច​ធ្វើអោយប៉ះពាល់​សុវត្ថិភាព​ការងារ និង​ការផ្តល់​កម្រៃ​បន្ថែម​ដល់​អ្នកធ្វើការ។ សហជីព​និង​កូដ​ករ​ភ័យខ្លាច​ថា ច្បាប់​ការងារ​នេះ​ធ្វើអោយមាន​ការបណ្តេញ​បុគ្គលិក​ពី​ការងារ។ ពួកគេ​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ទាត់ចោល​រាល់​លក្ខខណ្ឌ​ដែល​អាច ធ្វើអោយ​បុគ្គលិក​បាត់បង់​ការងារ។ កូដ​ករ​ក៏​សុំអោយ​បិទ​ចោល​រោងចក្រ​ដែល​ចាស់​ទ្រុឌទ្រោម​ផងដែរ។
 
តាំងពី​ខែ​មុន​មក សហជីព​បានទាមទារ​អោយ​កំណត់​ប្រាក់ខែ​អប្បបរមា​ជាតិ អោយបាន​ដល់១៥០០០រូពី ត្រូវ​នឹង​ជាង២២៦ដុល្លារ​អាមេរិក។ ប្រាក់ខែ​អប្បបរមា​បច្ចុប្បន្ន មានតែ​ពី៥០០០ ទៅ៩០០០រូពី ពោលគឺ​ពី៧៥ដុល្លារ ទៅដល់​ជិត១៣៥ដុល្លារ​ប៉ុណ្ណោះ។ ម្សិលមិញ អ្នកធ្វើការ​តាម​ផ្ទះ រឺ​អ្នកលក់ដូរ​តូចតាច​ក៏​នាំគ្នា​ចូលរួម​កូដកម្ម តវ៉ា​ពី​ប្រាក់ខែ​អប្បបរមា​នេះដែរ៕
 

Tag:
 ម៉ូ​ឌី
© រក្សាសិទ្ធិដោយ thmeythmey.com