អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​កា​រ​ត​វ៉ា​ប្រឆាំ​ង​​​អំ​ពើ​ពុ​ក​រ​លួ​យ​​​រា​ល​ដា​ល​​ខ្លាំ​ង​​​នៅ​​​លី​ប​ង់​
03, Sep 2015 , 12:47 pm        
រូបភាព
ដោយ:
 បាតុករ​លី​បង់​គ្រប់​និន្នាការ​នយោបាយ​បានទាមទារ​អោយ​រដ្ឋមន្ត្រី​បរិស្ថាន Mohammad Machnoukចុះ​ចេញពី​តំណែង ដោយសារតែ​គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​សម្រាម ដែល​គរ​ដូច​ភ្នំ នៅ​ទូទាំងប្រទេស។ បាតុករ​ជាង​មួយ​សែន​នាក់​បាន​តវ៉ា​តាំងពី​ខែកក្កដា​មកម្ល៉េះ។ថ្ងៃ​ពុធ​ម្សិលមិញ ប្រជាជន​កាន់តែ​ខឹង​ខ្លាំង និង​បន្ត​បាតុកម្ម ដោយសារតែ កាលពី​ថ្ងៃ​អង្គារ ប៉ូលិស​ប្រើ​កម្លាំង​បណ្តេញ​ក្រុមបាតុករ​ចេញពី​ក្រសួងបរិស្ថាន​នៅ​ក្រុង​បេ​រូត។

 
សម្រាម នៅ​លី​បង់ គរ​ដូច​ភ្នំ នៅតាម​ផ្លូវ​ជាច្រើន​ក្នុង​ក្រុង​បេ​រូត និង​តាម​ក្រុង​ជាច្រើន​ទូទាំងប្រទេស ធ្វើអោយ​ប្រជាជន​ស្រែកជេរ​រដ្ឋាភិបាល​ថា ស្អុយ​ដូច​សម្រាម​ដូច្នោះ​ដែរ។ កន្លែង​ចាក់សម្រាម​សំខាន់ បាន​បិទទ្វារ១ខែ​កន្លះ​មកហើយ។ នៅ​លី​បង់ មាន​ក្រុមហ៊ុន​ប្រមូល​សម្រាម​តែមួយគត់ តែ​កិច្ចសន្យា​ក្រុមហ៊ុន​និង​រដ្ឋ​បាន​ផុតកំណត់​ហើយ។ បាតុករ​មិន​ត្រឹមតែ​តវ៉ា​ពី​រឿង​សម្រាម​ទេ ពួកគេ​ក៏​តវ៉ា ប្រឆាំងនឹង​នយោបាយ​ពុករលួយ បក្សពួកនិយម ប្រឆាំង​រដ្ឋាភិបាល​ដែល​អសមត្ថភាព ក្រោយ​សង្គ្រាមស៊ីវិល២៥ឆ្នាំ​មកនេះ។ ប្រជាជន​ក៏​តវ៉ា​ប្រឆាំងនឹង​សេវាសាធារណៈ​ដែល​ធ្លាក់​ដុនដាប​ផងដែរ។
 
កាលពី​ថ្ងៃ​អង្គារ  នៅ​ក្រុង​បេ​រូត ក្រុមយុវជន​ជាង១០នាក់​បាននាំគ្នា​ចូលទៅ​កាន់កាប់​ក្រសួងបរិស្ថាន ជិត៨ម៉ោង ដើម្បី​ទាមទារ​អោយ​រដ្ឋមន្ត្រី​ចុះ​ពី​តំណែង។ តែ​ពួកគេ​ត្រូវបាន​កងកម្លាំង​បណ្តេញ​ចេញពី​ទីនោះ។ ហេតុការណ៍​នេះ​កាន់តែ​ធ្វើអោយ​ប្រជាជន​ខឹងសម្បារ ចុះ​បាតុកម្ម​តាម​ដងផ្លូវ​ថែមទៀត។ ពួកគេ​នៅ​មិនទាន់​ភ្លេច​ពី​ចលនា​តវ៉ា ថ្ងៃ២២សីហា​កន្លងទៅ​ទេ។ កាលពី​ថ្ងៃ២២សីហា ប៉ូលិស​បាន​លេង​ធ្ងន់​ដៃ​លើ​ក្រុមបាតុករ។ 
 
រដ្ឋមន្ត្រី បរិស្ថាន លោក​Mohammad Machnouk បានប្រកាស​ដាក់ទោស​ប៉ូលិស​ដៃដល់ អោយទទួល​ការពិន័យ។ ដោយឡែក លោក​Machnouk បាន​ព្រមាន​ប្រើ​កម្លាំង​ទប់ទល់​បាតុករ​ដែល​ហ៊ាន​បង្ក​ការខូចខាត​ដល់​ស្ថាប័ន រដ្ឋ។ 
 
លី​បង់​គ្មាន​ប្រធានាធិបតី​ទេ តាំងពី​ខែឧសភា ឆ្នាំ២០១។ នយោបាយ​នៅ​រាំងស្ទះ ដោយសារតែ​ក្នុង​រដ្ឋាភិបាល មាន​ពីរ​បក្សពួក៖ ក្រុមទី១ ជា​ក្រុម​របស់​អតីត​នាយករដ្ឋមន្ត្រី សា​អាដ ហារី​រី។ ក្រុម​នេះ​ទទួល​ការគាំទ្រ​ពី​អា​រ៉ា​ប៊ី សា​អូឌីត និង​អាមេរិក។ ក្រុមទី២ ជា​ក្រុម​របស់​អេ​ស្បូ​ឡា​និកាយ​ស្ហ៊ី​អ៊ី​ត មាន​អ៊ីរ៉ង់​គាំទ្រ។ ដោយសារ​ការតវ៉ា​សម្រាម​កាន់តែ​រាលដាល ការបោះឆ្នោត​ប្រធានាធិបតី​ដែល​ត្រូវធ្វើ​នៅ​ថ្ងៃ​ពុធ​ទី២កញ្ញា​ម្សិលមិញ ត្រូវបាន​លើក​ពេល​ទៅ​ថ្ងៃ៣០កញ្ញា​ចុងខែ​វិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com