ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហោ ណាំហុង ប្រាប់បក្ស​ប្រឆាំងឲ្យបញ្ឈប់​ការ​ញុះញង់​បញ្ហា​ព្រំដែន​
03, Sep 2015 , 12:13 pm        
រូបភាព
ក្រុមការងារព្រំដែនរបស់​រដ្ឋាភិបាល​កម្ពុជាបានបញ្ចប់ការ​ផ្ទៀងផ្ទាត់​ ផែនទីផ្លូវការ​របស់​រដ្ឋាភិបាលកម្ពុជា និង​ផែនទី​ដែលខ្ចីពី​ប្រទេស​បារាំងហើយ​នៅម៉ោង​ជិត​១២​ថ្ងៃត្រង់នេះ។ ទាំងលោក វ៉ា គឹមហុង ដែលជាអ្នកពន្យល់អំពីការ​ប្រៀបធៀប​ផែនទី​ទាំង​២៦​ផ្ទាំង​រយៈពេល​ជិត​៣ម៉ោង​នៅ ​វិមានសន្តិភាព និង​ទាំងលោក​ ហោ ណាំហុង ប្រធានគណៈកម្មការចំពោះកិច្ច​ទទួលបន្ទុកទទួល ផ្ទៀងផ្ទាត់ និង​ប្រគល់ផែនទី បានអំពាវនាវ​ដល់​គណបក្ស​ប្រឆាំង ឲ្យបញ្ចប់ការ​វាយប្រហារ​រដ្ឋាភិបាល​ក្នុង​សំណុំរឿង​ព្រំដែន ហើយ​ប្រឹងប្រែង​បង្កើតកម្មវិធី​នយោបាយល្អ​ដើម្បី​ទាក់ទាញ​អ្នកបោះឆ្នោត​វិញ។ ការ​អំពាវនាវនេះ​ត្រូវបានធ្វើឡើង​ក្រោយពីការ​បញ្ចប់ការ​ផ្ទៀងផ្ទាត់ផែនទី​ នៅព្រឹកថ្ងៃទី​៣​កញ្ញានេះ។



លោកឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង បាន​ប្រើ​វេទិកា​នៃពិធី​ផ្ទៀងផ្ទាត់​ផែនទីដែលត្រូវបាន​ផ្សាយផ្ទាល់តាម​បណ្តាញ​ទូរទស្សន៍ក្នុងប្រទេស ដើម្បី​ប្រាប់គណបក្ស​នយោបាយ ដែលគេអាចយល់បានថា លោក​ចង់សំដៅទៅលើគណបក្ស​សង្គ្រោះជាតិ ឲ្យបញ្ចប់ការ​និយាយញុះញង់ក្នុង​រឿងព្រំដែន ដោយសារផែនទីពីដែលផលិតដោយប្រទេស​បារាំង​ក៏បង្ហាញ​អំពី​ភាព​ដូចគ្នា​នៃ​ផែនទី​ផ្លូវការ​ដែលរដ្ឋាភិបាល​កំពុងប្រើក្នុងពេលបច្ចុប្បន្ន​ដែរ។ លោក ហោ ណាំហុង ប្រាប់ឲ្យគណបក្សប្រឆាំង​ផ្តោតអារម្មណ៍​លើកម្មវិធី​នយោបាយ​របស់ខ្លួនវិញ ដើម្បីទាក់ទាញ​អ្នកបោះឆ្នោត។ «សូមគណបក្ស​នយោបាយ​បញ្ចប់ត្រឹមប៉ុណ្ណេះ។ កុំឲ្យគណបក្ស​នយោបាយ​ញុះញង់ពលរដ្ឋ​ប្រឆាំងរដ្ឋាភិបាលក្នុង​បញ្ហា​ព្រំដែនទៀត។ សូម​បក្ស​នយោបាយ​មានភាពស្មោះត្រង់»។ នេះជាការ​អត្ថាធិប្បាយ​របស់លោករដ្ឋមន្ត្រីការ​បរទេស​កម្ពុជា។

លោក ហោ ណាំហុង មិនបានអនុញ្ញាត​ឲ្យមានសំណួរនៅពេលបញ្ចប់ការផ្ទៀងផ្ទាត់នោះទេ។ ក្រោយពីលោក ហោ ណាំហុង រិះគន់ថា​គណបក្ស​នយោបាយ​ញុះញង់ពលរដ្ឋ​ក្នុង​សំណុំរឿងព្រំដែននោះ លោក អ៊ូ ច័ន្ទរិទ្ធ តំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ​ដែលបានចូលរួមក្នុង​ពិធី​ផ្ទៀងផ្ទាត់​ផែនទី​ដែរនោះ បានប្រាប់អ្នកកាសែត​ថា លោកមិនអាច​ទទួល​យក​បាន​​នូវការ​អត្ថាធិប្បាយ​របស់លោក ហោ ណាំហុង​ឡើយ ព្រោះការលូកដៃចូលក្នុងរឿងព្រំដែននេះ គឺគណបក្សលោកចង់ជួយដោះស្រាយបញ្ហាជាតិប៉ុណ្ណោះ ។ មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ​រូបនេះ បាន​បន្ត​ថា លោក​ចង់ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​អនុញាត​ឲ្យមានការ​ថតចម្លងផែនទីនានា​ដែលត្រូវបាន​ផ្ទៀងផ្ទាត់ ដើម្បី​ពួកគេ​ធ្វើការ​ផ្ទៀងផ្ទាត់ដោយខ្លួនឯង​ដែរ។ ៖«ទីបញ្ចប់ខ្ញុំឃើញថាមានការវាយប្រហារមកគណបក្សសង្រ្គោះជាតិថា យើងញុះញង់ប្រជាពលរដ្ឋគ្រប់បែបយ៉ាងនេះ ខ្ញុំមិនអាចទទួលយកបានទេ បញ្ហាជាតិជា​បញ្ហា​របស់ខ្មែរទាំងអស់ បញ្ហាទឹកដីមិនមែនជាបញ្ហារបស់បុគ្គលណាទេ ជាបញ្ហារបស់ខ្មែរ ដូច្នេះខ្ញុំមានការសោកស្ដាយណាស់»៕





Tag:
 ហោ ណាំហុង
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com