ជាតិ
សង្គម​ស៊ីវិល​ស្នើ​ឲ្យ​កម្ពុជា​ចូល​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្ដីពី​គ្រាប់បែក​ចង្កោម
03, Sep 2015 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ កម្ពុជា​មិនទាន់បាន​ក្លាយជា​រដ្ឋ​ភាគី នៃ​អនុសញ្ញា​បំបាត់​គ្រាប់បែក​ចង្កោម​នៅឡើយ ស្របពេល ប្រទេស​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​លុបបំបាត់​គ្រាប់បែក​ចង្កោម​ជាច្រើន ដែល​ភាគច្រើន​ជា​ម្ចាស់ជំនួយ ផង​នោះ ចង់ឃើញ​កម្ពុជា​ក្លាយជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​នេះ។



បើតាម​លិខិត​មួយ​ដែល​បាន​ផ្ញើជូន​ស្ថាប័ន​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៥ តំណាង​អង្គការ​យុទ្ធនាការ​លុបបំបាត់​គ្រាប់មីន និង​គ្រាប់បែក​ចង្កោម​កម្ពុជា និង​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន បានស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​រដ្ឋសភា រដ្ឋាភិបាល​ចូលរួម​ជាមួយ​រដ្ឋ ភាគី ដទៃទៀត នៃ​អនុសញ្ញា​ស្តីអំពី​គ្រាប់បែក​ចង្កោម  ដើម្បី​ប្រឆាំង​ការប្រើប្រាស់ និង​បោសសម្អាត​ដី មាន​គ្រាប់មីន និង​គ្រាប់បែក ចង្កោម​នៅ​កម្ពុជា។ 

គួរ​បញ្ជាក់ថា សំណើ​នេះ ធ្វើឡើង​ស្របពេល​រដ្ឋាភិបាល​ទូទាំង​ពិភពលោក ត្រៀម​រៀបចំ​កិច្ចប្រជុំ ប្រឆាំង​ការប្រើប្រាស់​គ្រាប់បែក​ចង្កោម ចាប់ពី​ថ្ងៃទី ០៧ ដល់​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ នៅ​ទីក្រុង ឌុប​ប្រូ​វឺ​និក ប្រទេស​ក្រូ​អាត។  ជំនួប​នេះ មានបំណង​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​ពួកគេ ក្នុងការ​ប្រឆាំង ឬ​លប់បំបាត់​គ្រាប់បែក​ចង្កោម និង​វាយតម្លៃ​អំពី​ការ​បោសសម្អាត​ដី​មាន​គ្រាប់មីន និង​គ្រាប់បែក​ចង្កោម នឹង​ការ​ផ្ដល់ជំនួយ​ដល់​ជនរងគ្រោះ។

គ្រាប់បែក​ចង្កោម​ជា​អាវុធ​តូច​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​បំផុត។ កុមារតូចៗអាច​ប៉ះពាល់​ឬ​លេង​ជាមួយ​វា​ហើយ​អាច​ផ្ទុះ បណ្ដាល​ឲ្យ​ពួកគេ​ស្លាប់ ពិការ​ដៃ ជើង​នឹង ភ្នែក​ជាដើម។ ចំពោះ​ប្រទេស​កម្ពុជា ដើម្បី​ក្លាយជា​រដ្ឋ​ភាគី​បាន លុះ​ណា រដ្ឋាភិបាល​កម្ពុជា​យល់​ព្រម​ចូលរួម ជាមួយ​អនុសញ្ញា​ស្ដីពី​គ្រាប់បែក​ចង្កោម​ដែល​និង​ចាប់ផ្ដើម នៅ​ថ្ងែ​ទី ០៧ដល់ទី១១ ខែកញ្ញា នាទី​ក្រុង ឌុប​ប្រូ​វឺ​និក ប្រទេស​ក្រូ​អាត៕

អត្ថបទ​ដោយ៖ ឌូ សំណាង



Tag:
 សង្គម​ស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com