ការប្រកួតជាមួយក្រុមជម្រើសជាតិជប៉ុន ដែលមានកីឡាករ Keisuke Honda, Shinji Kagawa, Yama Yoshida ឬ Yuto Nagatomo ជាដើមនោះ ប្រៀបដូចជាសុបិនមួយដែលក្លាយជាការពិតសម្រាប់ក្រុមកីឡាករកម្ពុជា។ ក្រុមទាំងពីរត្រូវប៉ះគ្នាក្នុងការប្រកួតជម្រុះជុំទីពីរនៃពូល E សម្រាប់ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ។ វាជាជំនួបលើកដំបូងក្នុងរយៈពេល៤៥ឆ្នាំចុងក្រោយ បើគិតចាប់តាំងពីកម្ពុជាចាញ់សាមួរៃខៀវជប៉ុន ១-០ ក្នុងការប្រកួតជម្រុះ Asian Games នៅប្រទេសថៃ កាលពីឆ្នាំ១៩៧០ ។
សម្រាប់ការប្រកួតនេះ ក្រុមកម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក Lee Tae Hoon ត្រូវតទល់ជាមួយកីឡាករឆ្នើមៗនៃក្រុមជម្រើសជាតិជប៉ុន ដែលជ្រើសចេញពីក្លិបកំពូលៗនៅតំបន់អឺរ៉ុប និងក្លិបនៅក្នុងក្របខណ្ឌកំពូល J1 League របស់ជប៉ុនផ្ទាល់។