កីឡាជាតិ
ឆ្នាំ១៩៦៤ កម្ពុជា​ចាញ់​ជប៉ុន ៤-០ ឆ្នាំ ១៩៧០ បន្ត​ចាញ់ ១-០ ចុះ​ឆ្នាំ២០១៥នេះ​ម្ដង តើ​កម្ពុជា​ឬ​ជប៉ុន?
03, Sep 2015 , 10:42 am        
រូបភាព
ដោយ:
ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ជម្រើសជាតិ​ជប៉ុន នៅវេលា​ម៉ោង ៧:២៦ នាទី (ម៉ោង ៥:២៦ នាទី​ល្ងាច​នៅ​កម្ពុជា) ក្នុង​វគ្គ​ជម្រុះ​ពូ​ល E នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2018 FIFA World Cup Russia ប្រចាំ​ទ្វីបអាស៊ី ជុំ​ទី២ នៅ​កីឡដ្ឋាន Saitama Stadium 2002 ក្នុង​ទីក្រុង Saitama ប្រទេស​ជប៉ុន។

 
និយាយ​ពី​អតីតកាល​ក្រុម​ទាំង២ ធ្លាប់​ជួបគ្នា ២ លើក​រួចមកហើយ​ដំបូង​ក្រុម​កម្ពុជា​បាន​ប្រកួត​ចាញ់​ជប៉ុន ៤ ទល់ ០ ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ Merdeka Tournament ឆ្នាំ ១៩៦៤។ ពានរង្វាន់ Merdeka Tournament រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី ដែល​បង្កើតឡើង​ដើម្បី​អបអរ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់ខ្លួន។ ចំណែក​ប្រកួត​លើក​ទី២ កម្ពុជា បន្ត​ចាញ់ ១ ទល់ ០ ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​នៃ​ពានរង្វាន់​កីឡា​ទ្វីបអាស៊ី Asian Games ឆ្នាំ ១៩៧០ ដែល​ប្រទេស​ថៃ ធ្វើជា​ម្ចាស់ផ្ទះ។
 
ក្រុម​ជម្រើសជាតិ​កម្ពុជា ដែលមាន​កីឡាករ ២២ នាក់ និង​ថ្នាក់ដឹកនាំ ៩ នាក់​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ត្រៀមខ្លួន​ប្រកួត​តាំងពី​ថ្ងៃទី ២១ ខែ សីហា កន្លងទៅ​ម្ល៉េះ។ កីឡាករ​មួយចំនួន​ដូចជា ហួយ ផល្លី​ន និង ប្រាក់ មុន្នី​ឧ​ត្ត​ម របស់​ក្លិប​ស្វាយរៀង និង សារី ម៉ាត់ ណូ​រ៉ូ​ទីន របស់​ភ្នំពេញ​ក្រោ​ន សុទ្ធតែ​មិនអាច​ធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន​ជាមួយ​មិត្ត​រួម​ជាតិ​បាន​នោះទេ ព្រោះ​មាន​បញ្ហា​របួស។
 
មុន​ចេញទៅ​ជប៉ុន ក្រុម​កម្ពុជា បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​ឈ្នះ​ក្រុម​ជម្រើសជាតិ​នៃ​ប្រទេស​ប៊ូ​តាន់ ដោយ​លទ្ធផល ២ ទល់ ០ មុន​ធ្វើដំណើរ​ទៅ​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​នៅ​ប្រទេស​ថៃ។ ដល់​ប្រទេស​ថៃ កម្ពុជា បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្លិប Army United ក្នុង​លី​ក​កំពូល​របស់​ថៃ ១ ទល់ ១ តែ​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​ឡាវ ដោយ​លទ្ធផល ២ ទល់១ ។
 
គ្រូបង្វឹក​ជប៉ុន​លោក Vahid Halilhodzic បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ពេលថ្មីៗមក​ថា៖«ការ​ប៉ះ​កម្ពុជា គឺជា​ការប្រកួត​ក្នុង​ដី​លើកចុងក្រោយ​សម្រាប់​ជប៉ុន​ក្នុង​ឆ្នាំ២០១៥នេះ។ យើង​សង្ឃឹមថានឹង​បញ្ចប់​ឆ្នាំ​ដោយ​ល្អ​បំផុត។ យើង​នឹង​យកឈ្នះ​ការប្រកួត​នេះ ដើម្បី​បង្កើន​ទំនុកចិត្ត​ក្រុម សម្រាប់​ការធ្វើដំណើរ​ទៅ​ប្រកួត​ក្រៅ​ដី»។
 
ក្រុម​ជម្រើសជាតិ​ជប៉ុន ហ្វឹកហាត់​រួមគ្នា​តែ ២ ពេល​ប៉ុណ្ណោះ គឺ​នៅ​រសៀល​ថ្ងៃទី ៣១ ខែ សីហា និង​ថ្ងៃទី ១ ខែ កញ្ញា ថ្មីៗនេះ ខណៈ​កីឡាករ​គួរ​ឲ្យ​ចាប់អារម្មណ៍​រួមមាន​ខ្សែប្រយុទ្ធ Keisuke Honda របស់ AC Milan, ខ្សែប្រយុទ្ធ Shinji Okazaki របស់ Leicester, ខ្សែបម្រើ Shinji Kagawa របស់ Dortmund និង​ខ្សែការពារ Yuto Nagatomo របស់ Inter Milan ជាដើម។
 
ប្រកួត​ចុងក្រោយ ៣ លើក​របស់​ក្រុម​ជម្រើសជាតិ​ជប៉ុន បាន​ប្រកួត​ចាញ់ ក្រុម​កូរ៉េខាងជើង ២-១ ក្នុង​វគ្គ​ជុំ​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់​បាល់ទាត់​អាស៊ី​បូព៌ា 2015 EAFF East Asian Cup កាលពីដើម​ខែសីហា កន្លងទៅ ហើយ​ប្រកួត​លើក​ទី២ ស្មើគ្នា​ជាមួយ​ក្រុម​កូរ៉េខាងត្បូង ១-១ និង​ចុងក្រោយ​បន្ត​ស្មើ​ប្រទេស​ចិន ដោយ​លទ្ធផល ១-១ ទៀត។
 
សរុប​លទ្ធផល​ក្នុង​ពូ​ល E ក្រុមបណ្ដោះអាសន្ន​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី ឈរ​កំពូល​តារាង​ក្រោយ​ប្រកួត​បាន ២ លើក​ឈ្នះ ១ ស្មើ ១ មាន ៤ ពិន្ទុ តាម​ពីក្រោយ​ដោយ​ស៊ី​រី និង អា​ហ្វ​ហ្គា​នី​ស្ថាន មាន ៣ ពិន្ទុ​ទើបតែ​ប្រកួត​បាន ១ លើក​ប៉ុណ្ណោះ។ ចំពោះ​ក្រុម​ជម្រើសជាតិ​ជប៉ុន ឈរ​លេខ៤ ទើប​មាន ១ ពិន្ទុ​ក្នុង​ដៃ​ប៉ុណ្ណោះ​ក្រោយ​ប្រកួត​ស្មើគ្នា ០ ទល់ ០ ជាមួយ​សិង្ហ​បុរី ហើយ​កម្ពុជា នៅ​បាត​តារាង មិនទាន់មាន​ពិន្ទុ​កាន់​នៅឡើយ​ទេ៕
 
សម្រាប់​ប្រកួត​សរុប​នៅក្នុង​វគ្គ​ជម្រុះ​ប្រចាំ​ទ្វីបអាស៊ី នៅ​ថ្ងៃទី៣ ខែកញ្ញា នេះ​មាន៖
-ជប៉ុន Vs កម្ពុជា នៅ​ម៉ោង ១៧:២៦
-អូស្ត្រាលី Vs បង់​ក្លា​ដេ​ស នៅ​ម៉ោង ១៨:០០
-កូរ៉េខាងត្បូង Vs ឡាវ នៅ​ម៉ោង១៨:០០
-ចិន Vs ហុងកុង នៅ​ម៉ោង១៨:៣៥
-អ៊ីរ៉ង់ Vs តៃវ៉ាន់ នៅ​ម៉ោង១៩:៣០
-អ៊ូ​បេ​គី​ស្ថាន Vs យេ​មែន នៅ​ម៉ោង ២១:០០
-អ៊ីរ៉ាក់ Vs ហ្គា​ម នៅ​ម៉ោង ២១:៣០
-អូ​ម៉​ង Vs ទួ​រ​មេ​នី​ស្ថាន នៅ​ម៉ោង ២២:០០
-អារ៉ាប់​រួម Vs ម៉ាឡេស៊ី នៅ​ម៉ោង ២២:១៥
-បា​រ៉ែ​ន Vs កូរ៉េខាងជើង នៅ​ម៉ោង ២២:៤០
-ហ្សកដានី Vs គី​ហ្ស៊ី​គី​ស្ថាន នៅ​ម៉ោង ២៣:០០
-កាតារ Vs ប៊ូ​តាន់ នៅ​ម៉ោង ២៣:០០
-ស៊ី​រី Vs សិង្ហ​បុរី នៅ​ម៉ោង ២៣:០០
-គុយ​វ៉ែត Vs មី​យ៉ាន់​ម៉ា នៅ​ម៉ោង១២:០០ យប់
-អា​រ៉ា​ប៊ី​សា​អូឌីត Vs ទី​ម័​រ​ខាងកើត ១២:៤០ យប់
 

Tag:
 ជម្រើសជាតិ​កម្ពុជា
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com