កីឡាជាតិ
ជាតិ
កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម សោកស្ដាយ​មិនបាន​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដោយសារ​បញ្ហា​របួស
03, Sep 2015 , 3:30 pm        
រូបភាព
ដោយ: ថ្មីៗ
កីឡាករ​បាល់ទាត់​កម្ពុ​ជា លោក ប្រាក់ មុន្នី​ឧ​ត្ត​ម មានការ​សោកស្ដាយ​យ៉ាងខ្លាំង ដែល​មិនបាន​ចូលរួម​ជាមួយ​ក្រុមកីឡា​ករ​ជម្រើសជាតិ​កម្ពុជា ក្នុងការ​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជប៉ុន ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី០៣ កញ្ញា នេះ ដោយសារតែ​បញ្ហា​របួស។



ក្នុង​វីដេអូ​ឃ្លី​ប​ជាង១នាទី ក្នុង​បណ្ដាញ​ហ្វេ​ស​បុក​ផ្ទាល់ខ្លួន​នោះ កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​បញ្ជាក់ថា បើទោះជា​ខ្លួន​នៅមាន​បញ្ហា​របួស មិនបាន​ចូលរួម​ប្រកួត​ក៏ដោយ តែ​រូបគេ​នៅតែ​គាំទ្រ និង​ជឿជាក់ថា ក្រុម​ជម្រើស​កម្ពុជា នឹង​អាច​ទទួលបាន​ជ័យជំនះ​លើ​ក្រុម​ជម្រើសជាតិ​ជប៉ុន។

ក្រៅពី​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ក៏មាន​កីឡាករ​ហួយ ផល្លី​ន របស់​ក្លិប​ស្វាយរៀង និង សារី ម៉ាត់ ណូ​រ៉ូ​ទីន របស់​ភ្នំពេញ​ក្រោ​ន សុទ្ធតែ​មិនអាច​ធ្វើដំណើរ​ទៅ​ប្រទេស​ជប៉ុន​ជាមួយ​មិត្ត​រួម​ជាតិ​បាន​នោះទេ ព្រោះ​មាន​បញ្ហា​របួស។

មុន​ចេញទៅ​ជប៉ុន ក្រុម​កម្ពុជា បាន​ប្រកួត​មិត្តភាព​អន្តរជាតិ​ឈ្នះ​ក្រុម​ជម្រើសជាតិ​នៃ​ប្រទេស​ប៊ូ​តាន់ ដោយ​លទ្ធផល ២ ទល់ ០ មុន​ធ្វើដំណើរ​ទៅ​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​នៅ​ប្រទេស​ថៃ។ ដល់​ប្រទេស​ថៃ កម្ពុជា បាន​ប្រកួត​ស្មើគ្នា​ជាមួយ​ក្លិប Army United ក្នុង​លី​ក​កំពូល​របស់​ថៃ ១ ទល់ ១ តែ​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​ឡាវ ដោយ​លទ្ធផល ២ ទល់១ ។

ចំណែក​ការប្រកួត​ចុងក្រោយ ៣ លើក​របស់​ក្រុម​ជម្រើសជាតិ​ជប៉ុន បាន​ប្រកួត​ចាញ់ ក្រុម​កូរ៉េខាងជើង ២-១ ក្នុង​វគ្គ​ជុំ​ផ្ដាច់ព្រ័ត្រ​នៃ​ពានរង្វាន់​បាល់ទាត់​អាស៊ី​បូព៌ា 2015 EAFF East Asian Cup កាលពីដើម​ខែសីហា កន្លងទៅ ហើយ​ប្រកួត​លើក​ទី២ ស្មើគ្នា​ជាមួយ​ក្រុម​កូរ៉េខាងត្បូង ១-១ និង​ចុងក្រោយ​បន្ត​ស្មើ​ប្រទេស​ចិន ដោយ​លទ្ធផល ១-១ ទៀត៕

ទស្សនាវីដេអូខាងក្រោម


© រក្សាសិទ្ធិដោយ thmeythmey.com