ជាតិ
បទវិភាគ
ការងារ​សុច្ចរិត​គឺជា​មាគ៌ា​ដ៏​ត្រឹមត្រូវ តែ​ពលរដ្ឋ​ខ្មែរ​មិនបាន​ឲ្យ​តម្លៃ​ទៅវិញ
03, Sep 2015 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ សម្មាអាជីវៈ គឺ​ទ្រឹស្តី​មួយ​ក្នុងចំណោម​ទ្រឹស្តី​មគ្គ​ទាំង​ប្រាំបី​របស់​ព្រះពុទ្ធសាសនា ដែល​បង្រៀន​មនុស្ស​ឲ្យ​ប្រព្រឹត្ត​ដើម្បី​ទទួលបាន​នូវ​សេចក្តីសុខ។ ស​មា្ម​អាជីវៈ ពោលគឺ​ការងារ​ត្រឹមត្រូវ ដែល​មនុស្ស​គ្រប់គ្នា ត្រូវប្រកាន់យក ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង គ្រួសារ និង​ប្រទេសជាតិ។ ប៉ុន្តែ​ការងារ​ត្រឹមត្រូវ ការងារ​ស្មោះត្រង់ និង​ការងារ​ដែលមាន​ការទទួល​ខុសត្រូវ គឺ​ត្រូវបាន​ជនជាតិខ្មែរ​មួយចំនួនធំ មើលរំលង​ទៅ វិញ។



តទៅ​នេះ​សូម​ស្តាប់​បទ​វិភាគ​របស់លោក រ៉ឹ​ម ភា​រី៖



ការងារ​ត្រឹមត្រូវ នាំ​ឲ្យ​បុគ្គល​ប្រកបការងារ​មាន​សេចក្តីសុខ ព្រោះ​ការងារ​សុចរិត មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកដទៃ មិនបាន​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សង្គម ដោយសារតែ​ការងារ​របស់ខ្លួន​នោះទេ។ ផ្ទុយទៅវិញ ការងារ​ត្រឹមត្រូវ បាន​ចូលរួមចំណែក​ជួយ​ទាំង​ខ្លួនឯង អ្នកដទៃ និង​សង្គមជាតិ​យ៉ាងច្រើន​ទៀតផង។ អ្នកធ្វើការងារ​ទាំងនោះ រួមមាន៖ កសិករ ពលករ គ្រូបង្រៀន មន្ត្រីរាជការ កងទ័ព នគរបាល និង​អាជីវករ​មួយចំនួន។ បើសិនជា​ការងារ​ទាំង​នោះ មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​ដទៃ គេ​អាច​សន្និដ្ឋានបានថា ការងារ​ទាំងនេះ គឺជា​ការងារ​ត្រឹមត្រូវ សុចរិត ព្រមទាំង​ជួយ​ដល់​អ្នកប្រព្រឹត្ត​ការងារ​នោះ ឲ្យ​មាន​មាន​កិត្តិយស​ថ្លៃថ្នូរ និង​ទទួលបាន​ការកោតសរសើ​រ ពី​មនុស្ស​ទូទៅ​នៅក្នុង​សង្គម។

ប៉ុន្តែ​ជា​អកុសល ការងារ​សុចរិត គឺ​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​មួយចំនួនធំ មិនបាន​ឲ្យ​តម្លៃ និង​មិន​យក​ជា​គំរូ​សម្រាប់​ប្រក​បរបរ​ចិញ្ចឹមជីវិត​នោះទេ។ តែ​ជនជាតិខ្មែរ​មួយចំនួន បែរជា​ចូលចិត្ត​ធ្វើ​ការងារ​ទុច្ចរិត         ទៅវិញ។ ដូចជា អ្នកជួញដូរ​មនុស្ស អ្នកជួញដូរ​ផ្លូវភេទ អ្នកជួញដូរ​គ្រឿងញៀន អ្នកជួញដូរ​កម្លាំង ពលកម្ម អ្នកទទួលផល​ចោរកម្ម អ្នក​កាប់​ឈើ និង​អ្នកលក់​សត្វព្រៃ​ជាដើម ពីព្រោះ​មុខរបរ​នេះ​ទទួលបាន​ប្រាក់​ធ្វើ​មាន​ធ្វើបាន។ នៅក្នុង​សង្គម​ស៊ី​វិ​ល័យ​មាន​សីលធម៌​ខ្ពស់ អ្នកមាន​ទ្រព្យ​ដោយ​ទុច្ចរិត មិនត្រូវ​បាន​គេ​កោតសរសើរ​ឡើយ ពីព្រោះ​អាជីព​ទាំងនេះ​បង្ក​ឲ្យ​មនុស្ស​នៅក្នុង​សង្គម​រស់នៅ​ដោយ​គ្មាន​សេចក្តីសុខ និង​ជា​ហ្វ្រាំង​ពន្យឺត​នូវ​ការរីកចម្រើន​របស់​ប្រទេសជាតិ។ 

មាន​មូលហេតុ​ជាច្រើន​ដែល​អាច​រំលេច​ឲ្យ​ឃើញ ថា​តើ​ហេតុអ្វី​បានជា​មនុស្ស​ខ្មែរ មើលរំលង​ការងារ​សុចរិត?

មូលហេតុ​ទីមួយ៖ អ្នកមាន​ការងារ​សុចរិត ស្មោះត្រង់ និង​បំពេញការងារ​ដោយ​ការទទួលខុសត្រូវ គឺ អ្នក​ទាំងនោះ តែងតែមាន​ជីវភាព​ក្រីក្រ ឬ​គ្មាន​ទ្រព្យសម្បត្តិ​ស្តុក​ស្ភ​ម្ភ ដែល​មិនអាច​រស់នៅ​បាន​ថ្លៃថ្នូរ​នៅក្នុង​សង្គម​ដែល​ឲ្យ​តម្លៃ​លើ​មាសប្រាក់ ឋានៈ បុណ្យ​សក្តិ និង​ភាព​ស៊ី​វិ​ល័យ។

មូលហេតុ​ទី២៖ មុខរបរ​ខុសច្បាប់ ឬ​ការងារ​ទុច្ចរិត  បានធ្វើ​ឲ្យ​ជីវភាព​អ្នក​ទាំងនោះ មានទ្រព្យ​សម្បត្តិ​មហាសាល មានការ​កោតសរសើរ​ពី​មិត្តភក្តិ  បងប្អូន និង​អ្នក​នៅ​ជុំវិញខ្លួន។ តួយ៉ាង ការងារ​ជា​មន្ត្រីរាជការ  មាន​ប្រាក់ខែ​ដូចគ្នា តែមាន​មន្ត្រីរាជការ​មួយចំនួន​បែរជា មាន​រថយន្ត​ទំនើប មានផ្ទះ​នៅ​ធំ​ស្កឹមស្កៃ ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​ស្ងប់​ស្ងែ​ង​កោតសរសើរ។ តែ​ងាក ទៅ​មើល​មន្ត្រីរាជការ​ម្ខាង​ទៀត បែរ​ជាមាន​ជីវភាព​ក្រី​ក្រី រកតែ​ម៉ូតូ​ល្អ​ជិះ​សឹង​ពុំបាន។ ព្រមទាំង​គ្មាន​ការ​ឲ្យ​តម្លៃ​ពី​មនុស្ស​នៅក្នុង​សង្គម​ទៀតផង។ ផ្ទុយទៅវិញ បែរជា​ទទួល​ពាក្យ​គ្រោតគ្រាត​ពី​មនុស្ស​មួយចំនួន​ថា ក្រីក្រ​មកពី​មិនមាន​ភាព​វៃឆ្លាត មិនចេះ​រកស៊ី​ក្រៅ​ជាដើម។

មាន​បុព្វហេតុ​ពីរ​សំខាន់ ដែល​អ្នកមាន​ការងារ​ដូចគ្នា តែមាន​ជីវភាព​ខុសគ្នា​ខ្លាំង។ បុព្វហេតុ​ទី១ គឺ​ដោយសារតែ​មន្ត្រីរាជការ​ទាំងនោះ រកប្រាក់​បាន​ក្រោម​តុ តាមរយៈ​ការប្រព្រឹត្ត​អំពើពុករលួយ។  បុព្វហេតុ ទី២ គឺ​ដោយសារ​មន្ត្រី​ទាំងនោះ មិន​បំពេញការងារ​ជាម​ន្ត្រី តែមាន​ឈ្មោះ​បើក​ប្រាក់ខែ ហើយ​យក​ពេលវេលា​ធ្វើការ​រដ្ឋ ទៅ​ធ្វើការ​ខាងក្រៅ ដែលជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទៅវិញ។

ដូច្នេះ ដើម្បី​លុបបំបាត់​មុខរបរ​ខុសច្បាប់​ទាំងនេះ ពលរដ្ឋ​ខ្មែរ​ល្មម​ឈប់​ផ្តល់​តម្លៃ​ដល់​មនុស្ស​មួយចំនួន ដែលមាន​ទ្រព្យសម្បត្តិ ដោយសារតែ​ការប្រព្រឹត្ត​អំពើ​ខុសច្បាប់។ ការមិន​លើកសរសើរ និង​មិន​ឲ្យ​តម្លៃ លើ​មុខរបរ​ខុសច្បាប់ វា​នឹងធ្វើ​ឲ្យ​មនុស្ស​នៅក្នុង​សង្គម លែង​ចង់​ប្រព្រឹត្ត​មុខរបរ​មិន​ត្រឹមត្រូវ​ទាំងនោះ បាន​មួយចំណែក​ដែរ។ មនុស្ស​លែង​ចង់​ប្រព្រឹត្ត ព្រោះថា​ពួកគេ​មាន​ភាព​ខ្មាសអៀន​ដោយ​ខ្លួនឯង និង​លែងមាន​អ្នក​រាប់អាន លែងមាន​អ្នក​ឲ្យ​តម្លៃ លែងមាន​ទំនាក់ទំនង ប្រសិនបើ​នៅតែ​ប្រព្រឹត្ត​មុខរបរ​ខុសច្បាប់​តទៅទៀត។       តែ​ការមិនគាំទ្រ មិន​ផ្តល់​តម្លៃ និង​មិន​កោតសរសើរ​ដល់​អ្នក​ធ្វើ​មុខរបរ​ខុសច្បាប់ នៅ​មិនទាន់​គ្រប់គ្រាន់​នោះទេ។ មន្ត្រីនគរបាល កងរាជអាវុធហត្ថ ដែលជា​អ្នកអនុវត្ត​ច្បាប់ ត្រូវ​បោសសំអាត​មុខរបរ​ខុសច្បាប់​ឲ្យ​អស់ពី​សង្គម​ខ្មែរ ព្រោះ​បើ​កម្ពុជា​នៅតែ​ពោរពេញ​ទៅដោយ​ការងារ​ខុសច្បាប់ នៅតែ​អាច​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​សេរីភាព​បែបនេះ នោះ​សង្គម​កម្ពុជា​ច្បាស់​ជា​មិនអាច​អភិវឌ្ឍន៍ ឲ្យ​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​បាន​នោះទេ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ វត្តមាន​នៃ​មុខរបរ​ខុសច្បាប់​នៅមាន​កាន់តែច្រើន​បែបនេះ អាច​នឹង​ទាញ​ទម្លាក់​កម្ពុជា​ឲ្យ​មានការ​អភិវឌ្ឍន៍​យឺតយ៉ាវ​និង​មិនអាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ដទៃទៀត នៅក្នុង​ថ្នាក់​តំបន់ និង​ក្នុង​ពិភពលោក។


© រក្សាសិទ្ធិដោយ thmeythmey.com