អន្តរជាតិ
លោក ពូ​ទីន កាន់តែ​ស្និទ្ធ​លោក​ស៊ី ជិន​ពីង ខណៈ​លោកខាងលិច​ព្រងើយកន្តើយ​ដាក់​ចិន
03, Sep 2015 , 7:59 pm        
រូបភាព
ខួប​រំលឹក​ជ័យជម្នះ​សង្គ្រាមលោកលើកទី២ដែល​រៀបចំឡើង​ដោយ​ក្រុង​ប៉េកាំង ប្រព្រឹត្តទៅ​យ៉ាង​រលូន​និង​ស្ថិតក្នុង​បរិយាកាស​រីករាយ។ មិនមាន​វត្តមាន​មេដឹកនាំ​លោកខាងលិច​ក្នុង​ពិធី​របស់​ចិន​ច្រើន​ឡើយ តែ​ចិន​ក៏​មិន​អាក់អន់ស្រពន់ចិត្ត​អ្វី​ដែរ ដ្បិតថា​ចិន​ទើប​រៀបចំ​កម្មវិធី​ទ្រង់ទ្រាយ​ធំ​លើក​ទី១ ហើយ​ចិន​ដឹង​ស្រាប់​ហើយ​ថា​គ្មាន​លោកខាងលិច​ណា​អាច​ទ្រាំ​អង្គុយ​មើល​ការ​បង្អួត​កម្លាំងយោធា​ដ៏​សម្បី​ម​នេះ​ទេ។ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជា​ភ្ងៀ​វ​ពិសេស​ជាងគេ ហើយ​វត្តមាន​របស់លោក​ក្នុង​វេទិកា​គ្មាន​លោកខាងលិច​ជា​សញ្ញា​បង្ហាញថា ចិន​និង​រុស្ស៊ី​ក្លាយជា​ដៃគូ​ជិតស្និទ្ធ​ហើយ។



សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖




មិនមាន​វត្តមាន​មេដឹកនាំ​កម្រិត​ប្រមុខរដ្ឋ​មកពី​ប្រទេស​លោកខាងលិច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ខួប​លើក​ទី៧០នៃ​ជ័យជម្នះ​សង្គ្រាមលោកលើកទី២ នៅ​ចិន​ឡើយ។ គេ​ឃើញ​មានតែ​ប្រធានាធិបតី​ឆែក ម្នាក់​ប៉ុណ្ណោះ ក្រៅពីនោះ​អាមេរិក​តំណាង​ដោយ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​ប្រទេស​ចិន។ ប្រទេស​ឯទៀត​ដូច​បារាំង​ជាដើម​បញ្ជូន​ត្រឹម​រដ្ឋមន្ត្រីការបរទេស​មក​ចិន​ប៉ុណ្ណោះ។ អាឡឺម៉ង់ បញ្ជូន​អតីត​អធិការបតី​លោក Gerhard Schroeder រីឯ​អង់គ្លេស​មាន​អតីត​នាយករដ្ឋមន្ត្រី តូ​នី ប្ល៊ែ​រ និង​ជប៉ុន​មាន​អតីត​នាយករដ្ឋមន្ត្រី Tomiichi Murayama ផង។ លោក ស៊ី ជិន​ពីង បាន​ផ្ញើរ​លិខិតអញ្ជើញ​ជា​ផ្លូវការ​ទៅ​ផ្ទាល់ ប៉ុន្តែ​លោក ស៊ិន​ហ្សូ អា​បេ បាន​បដិសេធ​លិខិតអញ្ជើញ ដោយ​លោក​ទំនង​មាន​អារម្មណ៍​ថា​ការ​ប្រារព្ធ​ខួប​បញ្ចប់​សង្គ្រាមលោកលើកទី២នៅ​ចិន ជា​ចេតនា​រុក​គួ​ន​ជប៉ុន​ទៅវិញ។

ថ្វីបើ​កម្មវិធី​ប្រវត្តិសាស្ត្រ​ថ្ងៃនេះ ត្រូវបាន​មេដឹកនាំ​លោកខាងលិច​ព្រងើយកន្តើយ​មិន​ខ្វាយខ្វល់​ក៏ដោយចុះ របប​ដឹកនាំ​ក្រុង​ប៉េកាំង​ជាពិសេស​ប្រធានាធិបតី ស៊ី ជិន​ពីង មិនមាន​អាក់អន់ស្រពន់ចិត្ត​អ្វី​ឡើយ។ នេះ​ក៏​ព្រោះថា វា​អាចជា​ពេល​ដំបូង​បំផុត​ដែល​ចិន​ប្រារព្ធ​ពិធី​ដែលមាន​ទ្រង់ទ្រាយ​ធំ​មាន​អញ្ជើញ​ប្រមុខរដ្ឋ​បណ្តា​ប្រ​ទេ​សេ​ច្រើន​បែបនេះ​មក​ចូលរួម។គេ​ធ្លាប់​ឃើញ​ពិធី​រំលឹក​ជ័យជម្នះ​នេះ​រៀបចំឡើង​នៅតែ​អឺរ៉ុប​ដ្បិត​រដ្ឋ​អឺរ៉ុប​ដូចជា អង់គ្លេស បារាំង រុស្ស៊ី​ឯណោះ​ទេ​ដែល​ឈ្នះ​សង្គ្រាម។ និយាយ​ឲ្យ​អស់​ទៅ ចិន​កាលនោះ​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​បក្ស​គូ​មីង​តាំង របស់លោក ចៀង កៃ​សៀក នៅឡើយ ហើយ​ចិន​មិនទាន់​ត្រូវ​បក្ស​ក​ម្មុយ​នី​ស្ត​ចិន​គ្រប់គ្រង​នៅឡើយ​ទេ។ ៤ឆ្នាំ​ក្រោយមក​ទើប​មានការ​ប្រកាស​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោយ​លោក ម៉ៅ សេទុង​ដឹកនាំ​បដិវត្ត​បណ្តេញ​រដ្ឋាភិបាល ចៀង​កៃ​សៀក ទៅ​កោះ​តៃវ៉ាន់។  

 ត្រលប់​មកវិញ ចិន​ដឹង​ជាមុន​ហើយ​មេដឹកនាំ​ជប៉ុន និង​មេដឹកនាំ​លោកខាងលិច​ដូចជា​អាមេរិក អង់គ្លេស​ជាដើម​នោះ​មុន​មិន​មក​ចិន​បានឡើយ ដ្បិត​ពួកគេ​មិនអាច​អង្គុយ​មើល​ចិន​បង្អួត​សព្វាវុធ​ទំនើប​គ្រប់​ធុន​និង​កម្លាំង​ទ័ព​ច្រើន​ម៉ឺន​បែបនេះ​ទេ។ ក្នុង​ក្បួនព្យុហយាត្រា​យោធា​នេះ មាន​ទ័ព ៥០ផែន រួមជាមួយ ទាំង​រថក្រោះ រថពាសដែក អាវុធ​មី​ស៊ី​ល​បាលី​ស្ទិ​ក កាំជ្រួច​នុយក្លេអ៊ែរ​គ្រប់​ប្រភេទ​ជាង៥០០គ្រឿង និង​យន្តហោះ​ប្រដេញ​ប្រហែល២០០គ្រឿង​ផង។ អាវុធ​ដែល​ចិន​ប្រឹង​សំញែង​នេះ​មាន ៨០ភាគរយ​ជា​សព្វាវុធ​ដែល​ចិន​ផលិត​ដោយ​ខ្លួនឯង​ក្នុងស្រុក​ផង។   ចិន​មាន​កងទ័ព ចន្លោះ២ ទៅ ៣លាន​នាក់ ដែល​ចំនួន​នេះ​ច្រើនជាង​ចំនួន​ទ័ព​របស់​ក្រុង​វ៉ាស៊ីនតោន​ពីរដង​ឯណោះ។ ប៉ុន្តែ​បើ​ប្រៀបធៀប​រឿង​សព្វាវុធ​និង​បច្ចេកវិទ្យា​យោធា​វិញ​នោះ ចិន​នៅមានកម្រិត​នៅឡើយ ពោល​គឺមាន​តិចជាង​អាមេរិក ជាពិសេស​នាវាមុជទឹក យន្តហោះ​ចម្បាំង និង​នាវា​ពិឃាត​ផង។

ទោះ​គ្មាន​វត្តមាន​ក្រុម​មេដឹកនាំ​លោកខាងលិច​ក៏ដោយចុះ វត្តមាន​មេដឹកនាំ​មិត្ត​មួយចំនួន​របស់​ចិន ដូចជា​រុស្ស៊ី វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា អាហ្វ្រិក​ខាងត្បូង កូរ៉េខាងត្បូង រួមជាមួយ​មេដឹកនាំ​នៃ​ប្រទេស​នៅ​អាហ្វ្រិក អាស៊ីអាគ្នេយ៍ អាស៊ី​ខាងត្បូង និង​អាស៊ី​កណ្តាល​ដែលមាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ចិន​បច្ចុប្បន្ននេះ​វា​គ្រប់គ្រាន់​ទៅហើយ។ ភ្ញៀវ​ពិសេស​របស់​របប​ដឹកនាំ​ចិន​ក្នុង​ខួប​ជ័យជម្នះ​នេះ​គឺ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដែលជា​សត្រូវ​លោកខាងលិច និង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ដែលជា​មេដឹកនាំ​រដ្ឋ​សម្ព័ន្ធមិត្ត​អាមេរិក។  លោកស្រី ប៉ាក ហ្គឺ​ន​ហេ សុខចិត្ត​បោះបង់​ដំណើរ​ទៅ​រុស្ស៊ី​កាលពី​ខែឧសភា និង​មិន​ស្តាប់​ពាក់​ផ្លែផ្កា​ញុះញង់​របស់​សម្ព័ន្ធមិត្ត​អាមេរិក ដោយ​ជម្នះ​មក​ចូលរួម​ក្នុង​កម្មវិធី​នៅ​ចិន។  

 រីឯ វត្តមាន​លោក ពូ​ទីន នៅ​ក្រុង​ប៉េកាំង បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ការវិវត្តន៍​នៃ​ចំណងមិត្តភាព​រវាង​មហា​យក្ស​ទាំងពីរ​រុស្ស៊ី​និង​ចិន។ កាលពី​ខែឧសភា​លោក ពូ​ទីន បាន​អញ្ជើញ​សម​ភាគី​ចិន​លោក ស៊ី ជិន​ពីង ទៅ​រុស្ស៊ី​ដើម្បី​ចូល​រូ​ម​ជា​អធិបតី​ក្នុងការ​រំលឹក​ខួប​ជ័យជម្នះ​សង្គ្រាមលោកលើកទី២ផងដែរ។ រឿង​ស្រដៀង​គ្នា​នៅ​ឆ្នាំនេះ​គឺ​មេដឹកនាំ​លោកខាងលិច​មិន​ហ៊ាន​ទៅ​ចូលរួម​នៅ​រុស្ស៊ី​ឡើយ ទោះ​ពួកគេ​ធ្លាប់​ចូលរួម​ស្ទើ​រាល់​ឆ្នាំ​ក៏ពិតមែន។ នេះ​ក៏​ព្រោះតែ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន។ 

វត្តមាន​របស់លោក ពូ​ទីន នៅ​ចិន​ខណៈពេលដែល​លោកខាងលិច​គ្មាន​វត្តមាន ជា​ឱកាសល្អ​បំផុត​ដែល​របប​ដឹកនាំ​ទាំងពីរ​ចាំបាច់​ត្រូវ​ពង្រឹង​ចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​គ្រប់​វិស័យ និង​បន្ត​រួមដៃគ្នា​កៀងគ​ប្រមែរ​ប្រមូល​ការគាំទ្រ​ប្រទេស​ដែលមាន​ទិន្នាការ​ប្រឆាំង​របប​ដឹកនាំ​លោកខាងលិច​នៅពេល​ខាងមុខ។ ដូច​ឃើញស្រាប់ មេដឹកនាំ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា រដ្ឋ​អាហ្វ្រិក រដ្ឋ​នៅ​អាស៊ី​កណ្តាល ដែល​មក​ចិន សុទ្ធតែ​មើលឃើញ​លោកខាងលិច​ក្នុង​ផ្លូវ​អវិជ្ជមាន ហើយ​រដ្ឋ​អាស៊ីអាគ្នេយ៍​ដូច​កម្ពុជា ភូមា ឡាវ ជាដើម​នោះ​សុទ្ធតែ​ពឹងផ្អែក​សំខាន់​លើ​ចិន និង​ស្ថិតក្រោម​ដែន​ឥទ្ធិពល​របស់​ចិន​ផង។   

តាមពិតទៅ ទំនាក់ទំនង​រុស្ស៊ី និង​ចិន​កាន់​ស្អិតល្មួត​ព្រោះ​បញ្ហា​មួយចំនួន​ដែល​គ្រប់គ្នា​អាច​មើលឃើញ។  ទណ្ឌកម្ម​លោកខាងលិច​ប្រឆាំង​រុស្ស៊ី​រុញ​ឲ្យ​លោក ពូ​ទីន ងាក​ទៅរក​របប​ដឹកនាំ​ចិន​ដែលមាន​និន្នាការ​ប្រឆាំង​លោកខាងលិច​ស្រដៀង​គ្នា។ ហើយ​គោលនយោបាយ​លោកខាងលិច​ដែល​ចង់​រាំងខ្ទប់​ឥទ្ធិពល​ចិន​ឯណោះ​វិញ​ក៏​ជំរុញ​ឲ្យ​ចិន​ត្រូវ​រត់​រុស្ស៊ី​វិញ​ដូចគ្នា​ដែរ។ រុស្ស៊ី​និង​ចិន​អាច​ព្យាយាម​សាង​ទំនុកចិត្ត​រវាង​គ្នា​បាន​រហ័ស ព្រោះ​ពួកគេ​សុទ្ធតែជា​សមាជិក​អង្គការ​តំបន់​ដូចជា​អង្គការ​សហប្រតិបត្តិ​សៀង​ហៃ ជា​សមាជិក​ក្រុម BRICS សមាជិក​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី និង​គម្រោង​ដទៃ​ផ្សង​ទៀត​ជាច្រើន។    យ៉ាងណាមិញ បើ​និយាយ​ដល់​ការបង្កើត​សម្ព័ន្ធមិត្ត​រវាង​រដ្ឋ​ទាំងពីរ វា​ជា​រឿង​មួយ​ផ្សេងទៀត ហើយ​វា​អាច​ថា​ភាគី​ត្រូវ​ចំណាយពេល​យូរ​ទៅមុខទៀត។ 

ប៉ុន្តែ លោកខាងលិច​ទុក​ឲ្យ​មាន​វេទិកា​គ្មាន​លោកខាងលិច​កើតឡើង​នៅ​ចិន និង​ការ​បណ្តែតបណ្តោយ​ឲ្យ​មហា​យក្ស​ទាំងពីរ​នេះ​ត្រូវរ៉ូវ​គ្នា វា​ជា​ក្លាយជា​ក្តីបារម្ភ​ធំ​មួយ។ កាលណា សម្ព័ន្ធភាព​រវាង​រដ្ឋ​ទាំងពីរ​កាន់តែ​រឹងមាំ ការគំរាមកំហែង​ដល់​អំណាច​និង​ឥទ្ធិពល​លោ​ខាងលិច​ដែល​កំពុង​ដឹកនាំ​ពិភពលោក​បច្ចុប្បន្ន​ក៏​កើនឡើង​ដូចគ្នា​ដែរ៕ 


Tag:
 ពូ​ទីន
  ​ស៊ី ជិន​ពីង
© រក្សាសិទ្ធិដោយ thmeythmey.com