ជាតិ
សង្គមជាតិ
បាក់ឌុប៖ ក្រសួងអប់រំចាប់ផ្តើមស្រង់ និងបូកពិន្ទុតាមប្រព័ន្ធកុំព្យូទ័រ រូបថតក្រសួងអប់រំ យុវជន និងកីឡា
× ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកញ្ញានេះ គណៈកម្មការស្រង់បូកពិន្ទុដោយកុំព្យូទ័របានចាប់ផ្តើមសាកល្បងកម្មវិធីបញ្ចូលពិន្ទុបេក្ខជនក្នុងកុំព្យូទ័រ ដើម្បីរៀបចំដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុបាក់ឌុប។
ការស្រង់បូកពិន្ទុដោយកុំព្យទ័រ និងពិនិត្យផ្ទៀងផ្ទាត់ពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាឆ្នាំ ២០១៥នេះ ប្រព្រឹត្តទៅនៅការិយាល័យប្រឡងនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃ១៣ខែកញ្ញា។ នេះបើតាមការប្រសាសន៍លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។
ដើម្បីធានាបាននូវតម្លាភាព យុត្តិធម៌ ក្រសួងអប់រំបានរឹតបន្តឹងដំណើរស្រង់បូកពិន្ទុបេក្ខជនទូទាំងប្រទេស ដោយក្រសួងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ បានបំពាក់ កាមេរ៉ាសុវត្ថិភាព ព្រមទាំងមន្ត្រី ACUប្រចាំការ ដើម្បីតាមដានប្រក្រតីភាពការងារបូកពិន្ទុ នៅក្នុងការិយាល័យប្រឡងនាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ។
គួរបញ្ជាក់ថា ការប្រឡងបាក់ឌុបរយៈពេល ២ថ្ងៃ ស្មើនឹង ៦៣០នាទី មានរបបពិន្ទុប្រឡងអតិបរមា ៥០០ពិន្ទុ ប៉ុន្តែមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់គឺ ៥០០ពិន្ទុ ដក ២៥រួច ចែកនឹង ២ស្មើនឹង ២៣៧,៥ពិន្ទុ។
សម័យប្រឡងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥កន្លងទៅ បេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ៨៨ ៤៨៨ នាក់ ចែកចេញជា ១៥០ មណ្ឌល ស្មើនឹង ៣,៥៧៦ បន្ទប់។ បេក្ខជនអវត្តមានសរុបចំនួន ១៥៨៩នាក់ ស្រី ៥៥២នាក់ ត្រូវជា ១,៨៧ ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប។ មុខវិជ្ជាប្រឡង មានចំនួន ៧ ចែកចេញជា ថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។ តើបេក្ខជនប្រឡងជាប់និទ្ទេសពី A ដល់ E មានចំនួនប៉ុន្មាននាក់ ក្នុងសម័យប្រឡងបាក់ឌុបឆ្នាំ ២០១៥នេះ?
តាមគម្រោង ក្រសួងនឹងប្រកាសផ្សាយលទ្ធផលប្រឡងនៅរសៀលនៅថ្ងៃទី១៥ ខែកញ្ញា សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ សម្រាប់មណ្ឌលប្រឡងនៅតាមបណ្តាខេត្តទាំង ២៣ទៀត ព្រមទាំង ផ្សព្វផ្សាយតាមហេ្វសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា www.facebook.com/ moeys.gov.kh។
គួរបញ្ជាក់ផងដែរ កាលពីដំណើរការរឹតបន្តឹងការប្រឡងលើកទី១ ក្នុងឆ្នាំ ២០១៤ បេក្ខជនជាប់បាក់ឌុបទូទាំងប្រទេសក្នុងការប្រឡងទាំងពីរលើក មានចំនួនជាង ៣ម៉ឺននាក់ក្នុងចំណោមបេក្ខជនប្រឡងសរុបជាង ៧ម៉ឺននាក់ ក្នុងនោះ បេក្ខជនជាប់និទ្ទេសមាន A ចំនួន ១១ នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com